សុជីវធម៌ល្អៗ4យ៉ាង របស់កូនកំលោះក្រមុំ ពេលថតរូបជាមួយភ្ញៀវនៅមុខ Back Drop

ការដែលចង់ធ្វើឱ្យភ្ញៀវដែលមកចូលរួមពិធីមង្គលការរបស់ខ្លួនពេញចិត្ត និងចងចាំជាប់ក្នុងចិត្តរហូតតទៅនោះ ក្រៅពីការរៀបចំទីកន្លែងឱ្យបានស្រស់ស្អាត ម្ហូបអាហារឆ្ងាញ់ពិសា និងការធ្វើឱ្យពិធីមានភាពសប្បាយរីករាយមិនគួរឱ្យធុញទ្រាន់ហើយនោះ រឿងសុជីវធម៌ល្អៗក្នុងពិធីមង្គលការរបស់កូនកំលោះក្រមុំ ក៏ជារឿងមួយដែលនឹងជួយសាងនូវភាពពេញចិត្តដល់ភ្ញៀវដែលមកចូលរួមដែរ។ ពិធីមង្គលការដែលបង្កប់ទៅដោយសុជីវធម៌ល្អប្រពៃ គួរតែចាប់ផ្ដើមពីការជូនសំបុត្រការ(ធៀបការ)អញ្ជើញភ្ញៀវ រហូតទៅដល់ការរៀបចំការជប់លៀងពិសាភោជនាហារ និងនៅមានសុជីវធម៌មួយទៀតដែលសាមីុខ្លួនកំលោះក្រមុំមិនគួរមើលរំលងនោះគឺ ផ្នែកខាងការទទួលស្វាគមន៍ភ្ញៀវ ដែលថ្ងៃនេះ ឡារ៉ែន មានសុជីវធម៌ល្អៗ4យ៉ាងរបស់កូនកំលោះកូនក្រមុំពេលនៅពីមុខផ្ទាំង Back Drop ថតរូបស្វាគមន៍ជាមួយភ្ញៀវមកជម្រាបជូនដើម្បីទុកជាការសាងនូវក្ដីពេញចិត្តដល់ភ្ញៀវដែលមកចូលរួម។

1. ស្វាគមន៍ភ្ញៀវដោយទឹកមុខស្រស់ស្រាយ ញញឹមញញែម
ទោះជាកាលពីយប់មិញកូនកំលោះកូនក្រមុំបានត្រៀមការងារនឿយហត់ប៉ុនណា គេងមិនបានគ្រប់គ្រាន់ ឬមានអារម្មណ៍មិនល្អយ៉ាងណាក៏ដោយ តែពេលមកដល់ត្រង់កន្លែងនេះគួរតែជម្រះអារម្មណ៍ទាំងអស់នោះចោលសិនហើយមកឈរទទួលស្វាគមន៍ភ្ញៀវដោយទឹកមុខស្រស់ស្រាយ រួសរាយរាក់ទាក់ ញញឹមញញែម ព្រោះកាយវិការទាំងនេះនឹងក្លាយជាការសាងនូវក្ដីពេញចិត្តពេញថ្លើមគ្រាដំបូងនៅពេលដែលភ្ញៀវធ្វើដំណើរមកដល់កន្លែងប្រារព្ធពិធី និងបានជួបកូនកំលោះកូនក្រមុំដែលនៅរង់ចាំទទួលស្វាគមន៍នៅពីមុខខ្លោងទ្វារដែលមានផ្ទាំង Back Drop នៅជិតនោះយ៉ាងរីក-រាយរំភើបចិត្ត ដែលត្រង់នេះអាចនិយាយបានថា ជាសុជីវធម៌ដ៏ល្អប្រពៃមួយសម្រាប់កូនកំលោះ-កូនក្រមុំក្នុងពិធីមង្គលការរបស់ខ្លួន បើទោះជាមានអារម្មណ៍ថា ទាំងងងុយ ទាំងហត់នឿយទាំងចុករួយដៃជើង ព្រោះឈរយូរពេកយ៉ាងណាក៏ដោយ។

