រលាក​ឆ្នាំងអ៊ុត លាប​ថ្នាំដុសធ្មេញ​ បាន​ឬទេ?

របួស​ដោយសារ​រលាក​ឆ្នាំងអ៊ុត ជា​ឧប្បត្តិ​ហេតុដែលនរណាៗក៏​មិន​ចង់ឱ្យ​កើតឡើង​ចំពោះ​ខ្លួនឯង​ដែរ ព្រោះ​ពេល​ត្រូវ​រលាក​ឆ្នាំងអ៊ុត​នេះ វា​ទាំង​ឈឺផ្សា និង​រមាស់ តែ​មិនអាច​អេះ​បានឡើយ ខ្លាច​ក្លាយជា​សម្លាក​ស្នាម​លើ​ខ្លួន​រហូត និង​អ្នកខ្លះ​ថែមទាំង​ដឹង​មកទៀត​ថា ពេលដែល​ត្រូវ​រលាក​បែបនេះ គេ​ឱ្យ​យក​ទឹកឃ្មុំ ឬ​ថ្នាំដុសធ្មេញ​មក​លាប​ពីលើ​កន្លែង​រលាក​នោះ ដូច្នេះ​ឥឡូវនេះ​យើង​នាំគ្នា​មក​មើល​ចម្លើយ​ថា ការពិតទៅ តើ​វិធី​ហ្នឹង​អាច​ប្រើ​បាន​ឬទេ? ហើយ​តើ​នឹងមាន​វិធី​មើលថែទាំ​របួស​រលាក​ឆ្នាំងអ៊ុត​នេះ​យ៉ាងណា ដើម្បីឱ្យ​ឆាប់​ជា?

អាការ​របស់​មុខរបួស​ដែល​រលាក​ដោយ​ឆ្នាំងអ៊ុត
ស្បែក​ឡើង​ក្រហម ឈឺផ្សា​ក្ដៅ អ្នកខ្លះ​ស្បែក​អាចមាន​ឡើង​ពងបែក​ទៀតផង។

វិធី​បឋម​ព្យាបាល​ដំបូង
1. ស្រោច​ទឹក​លើ​កន្លែង​រលាក​នោះ ឬ​ត្រាំ​ក្នុង​ទឹកស្អាត​យ៉ាងតិច​បំផុត 10នាទី ឬ​រហូត​ទាល់តែ​អា​ការឈឺ​ក្ដៅ​ផ្សា​នេះ​រលាយ​បាត់អស់។ ហាមប្រើ​ទឹកកក ឬ​ទឹក​ត្រជាក់​ខ្លាំង​ជាដាច់ខាត។
2. ផ្ដិត​មុខរបួស​ឱ្យ​ស្ងួត មិនត្រូវ​រុំ​បិទមុខ​របួស​ឡើយ។
3. លាប​ដោយ​ថ្នាំ​សម្រាប់​ព្យាបាល​របួស​រលាកភ្លើង ឬ​រលាក​ទឹក​ក្ដៅ។
4. បើ​ឈឺ ចូរ​លេបថ្នាំ​បំបាត់​ការឈឺចាប់។
5. បើ​មុខរបួស​មាន​ពងបែក ចូរ​លាងមុខ​របួស​ដោ​យ​ទឹកស្អាត បិទ​ដោយ​បង់​បិទ​របួស និង​លាង​សម្អាត​មុខរបួស​មួយថ្ងៃ​ម្ដង

