វិធីព្យាបាលបឋម នៅពេលសត្វល្អិតចូលក្នុងត្រចៀក

សត្វល្អិតធំតូចមួយចំនួនដែលនៅក្នុងផ្ទះរបស់អ្នក ក្រៅពីបង្កភាពរំខានដល់អ្នក និងគ្រួសារហើយនោះ ពេលខ្លះពួកវាបានលួចចូលទៅក្នុងត្រចៀករបស់អ្នក ឬសមាជិកក្នុងគ្រួសារទៀត នៅពេលកំពុងគេងលក់ដោយមិនដឹងខ្លួន ហើយវាមិនព្រមចេញមកវិញដោយស្រួលៗនោះទេ។ ដូច្នេះហើយ ប្រសិនបើសត្វល្អិតចូលក្នុងត្រចៀក អ្នកត្រូវមានវិធីសាស្ត្រី ដើម្បីធ្វើឱ្យវាចេញមកវិញដោយត្រឹមត្រូវ ដោយមិនប៉ះពាល់ដល់សុខភាពត្រចៀក ឬបណ្ដាលឱ្យត្រចៀកមានបញ្ហា។ ថ្ងៃនេះទស្សនាវដ្ដី ឡារ៉ែន សូមជម្រាបពីវិធីព្យាបាលបឋម នៅពេលសត្វល្អិតចូលក្នុងត្រចៀកដូចខាងក្រោមនេះ។

នៅពេល សត្វល្អិតចូលត្រចៀក អ្នកគួរព្យាបាលបឋមដោយវិធីណា?
• ពិតប្រាកដណាស់គឺហាមប្រើសំឡីត្បាល់ត្រចៀក ធាងឈើ ឬវត្ថុត្បាល់ច្រៀកផ្សេងៗដើម្បីរុកចូលត្បារយកសត្វល្អិតចេញពីត្រចៀកព្រោះការធ្វើបែបនេះ អាចក្លាយជាការរុញឱ្យសត្វល្អិតកាន់តែចូលទៅក្នុងត្រចៀកកាន់តែជ្រៅហើយមានគ្រោះថ្នាក់ចំពោះក្រដាសត្រចៀក និងភ្នាស់កណ្ដាលបាន។

• ប្រសិនបើប្រាកដចិត្តថា ពិតជាមានសត្វល្អិតក្នុងត្រចៀកមែន ត្រូវឱ្យផ្អៀងត្រចៀកម្នាងនោះ (ត្រចៀកដែលសត្វចូល) ចុះទៅក្រោម និងផ្អៀងចុះសន្សឹមៗ ថ្នមៗ ដើម្បីឱ្យសត្វល្អិតនោះ វាចេញមកក្រោមវិញ ហើយចេញទៅក្រៅរន្ធត្រចៀក។

• វិធីសាស្ត្រមួយទៀត គឺត្រូវឱ្យត្រចៀកនោះងើយឡើងទៅលើ ហើយយកប្រេងលាបខ្លួនរបស់ទារក ឬប្រេងបន្លែ ប្រេងអូលីវ ប្រេងល្ង ឬថ្នាំសម្រាប់បន្តក់ត្រចៀក (ដែលជ្រើស-យកតែមួយប៉ុណ្ណោះ) បន្ដក់ចូលក្នុងត្រចៀកហើយទាញស្លាបត្រចៀកខាងក្រោយ ដើម្បីឱ្យរន្ធត្រចៀកបើកកាន់តែធំ ដើម្បីឱ្យប្រេងហូរចូលបានត្រង់។ បន្ទាប់មកត្រូវផ្អៀងត្រចៀកចុះមកវិញ ដើម្បីឱ្យសត្វល្អិតដែលស្លាប់ ឬនៅរស់ក្នុងត្រចៀក ហូរចេញមកក្រៅវិញ។

• ប្រសិនបើមានអាការផ្សេងៗ ដូចជា ឈឺភ្នាស់ត្រចៀក ចុកក្នុងត្រចៀក ហឹងត្រចៀក ឬមានឈាមមកតាមត្រចៀក និងមានអាការមិនប្រក្រតីផ្សេងៗ សូមកុំទាន់ប្រញាប់រុកវត្ថុអ្វីចូលក្នុងត្រចៀកឱ្យសោះ ត្រូវប្រញាប់ទៅរកគ្រូពេទ្យជំនាញជាបន្ទាន់។

វិធីបង្ការមិនឱ្យសត្វល្អិតចូលត្រចៀក
• ឧស្សាហ៍ និងយកចិត្តទុកដាក់សម្អាតអនាម័យកន្លែងគេង និងបរិវេណជុំវិញកន្លែងគេង កុំបណ្ដោយឱ្យមានសភាពរញ៉េរញ៉ៃ មិនមានសណ្ដាប់ធ្នាប់ រហូតក្លាយជាជម្រកលាក់ខ្លួនរបស់សត្វល្អិតផ្សេងៗ។

• ហាមប្រើសំឡីត្បារត្រចៀកសម្អាតត្រចៀករាល់ថ្ងៃ ព្រោះវាអាចបណ្ដាលឱ្យមានការរលាកភ្នាស់ត្រចៀក និងដាច់រោមការពារត្រចៀកជាដើម។

• ប្រើប្រាស់ថ្នាំបាញ់សម្លាប់សត្វល្អិត ឬកម្ចាត់សត្វល្អិតនៅក្នុងបន្ទប់ និងបរិវេណផ្ទះរបស់អ្នកជាប្រចាំ។

• បន្ទប់គេងត្រូវមានពន្លឺគ្រប់គ្រាន់។

• តាមការពិតក្នុងត្រចៀករបស់លោកអ្នកមានប្រព័ន្ធសម្អាតតាមលក្ខណៈធម្មជាតិរួចទៅហើយ ដែលមិនចាំបាច់ឱ្យលោកអ្នកត្រូវពិបាកក្នុងការសម្អាតវានោះទេ។ យ៉ាងណាក៏ដោយប្រសិនបើអាចម៍ត្រចៀកកើនឡើងច្រើនខុសធម្មតា ឬបង្កជាការឈឺចាប់ផ្សេងៗនោះ សូមប្រញាប់ទៅរកគ្រូពេទ្យជាបន្ទាន់ កុំព្យាយាមធ្វើការសម្អាតវាដោយខ្លួនឯងឱ្យសោះ៕

Advertisement