ស្វែងយល់ពីបញ្ហា​សក់​ជ្រុះធម្មតា និងខុសធម្មតា

បញ្ហា “សក់​ជ្រុះ” អាច​កើតឡើង​ស្ទើ​តែ​គ្រប់​វ័យ ជាពិសេស​ក្នុង​ក្រុមមនុស្ស​ប្រុស-ស្រី​វ័យ​ជំទង់ ដែល​អ្នកខ្លះ​ស្ទើ​តែ​មិនមាន​សក់​មួយ​សរសៃ​នៅលើ​ក្បាល​ឡើយ។ ក៏ប៉ុន្ដែ​ពួកគេ​នៅតែ​ព្យាយាម​រក​ថ្នាំល្អៗមក​ទទួលទាន និង​លាប ដើម្បី​ព្យាបាល​រហូតដល់​ខាតបង់​ថវិកា​មាសប្រាក់​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ក៏​នៅតែ​មិន​ទទួលបាន​នូវ​លទ្ធ​ផល​ល្អប្រសើរ​ដែរ។ ទាំងអស់នេះ កើត​ពី​ការមិន​យល់ដឹង​ពី​ធម្មជាតិ​នៃ​រាងកាយ​របស់​អ្នក​ខ្លួនឯង​ហ្នឹងហើយ។ ដូច្នេះ​សូម​មក​ស្វែងយល់​ទាំងអស់គ្នា ដើម្បី​ដឹង​កាន់តែច្បាស់​ពី​បញ្ហា​ជ្រុះ​សក់ ដែលជា​លក្ខណៈ​ធម្មជាតិ (ធម្មតា) និង​ខុសពី​ធម្មតា​ដូចខាងក្រោម​នេះ។

សក់​ជ្រុះ​តាម​ធម្មជាតិ (ធម្មតា)
វដ្ដ​ជីវិត​របស់​សរសៃសក់​មាន3ដំណាក់កាល​ដូចជា៖
ដំណាក់កាល​ទី 1
ដំណាក់កាល​នៃ​ការលូតលាស់ ៈ ដោយ​សរសៃសក់ ដែល​ដុះ​ចេញពី​ឫស​សក់​ លូតលាស់​ប្រវែង1សង់ទីម៉ែត្រ​ក្នុង​មួយខែ និង​អាច​ជាប់​នៅលើ​ស្បែកក្បាល​បានយូរ​រហូតដល់3-7ឆ្នាំ ចំពោះ​មនុស្ស​ដែលមាន​សុខភាព​ល្អ។

ដំណាក់កាល​ទី 2
ដំណាក់កាល​សម្រាក​ខ្លួន ៈ នៅក្នុង​ដំណាក់កាល​នេះ សរសៃសក់​មិន​រីកលូតលាស់​នោះទេ ហើយ​គល់​សក់​នៅតែ​បង្រួម។ រយៈពេល​នេះ​នឹង​ប្រើ​ពេលវេលា​ប្រមាណ3-4សប្ដាហ៍ មុនពេល​ឈាន​ចូលដល់​ដំណាក់​កាលចុងក្រោយ។

ដំណាក់កាល​ទី 3
ដំណាក់កាល​ជ្រុះ ៈ ដោយ​គល់ និង​សរសៃសក់​ជ្រុះ​ពី​ស្បែកក្បាល ត្រូវ​ចំណាយពេល​ប្រ​ម៉ាណ 3-4 សប្ដាហ៍ តែ​នៅ​ទីបំផុត​រាងកាយ និង​មាន​កត្ដា​ជំរុញ​ឱ្យ​កើតមាន​ការបង្កើត​សរសៃសក់​ថ្មី​ដុះ​ឡើង​មកវិញ ដើម្បី​ជំនួស​សរ​សៃ​សក់​ចាស់​ដែល​ជ្រុះ​ទៅ។ ចំពោះ​អ្នក​ដែលមាន​សុខភាព​ល្អ​ធម្មតា សរសៃសក់ 80-90 ភាគរយ​នឹង​ស្ថិតនៅក្នុង​រយៈពេល​លូតលាស់ 5-20% ​នៃ​រយៈពេល​ជ្រុះ​ចុងក្រោយ​បំផុត។ ចំណែកឯ ដំណាក់​ទី 2នោះ​នឹងត្រូវ​ចំណាយពេល​ខ្លី​វិញ។

