ហេតុអ្វីត្រូវមានដំណើរកម្សាន្តក្រេបចន្ទទឺកឃ្មុំ បន្ទាប់ពីរៀបការរួច?

ជាទូទៅបន្ទាប់ពីរៀបការរួច គូស្វាមីភរិយាថ្មីតែងតែមាននូវដំណើរកម្សាន្តបែបក្រេបចន្ទទឹកឃ្មុំ។ ការរៀបចំឱ្យមានដំណើរក្រេបចន្ទទឹកឃ្មុំនេះឡើងគឺត្រូវបានគេនិយមធ្វើឡើងតៗគ្នា ដោយភាគច្រើននៃគូស្វាមីភរិយាថ្មោងថ្មី មិនបានយល់ច្បាស់អំពីអត្ថន័យ និងខ្លឹមសារដ៏ពិតប្រាកដនៃការដើរកម្សាន្តក្រេបចន្ទទឹកឃ្មុំនេះទេ គឺពេលគេឃើញអ្នកដទៃធ្វើដូច្នេះ ពួកគេក៏ធ្វើដូច្នេះដែរ ដោយពួកគេគិតត្រឹមថា ការធ្វើដំណើរបន្ទាប់
ពីរៀបការរួចនេះធ្វើឱ្យពួកគេរីករាយ និងមានពេលសម្រាកជាមួយនឹងស្វាមីភរិយាថ្មោងថ្មីរបស់ពួកគេបានល្អ។

ប៉ុន្តែជាក់ស្តែង ដំណើរនៃការក្រេបចន្ទទឹកឃ្មុំនេះមានប្រវត្តិ និងអត្ថន័យដ៏ជ្រាលជ្រៅរបស់វា តាំងពីយូរលង់ណាស់មកហើយ ដែលជាហេតុធ្វើឱ្យមនុស្សជាច្រើននៅលើសកលលោក​ ចាប់ផ្តើមនិយមជាមួយនឹងដំណើរក្រេបចន្ទទឹកឃ្មុំនេះ បន្ទាប់ពីពួកគេរៀបការហើយថ្មីៗ។ ប្រវត្តិនៃដំណើរក្រេបចន្ទទឹកឃ្មុំ ឬពាក្យថា Honeymoon នេះមានប្រវត្តិមកពីបស្ចិមប្រទេស ដែលផ្តើមពីគូសង្សារមួយគូ ដែលមានចិត្តប្រតិព័ទ្ធគ្នាជាខ្លាំង តែមានការរារាំងពីឪពុកម្តាយខាងស្រី បង្ខំឱ្យពួគគេទាំងពីរត្រូវពង្រត់គ្នាទៅឆ្ងាយពីផ្ទះមួយរយៈ លុះឪពុកម្តាយខាងស្រីលែងដេញដោលហើយ ទើបពួកគេទាំងពីរត្រលប់មកផ្ទះវិញ ដើម្បីសុំទោសឪពុកម្តាយទាំងសងខាង ហើយក៏រៀបចំពិធីរៀបអាពាហ៍ពិពាហ៍ជាមួយគ្នាពេញច្បាប់។

ដោយសារតែរឿងនៃការពង្រត់គ្នារបស់អ្នកទាំងពីរនេះ ប្រជាជនដែលរស់នៅក្នុងភូមិនោះ បានឱ្យនិយមន័យនៃពាក្យ ”ដំណើរក្រេបចន្ទទឹកឃ្មុំ ឬពាក្យថា Honeymoon នេះថា ការលបពួន ឬការទៅឱ្យឆ្ងាយដាច់ពីគេឯង”។ តែបើមើលតាមអត្ថន័យនៃពាក្យ ដ៉ំណើរក្រេបចន្ទទឹកឃ្មុំ ឬពាក្យថា Honeymoon “វិញប្រែថា ទ៉ឹកឃ្មុំ” ពាក្យនេះមានការពាក់ព័ន្ធជាមួយនឹងទំនៀមទំលាប់រៀបអាពាហ៍ពិពាហ៍ដ៏ចាស់បុរាណរបស់ប្រជាជននៅប្រទេស អឺរ៉ុបខាងជើង ដែលនៅក្នុងទំនៀមទម្លាប់រៀបអាពាហ៍ពិពាហ៍របស់ពួកគេ កូនកំលោះ និងកូនក្រមុំត្រូវផឹកស្រាទឹកឃ្មុំមួយថ្ងៃមួយកែវ​ នៅក្នុងអំឡុងពេលមួយខែដំបូង បន្ទាប់ពីពួកគេរៀបការរួច។ នេះគឺជាប្រវត្តិនៃពាក្យថា ដ៉ំណើរក្រេបចន្ទទឹកឃ្មុំ ឬពាក្យថា Honeymoon ដែលពាក្យនេះមានប្រភពដើមមកពីបស្ចិមប្រទេស ហើយក្រោយៗមកគូស្វាមីភរិយាថ្មោងថ្មីតែងនិយមធ្វើដំណើរក្រេបចន្ទទឹកឃ្មុំ ឬទៅ Honeymoonបន្ទាប់ពីពួកគេ បានបញ្ចប់ពិធីរៀបអាពាហ៍ពិពាហ៍ និងពិធីជប់លៀងនៃអាពាហ៍ពិពាហ៍របស់ពួកគេរួចរាល់ហើយមួយថ្ងៃ ឬពីរថ្ងៃ។

