វិធីថែរក្សាស្បែកសម្រាប់អនាគតកូនក្រមុំ

កូនក្រមុំគឺជាមនុស្សដ៏សំខាន់បំផុតនៅក្នុងពិធីមង្គលការ ដូច្នេះពិតជាគេចមិនផុតទេដែលថា គ្រប់ក្រសែភ្នែក​នៃ​ភ្ញៀវ​ដែល​​មកចូលរួមទាំងអស់នឹងបាញ់តម្រង់សម្តៅមករកកូនក្រមុំ ហេតុដូច្នេះគ្រប់យ៉ាងនៅក្នុងថ្ងៃពិសេសនេះគឺត្រូវតែពេញ​ដោយទំនុកចិត្ត។ មិនថាជាស្បែក មុខ ដៃ ជើង ឬដងខ្លួននោះទេ គឺសុទ្ធតែមានភាពសំខាន់ទាំងអស់សម្រាប់កូនក្រមុំគ្រប់រូប ព្រោះ​វាជាផ្នែកមួយដែលធ្វើឱ្យអ្នកកាន់តែមានទំនុកចិត្តចំពោះខ្លួនឯងខ្លាំងឡើង។ ​ដូច្នេះតើអ្នកគួរធ្វើដូចម្តេច ដើម្បី​ទទួលបាន​នូវ​ភាព​ជឿជាក់នេះ? ដូច្នេះដើម្បីឱ្យក្លាយជាកូនក្រមុំដ៏ស្រស់ស្អាតម្នាក់ ដែលមានស្បែករលោងភ្លឺថ្លាស្រស់ស្អាតជានិច្ចនោះ សូម​ចាប់​ផ្តើម​ថែរក្សាស្បែករបស់អ្នកតាំងពីពេលនេះតទៅ ហើយរឿងដែលអ្នកគួរធ្វើដើម្បីទទួលបាននូវ​ភាពស្រស់ស្អាត​នោះគឺ​មាន​រៀបរាប់ដូចខាងក្រោមនេះ៖

វាជារឿងល្អបំផុតប្រសិនបើអ្នកអាចធ្វើឱ្យមនុស្សគ្រប់គ្នាបានឃើញថា ភាពស្រស់ស្អាតដែលអ្នកកំពុងតែមាននេះ​គឺជា​ភាពស្រស់ស្អាតបែបធម្មជាតិ។ ដូច្នេះបើអ្នកនៅមានពេលវេលាច្រើនដែរទំរាំថ្ងៃពិធីមកដល់នោះ អ្នកគួរតែឧស្សាហ៍​ខាត់ស្បែក​កម្ចាត់កោសិកាចាស់ៗតាមក្បួនធម្មជាតិដូចជា ការខាត់ស្បែកដោយអម្ពិលទុំ ក្រូចពោធិ៍សាត់ ឬទឹកដោះគោឆៅជាដើម ហើយក៏​ត្រូវឧស្សាថែទាំស្បែកមុខដោយការបិទម៉ាសធម្មជាតិលើផ្ទៃមុខផងដែរ។ វិធីមួយចំនួនទៀតដូចជា ម៉ាស្សាប្រេង ស្ទីម និង​ចំហុយ​ស្បែកជាដើម សុទ្ធតែជារឿងដែលអនាគតកូនក្រមុំគួរ​ធ្វើដើម្បីឱ្យស្បែកស្រស់ស្អាតភ្លឺថ្លា។ ការធ្វើចិត្តឱ្យសប្បាយ សម្រាក​ឱ្យបានគ្រប់គ្រាន់ ទទួលទានអាហារមានប្រយោជន៍ចំពោះស្បែក ​ផ្តល់សំណើមដល់ស្បែក ការពារស្បែកពីកម្តៅថ្ងៃលាប​ឡេថែរក្សាស្បែក និងពាក់ខោអាវជិតៗពេលចេញទៅខាងក្រៅ គឺសុទ្ធសឹងជាផ្នែកមួយដែល​ជួយឱ្យស្បែករបស់​អ្នកសស្អាត​ភ្លឺថ្លា ដើម្បីត្រៀមជាស្រេចក្នុងការបង្ហាញពីសម្រស់ស្បែករបស់អ្នកក្នុងថ្ងៃដ៏មានអត្ថន័យរបស់អ្នកនាថ្ងៃខាងមុខនេះ​។ ប៉ុន្តែមានរឿងមួយ​​ទៀតដែលឡារ៉ែន ចង់រំឭកដល់អនាគតកូនក្រមុំគ្រប់រូបដឹងនោះគឺ ក្នុងអំឡុងពេលនេះ សូមកុំព្យាយាម​សាក​ល្បងប្រើប្រាស់ផលិតផលប្លែកៗដែលអ្នកមិនធ្លាប់ប្រើអី ព្រោះមិនមានអ្នកណាម្នាក់ដែលហ៊ានធានាថា វាពិតជាធ្វើ​ឱ្យ​ស្បែក​របស់អ្នកសស្អាតយ៉ាងពិតប្រាកដនោះទេ ហើយស្រួលមិនស្រួលវាបែរជាធ្វើឱ្យមាន​អាការប្រតិកម្ម​ចាញ់​វិញ​នោះ​គឺ​ពិត​ជា​យ៉ាប់មិនខានទេ។ សូមចាំថាគ្រប់រឿងដែលអ្នកធ្វើ គឺត្រូវការពេលវេលា ដូច្នេះអ្នកគួរធ្វើវាឱ្យបានមុន​ថ្ងៃពិសេសរបស់អ្នក​ចូល​មក​​ដល់ បើបានកាន់តែយូរគឺកាន់តែល្អ។