ចំណុច​គួរ​ប្រយ័ត្ន
* កុំ! ប៉ះ ឬ​ចាប់​មុខរបួស​ដោយ​មិនចាំបាច់។
* កុំ! ចោះ ជោះ ឬ​ធ្វើឱ្យ​ពងទឹក​លើ​មុខរបួស​រលាក​ឆ្នាំងអ៊ុត ឬ​ទឹក​ក្ដៅ​នោះ​បែក​ឱ្យសោះ។
* កុំ! យក​សម្ភារ​ក្នុង​ផ្ទះបាយ ដូចជា​ម្សៅ​គ្រីម ថ្នាំដុសធ្មេញ ទឹកត្រី ខ្លាញ់ ឬ​ប្រេង ម្សៅ ឬ​សាប៊ូ ជាដើម មក​លាប​មុខរបួស ព្រោះ​វា​នឹង​ធ្វើឱ្យ​មុខរបួស​ឆ្លង​មេរោគ។

មុខរបួស​ភ្លើង​ឆេះ រលាក​ទឹក​ក្ដៅ​នៅលើ​ខ្លួនប្រាណ ឬ​ដៃ ជើង
មុខរបួស​ដែល​បណ្ដា​លពី​ភ្លើង​ឆេះ ឬ​ទឹក​ក្ដៅ​រលាក​នៅលើ​ដៃ ឬ​ជើង ភាគច្រើន​ជា​មុខរបួស​កម្រិត​ទី2 ឬ​ទី3 ដែល​ត្រូវតែ​បានទទួល​ការមើល​ថែទាំ​យ៉ាង​ដិតដល់​អំពី​គ្រូពេទ្យ ព្រោះ​អាច​ក្លាយ​កើតជា​ស្លាកស្នាម និង​ពិការ​នៅពេល​ក្រោយ​។

វិធី​បឋម​ព្យាបាល
1. ឱ្យ​ជនរងគ្រោះ​គេង​រាបស្មើ​នៅលើ​ដី។
2. យក​ទឹកស្អាត​មក​ស្រោច​លើ​កន្លែង​ដែល​រលាកច្រើនៗ និង​យូរ​រយៈពេល​យ៉ាងតិច 10នាទី ឬ​រហូត​ទាល់តែ​អា​ការឈឺ​ក្ដៅ​ផ្សា​ថមថយ​ចុះ។
3. ដោះ​គ្រឿ​អលង្ការ ដូចជា ចិញ្ចៀន ខ្សែដៃ ឬ​នាឡិកា​ចេញ។
4. បិទ ឬ​រុំ​មុខរបួស​ដោយ​ក្រណាត់ ឬ​ស្បៃ​ស្អាត។
5. បើ​រលាក​នៅលើ​ដៃ អាច​ប្រើ​ស្រោមដៃ​ផ្លា​ស្ទិ​ក​ហ៊ុម​បាន។
6. រួច​នាំទៅ​មន្ទី​រពេទ្យ​ជាបន្ទាន់។

ចំណុច​ហាមឃាត់!
ហាម! យក​ទឹកកក ឬ​ទឹក​ត្រជាក់​ខ្លាំង​មក​ស្រោច​លើ​កន្លែង​រលាក។
ហាម! ទាញ​វត្ថុ ឬ​កម្ទេចកម្ទី​ដែល​ស្អិត​ជាប់​ជាមួយ​មុខរបួស​ចេញ។
ហាម! ចាប់ ឬ​ប៉ះ​មុខរបួស​បើ​មិនចាំបាច់។
ហាម! ធ្វើឱ្យ​ពងទឹក​លើ​មុខរបួស​រលាកភ្លើង ឬ​ទឹក​ក្ដៅ​នោះ​បែក។
ហាម! លាបម្សៅ​ក្រមួន ឡេ ទឹកត្រី ថ្នាំដុសធ្មេញ ឬ​វត្ថុផ្សេងៗ ក្រៅតែពី​ទឹក​ម្យ៉ាង​ប៉ុណ្ណោះ។
ហាម! ដោះ​ខោអាវ តែបើ​ចាំបាច់ ចូរ​ប្រើ​វិធី​កាត់ចេញ​ដោយ​កន្ត្រៃ។
ហាម! ប្រើ​ក្រណាត់​ដែលមាន​រោម ឬ​សំលី​មក​បិទ​មុខរបួស៕

Advertisement