ដូច្នេះហើយ គ្រប់គ្នា​មាន​សក់​ជ្រុះ​រាល់ថ្ងៃ ប្រមាណ​ជា100-150សរសៃ​ក្នុង​មួយថ្ងៃ ដែលជា​ធម្មតា ទោះជា​យ៉ាងណាក៏ដោយ អ្នកវិទ្យាសាស្ត្រ​បាន​ប្រាប់ថា ស្ត្រី​មាន​សរសៃសក់​ក្រាស់​ជាង​មនុស្ស​ប្រុស។ នៅមាន​ភាពខុសគ្នា​ក្នុង​វ័យ ដែល​ហុច​ផល​ដល់​ការលូតលាស់​របស់​សរ​សៃ​សក់​ថែមទៀត​គឺ នៅក្នុង​វ័យ​កុមារ និង​វ័យ​ជំទង់ ដែលជា​វ័យ​ប្រែប្រួល​រូបរាងកាយ និង​អ័រម៉ូន​ខ្ពស់បំផុត។ កោសិកា​នៅក្នុង​រាងកាយ​មានការ​បែងចែក​ខ្លួន​យ៉ាង​ពេញទំហឹង គល់​សក់​ក៏​ដូចគ្នា​នឹងមាន​គល់​សក់​ថ្មី​កើតមក​ជំនួស​គល់​សក់​ចាស់​ភ្លាម។ តែ​នៅពេលដែល​ចូលដល់​វ័យ​កណ្ដាល និង​វ័យ​ជរាអត្រា​ការកើត​របស់​កោសិកា​គល់​សក់​ថ្មី និង​ថយចុះ​តិច​ជា​អត្រា​គល់​សក់​ដែល​បាន​បាត់បង់​ទៅ ធ្វើឱ្យ​មើលទៅ​ដូចជា សក់​ស្ដើង ស្រប​ពេលដែល​អាយុ​កាន់តែ​ច្រើនឡើង។

ដូច្នេះហើយ ប្រសិនបើ​អ្នក​ស្ថិតនៅក្នុង​វ័យ​កណ្ដាល ឬ​វ័យ​ជរា ការដែល​មាន​សក់​ស្ដើង អាច​ចាត់ទុកថា​ជា​រឿង​ធម្មតា និង​មិនគួរ​ព្យាយាម​ទៅរក​ទិញ​ថ្នាំ ឬ​វីតាមីន មក​ទទួលទាន​ឱ្យអស់​លុយ​នោះទេ។

សក់​ជ្រុះ​មិនធម្មតា
អ្នក​ដែល​ជ្រុះ​សក់​ច្រើន​ខុសពី​ធម្មតា បណ្ដាលមកពី​កត្តា​ជាច្រើន​ដូចជា៖
1. សក់​ជ្រុះ​ម្ដងម្កាល ៖ មូលហេតុ​មានដូចជា មាន​អារម្មណ៍​តានតឹង​ក្នុង​រយៈពេលយូរ អាច​នឹងមាន​អាការ​ជ្រុះ​សក់កើតមក​ដោយ​មិនដឹង​ខ្លួន អាច​កើតឡើង​បាន​គ្រប់​វ័យ ឬ​អាច​កើតឡើង​ដោយសារ​អាការ​ជំងឺ ឬ​រោគផ្សេងៗដួច​ជា ជំងឺ​ទឹកនោមផ្អែម កើត​ក្នុង​ភេទស្ត្រី​ដែល​ទើប​ប្រសូត​បុត្រ និង​ស្ត្រី​ដែល​និយម​ប្រើប្រាស់​ថ្នាំ​ពន្យា​រកំណើត​ជាដើម។

ការព្យាបាល អាការ​ជ្រុះ​សក់​បែបនេះ មិនចាំបាច់​ត្រូវការ​ព្យាបាល​ច្រើន​ទេ ព្រោះ​វា​អាច​នឹង​បាត់​ទៅដោយ​ឯកឯង។

2. សក់​ជ្រុះ​បណ្ដាលមកពី​ដំណរ​ពូជ ៖ គឺ​បណ្ដាលមកពី​មូលហេតុ​ដំណរ​ពូជ និង​កម្រិត​អ័រម៉ូន Testosterone កើនឡើង​ក្នុង​រាងកាយ ដែល​កើតមានឡើង​ចំពោះ​ទាំង​ភេទ​ប្រុស និង​ភេទ​ស្រី ក៏ប៉ុន្ដែ​រកឃើញ​កើតមាន​ចំពោះ​បុរស​ច្រើនជាង។