ដើម្បីទទួលបានសម្រស់ស្បែកល្អផូរផង់ក្លាយជាកូនក្រមុំដ៏ស្រស់ស្អាត គួរជាទីកាប់ចិត្តនៅក្នុងថ្ងៃសំខាន់របស់អ្នក សូមអនុវត្តតាមទម្លាប់ល្អៗដូចខាងក្រោមនេះ ៖

លាងសម្អាតស្បែកមុខ
ការលាងសម្អាតផ្ទៃមុខ ដើម្បីកម្ចាត់ចោលនូវរាល់ សារធាតុកខ្វក់ទាំងឡាយគឺជាមូលដ្ឋានគ្រឹះនៃការថែរក្សាស្បែក មិនថាជាស្បែកមុខ ឬស្បែកដងខ្លួននោះទេ។ សារធាតុកខ្វក់ទាំងឡាយនឹងសម្ងំលាក់ខ្លួន​នៅក្នុងស្រទាប់ស្បែកមិន​ព្រម​ចេញ​ទៅណាឡើយ ​ប្រសិនបើអ្នកមិនព្រមកម្ចាត់វាចេញទេនោះ ធានាថាមិនយូរទេការបំផ្លាញស្បែក និងការកើតមុនជា​ដើម​ពិតជា​បង្ហាញឡើងជាក់ជាមិនខាន។ សូមលាងសម្អាតផ្ទៃមុខរបស់អ្នក ដោយផលិតផលសម្រាប់លាងសម្អាតផ្ទៃមុខ ក្នុងមួយថ្ងៃឱ្យបាន2ដង គឺនៅពេលព្រឹក និងនៅពេលយប់មុនពេលអ្នកចូលគេង ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់។

ចិញ្ចឹមស្បែក
ការចិញ្ចឹមថែរក្សារស្បែក មិនមែនគ្រាន់តែធ្វើឡើងនៅផ្នែកខាងលើនៃស្បែកមុខនោះទេប៉ុន្តែវាត្រូវតែមាន​សមត្ថភាព​ថែ​បំប៉នតាំងពីផ្នែកខាងក្នុងមកផងដែរ។ មានផលិតផលជាច្រើនដែលផលិតឡើង​សម្រាប់លេប ដើម្បី​ចិញ្ចឹម​ថែ​រក្សាស្បែក​ឱ្យ​បានស្អាត និងមានសុខភាពល្អ។ ស្វែងរកផលិតផលណាដែលស័ក្តិសមជាមួយនឹង​ស្បែករបស់អ្នក ហើយសូម​ស្វែងយល់ឱ្យបានច្បាស់អំពីរបៀបនៃការប្រើប្រាស់ផង ដើម្បីទទួលបាននូវលទ្ធផលគួរជាទីពេញចិត្ត។