អត្ថន័យនៃពាក្យថា ”ដំណើរ ក្រេបចន្ទទឹកឃ្មុំ ឬពាក្យថា Honeymoon មានន័យថា ជាការសម្រាកក្រោយពីការនឿយហត់ជាច្រើនថ្ងៃ ក្នុងការរៀបចំពិធីរៀបអាពាហ៍ពិពាហ៍ និងជាពេលវេលាដ៏ល្អសម្រាប់គូស្វាមីភរិយាថ្មោងថ្មីស្វែងយល់ពីចិត្តគំនិតគ្នាទៅវិញទៅមក ឱ្យកាន់តែច្បាស់ឡើង ព្រមទាំងជាឱកាសក្នុងការកសាងនូវទំនាក់ទំនងស្នេហាដ៏ផ្អែមល្ហែម និងយូរអង្វែង ក្រោមការយល់ចិត្តគ្នា និងដើម្បីទុកជាអនុស្សាវរីយ៍នៃសេចក្តីស្នេហាដ៏ល្អូកល្អិននៅក្នុងដំណើរក្រេបចន្ទទឹកឃ្មុំនេះ។

អត្ថន័យរបស់ពាក្យ ”ដំណើរក្រេបចន្ទទឹកឃ្មុំ ឬពាក្យថា Honeymoon”នេះពិតជាមានអត្ថន័យបញ្ជាក់ពីសេចក្តីស្នេហា និងការកសាងស្ពាននៃចំណងមេត្រីភាពរវាងគូស្វាមីភរិយាថ្មោងថ្មីជាខ្លាំង ដែលជាមូលហេតុធ្វើឱ្យការនិយមនៃការធ្វើដំណើរក្រេបចន្ទទឹកឃ្មុំ ឬទៅ Honeymoon នេះបានរីកសុះសាយទូទាំងប្រទេសនៅលើពិភពលោក។

ក្រោយមកការនិយមនេះក៏បានចម្លងមកដល់ប្រទេសនៅក្នុងទ្វីបអាស៊ីទាំងមូល រួមទាំងប្រទេសកម្ពុជាយើងផងដែរ ដោយសារតែមើលឃើញពីគុណប្រយោជន៍ និងអត្ថន័យដ៏ជ្រាលជ្រៅនៃដំណើរក្រេបចន្ទទឹកឃ្មុំ ឬពាក្យថា Honeymoon នេះទើបប្រជាជនខ្មែរយើងចាប់ផ្តើមនិយមជាមួយនឹងការសម្រាកកាយ និងការដើរកម្សាន្តក្រោយពីពិធីរៀបអាពាហ៍ពិពាហ៍របស់ពួកគេត្រូវបានបញ្ចប់ទៅក្រោមភាពសប្បាយរីករាយ និងពោរពេញដោយសុភមង្គលក្រៃលែង។

ដូច្នេះគូស្វាមីភរិយាដែលទើបតែរៀបការហើយថ្មោងថ្មី តែងតែនិយមធ្វើដំណើរក្រេបចន្ទទឹកឃ្មុំ ឬទៅ Honeymoon ដើម្បីកសាងនូវចំណងស្នេហារបស់ពួកគេឱ្យកាន់តែប្រសើរឡើង និងដើម្បីសន្សំនូវអនុស្សាវរីយ៍នៃជីវិតអាពាហ៍ពិពាហ៍របស់ពួកគេឱ្យកាន់តែល្អ ព្រមទាំងផ្តល់នូវការចងចាំដ៏ល្អចំពោះគ្នាទៅវិញទៅមកថែមទៀតផង៕

Advertisement