ការព្យាបាល​ អាច​នឹងមាន​ដំណោះស្រាយ​ពិបាក​បន្ដិច បើទោះបីជា​អ្នកវិទ្យាសាស្ត្រ​ព្យ​ាយាម​ស្វែងរក​នូវ​ថ្នាំថ្មីៗ តែ​នៅតែ​មិន​ទទួលបាន​លទ្ធ​ផល។ ពេទ្យ​សើរ​ស្បែក ​និយម​ឱ្យប្រើ​ថ្នាំ​បន្ថយ​បរិមាណ​អ័រម៉ូន​ដែល​ពោល​ខាងលើ នៅក្នុង​រាងកាយ​តែប៉ុណ្ណោះ ឬ​ប្រើប្រាស់​ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម។ ចំពោះ​អាការ​ប្រហាក់ប្រហែលគឺ ការ​ដុះ​នូវ​គល់​សក់​ដែលជា​ប្រភេទ​សក់​ខ្ចី និង​ស្ដើង​តែប៉ុណ្ណោះ។ សូម្បីតែ​ថ្នាំ​នៅក្នុង​ក្រុម​សារធាតុ Steroids ដែល​គ្រូពេទ្យ​និយម​ប្រើ ក៏​នៅតែ​ទទួលបាន​លទ្ធ​ផល​សក់​តិច​ណាស់ គឺអាច​នឹង​ទទួល​ឱកាស​គ្រោះថ្នាក់​បន្ថែមទៀត​ក៏មានដែរ។

សមាសធាតុ​គីមី​នៃ​ផលិតផល​ថែរក្សា​សក់ ឬ​ការពារ​ការ​សក់​ជ្រុះ
មាន​ធាតុ​ផ្សំ​ដោយ
1. សារធាតុ​សំខាន់​ជំរុញ​ក្នុងការ​លំហូរ​ឈាម​ទៅកាន់​ឫស​សក់ ដើម្បី​ការពារ​សក់​ជ្រុះ​ដូចជា វីតាមីនផ្សេងៗ សារធាតុ​ការពារ​ចម្រាញ់​ចេញពី​ឱសថ​បុរាណ។

2. សារធាតុ​អាហារ​មាននៅ​ក្នុង​ក្រុម​ប្រូ​តេ​អី​ុ​នដើម្បី​ពង្រឹង​ភាព​រឹង​មាំ​ដល់​ឫស​សក់​ និង​សរ​សៃ​សក់។

3. សារធាតុសំខាន់ៗដែលមាន​ប្រសិទ្ធភាព​កាត់បន្ថយ និង​គ្រប់គ្រង​បរិមាណ​ជាតិ​ខ្លាញ់​នៅក្នុង​ស្បែកក្បាល និង​បន្ថយ​ការ​ប្រតិកម្ម​រលាកក្រពេញ​ខ្លាញ់។

4. សារធាតុសំខាន់ៗ ដើម្បី​គ្រប់គ្រង​ការលូតលាស់​របស់ Micro-organisms នៅលើ​ស្បែកក្បាល។

កត្តា​គួរកត់សម្គាល់
ប្រសិន​បើថ្នាំ ឬ​ផលិតផល​ការពារ​សក់​ជ្រុះមាន​ប្រសិទ្ធភាព​អាច​ដោះស្រាយ​បញ្ហា​សក់​ជ្រុះ​បាន​ពិតមែននោះ​ យើង​ប្រហែល​មិនបាន​ឃើញ​មនុស្ស​ក្បាលទំពែក ឬ​ក្បាល​ឆក​នៅក្នុង​ប្រទេស​ទូទាំង​ពិភពលោក​ទៀតហើយ ដោយសារ​ហេតុផល​ដំណរ​ពូជ​ជា​រឿង​ដែល​យើង​ត្រូវ​ទទួលស្គាល់​ការពិត។ ដូច្នេះហើយ អ្នក​អាច​ដោះស្រាយ​បញ្ហា​បាន​ដោយ​ការប្រើប្រាស់ សក់​ពាក់ ឬ​សក់​ជ័រ​នៅលើ​ស្បែកក្បាល នោះ​ទើប​មាន​សុវត្ថិភាព ច្រើនជាង​ការព្យាបាល​ពិសេស ដែលអាចមានគ្រោះថ្នាក់ ដោយ​បើមិនមាន​ការប្រុងប្រយ័ត្ន​ខ្ពស់៕

Advertisement