ការពារស្បែកពីការបំផ្លាញនៃកម្ដៅថ្ងៃ
ព្រះអាទិត្យទទួលបាននូវការងារដ៏សំខាន់មួយ គឺបញ្ចេញកម្តៅរបស់ខ្លួន ដើម្បីបំផ្លាញ​សម្រស់ស្បែក​របស់មនុស្ស​គ្រប់គ្នាដែលមិនបានប្រុងប្រយ័ត្ន។ SPF ជាសារធាតុម្យ៉ាងដែលមានសមត្ថភាពក្នុងការការពារស្បែកមុខរបស់អ្នកពីការ​បំផ្លិច​បំផ្លាញនៃកម្តៅថ្ងៃ ហេតុនេះនៅរាល់ពេលដែលចេញទៅខាងក្រៅ អ្នកត្រូវការពារស្បែកមុខរបស់អ្នកឱ្យបានល្អ​ជាមួយនឹង​ឡេថែរក្សាស្បែកមុខដែលមានផ្ទុកនូវសារធាតុ SPF គ្រប់គ្រាន់។ ក្រៅពីសារធាតុ SPF​​ ហើយនោះអ្នកគួរតែបន្ថែម​ការ​ការពារ​មួយជាន់ទៀត ដោយការប្រើប្រាស់មួក កន្សែងគ្រប ឬខោអាវដែលអាចបិទបាំងស្បែកយ៉ាងជិតល្អជាដើម ដើម្បី​ការពារ​ស្បែករបស់អ្នកពីកម្ដៅថ្ងៃបានយ៉ាងមានប្រសិទ្ធភាព។

ប្រើក្រែមលាបស្បែកឱ្យត្រូវតាមពេលវេលា
ពេលយប់ និងពេលថ្ងៃតម្រូវឱ្យមានការថែរក្សាសម្រស់ផ្ទៃមុខ ឬស្បែកខុសពីគ្នា ហេតុនេះសូមកុំប្រើក្រែមសម្រាប់​លាបពេលយប់មកលាបនៅពេលថ្ងៃ ឬប្រើក្រែមលាបពេលថ្ងៃមកលាបនៅពេលយប់ឱ្យសោះ ព្រោះទាំងក្រែមសម្រាប់​ប្រើ​នាពេលថ្ងៃ និងសម្រាប់ប្រើនាពេលយប់គឺជាផលិតផលដែលផលិតឡើងដោយឡែកពីគ្នា និងមានប្រសិទ្ធភាពខុសគ្នាផងដែរ។

មានទម្លាប់ល្អ
សម្រាប់កូនក្រមុំ ក៏ដូចជាស្ត្រីគ្រប់គ្នាសុទ្ធតែអាចទទួលរងនូវការបំផ្លាញ ប្រសិនបើអ្នកមិនដែលមាន​ទម្លាប់ល្អក្នុង​ការថែរក្សាស្បែកមុខទាល់តែសោះ។ ទម្លាប់ល្អៗមួយចំនួនត្រូវបានចាត់ទុកថា ជាជំនួយការដ៏ល្អក្នុងការថែរក្សា​សម្រស់ផ្ទៃ​មុខ ក៏ដូចជាការពារស្បែកមុខមិនឱ្យកើតមុនផងដែរ។ សកម្មភាព និងទម្លាប់ល្អដែលអ្នកគួរតែបង្កើតឡើងនោះមានដូចជា ចៀសវាងការគេងផ្អៀង ព្រោះវាអាចធ្វើឱ្យអ្នកកើតមុនប្រសិនបើខ្នើយរបស់អ្នកមានជាប់មេរោគ ហើយថ្ពាល់​របស់អ្នក​ទៅ​ប៉ះ​នឹងខ្នើយ ម៉្យាងវិញទៀតវាក៏អាចបង្កឱ្យមានស្នាមជ្រួញនៅលើផ្ទៃមុខរបស់អ្នកផងដែរ។ សូមចាំថា ការហាត់ប្រាណ​ដើម្បី​បញ្ចេញសារធាតុពុល ការទទួលទានអាហារល្អៗមានប្រយោជន៍ចំពោះសុខភាពស្បែកនិងការធ្វើអារម្មណ៍ឱ្យ​សប្បាយៗ​ជាដើម ក្រៅពីជួយឱ្យមានសុខភាពល្អហើយនោះ វាក៏ជាទម្លាប់ដ៏ល្អដែលអាចជួយឱ្យផ្ទៃមុខរបស់អ្នកស្រស់ថ្លាបានដែរ។

បន្ទាប់ពីបានអនុវត្តយ៉ាងត្រឹមត្រូវទៀងទាត់ហើយនោះ អ្នកនឹងសង្កេតឃើញពីភាពខុសប្លែកគ្នារវាង​ពេលមុន និង​ក្រោយពេលអនុវត្ត។ ដូច្នេះមិនថាតែមុនពេលរៀបការ ឬក្រោយពេលរៀបការនោះទេ សូមចាប់ផ្តើម និងបន្តអនុវត្តរហូត​ទៅ ដើម្បីភាពស្រស់ស្អាតផូរផង់នៃស្បែកនឹងនៅជាប់ជាមួយអ្នកជារៀងរហូតទៅ៕

Advertisement