2. មកដល់មុនពេលវេលា និងញញឹមជានិច្ច
មិនថាពិធីបុណ្យអ្វីនោះឡើយ ការមកដល់ត្រូវពេលវេលា ឬមកដល់មុនពេលវេលាបន្តិចអាចនិយាយបានថា ជាសុជីវធម៌ដ៏ល្អមួយ និងរឹតតែជាពិធីសំខាន់ ដូចជាពិធីមង្គលការផងនោះ កូនកំលោះក្រមុំត្រូវតែមករងចាំមុនពេលដែលមានភ្ញៀវធ្វើដំណើរមកដល់ ដោយត្រូវមកឈរចាំទទួលស្វាគមន៍នៅខាងមុខពិធី រង់ចាំថតរូបនៅនឹង Back Drop និងញញឹមស្វាគមន៍ភ្ញៀវគ្រប់ពេលវេលា។ ពេលថតរូបជាមួយភ្ញៀវគួរព្យាយាមញញឹមយ៉ាងធម្មជាតិ ទោះជាត្រូវញញឹមច្រើនប៉ុនណា រួយថ្គាមប៉ុនណា ហត់នឿយប៉ុនណាក៏ដោយ ការញញឹមស្វាគមន៍នៅពេលជួបមុខដំបូង គឺជាការសាងក្ដីរំភើប និងពេញចិត្ត និងជាសុជីវធម៌ក្នុងពិធីមង្គលការដែលគួរតែធ្វើបំផុត។

3. ​និយាយស្វាគមន៍រាក់ទាក់ភ្ញៀវដែលមករួមថតរូប
នៅពេលយើងញញឹមញញែម រួសរាយស្រស់ស្រាយហើយ ការចូលរួមនិយាយរាក់ទាក់ជាមួយភ្ញៀវដែលដើរចូលមកក្នុងពិធី និងមករួមថតរូបជាមួយកូនកំលោះក្រមុំនៅមុខ Back Drop ដូចជាការបបួលនិយាយលេងខ្លីៗ ឬសួរនាំពីការធ្វើដំណើរថា ស្ទះផ្លូវទេ? ឬមកគ្នាប៉ុន្មាននាក់? ជាដើម។ល។ នៅពេលថតរូបរួច ក៏ថ្លែងអំណរគុណ ហើយអញ្ជើញភ្ញៀវឱ្យទៅអង្គុយតុនៅខាងក្នុងពិធីដែលយើងបានត្រៀមរួចជាស្រេច។ ការបានរួមជជែកនិយាយលេងខ្លីៗសួរនាំពីសុខទុក្ខ ពីការធ្វើដំណើរនេះ គឺជាសុជីវធម៌ម្យ៉ាងដែលយើងបានបង្ហាញពីក្ដីបារម្ភចំពោះភ្ញៀវ។

4. បញ្ចេញរាងថតឱ្យអស់ក្បាច់
ថតរូបស្អាតៗនៅមុខ Back Drop រួមជាមួយភ្ញៀវដែលមកចូលរួមពិធីម្ដង មិនរៀបចំកាច់រាង បញ្ចេញកាយវិការឱ្យសប្បាយរីករាយបែបអស់ពីចិត្ត វាហាក់ដូចជាយ៉ាងម៉េចមិនដឹងទេ… ដូចជាបើថតជាមួយភ្ញៀវចាស់ទុំ សាច់ញាតិចាស់ៗ ក៏រៀបចំឫកពាបែបសុភាពរាបសាស្លូតៗ តែបើប៉ះមិត្តភ័ក្តិជិតស្និទ្ធ បងប្អូនសាច់ញាតិជិតដិតដែលមានវ័យស្របាលៗគ្នាវិញនោះ កុំរវល់តែរ៉េរ៉យូរ កាច់រាងរៀបឫកឱ្យគ្រប់ម៉ាកគ្រប់ម៉ូដ អ្នកណាមានក្បាច់អីឡូយៗក៏បញ្ចេញមកឱ្យអស់ដៃនៅមុខ Back Drop។កូនកំលោះកូនក្រមុំអាចនឹងមានប៉ាយបដាក្រដាសតូចៗដែលមានសរសេរអក្សរជូនពរ ឬពាក្យសប្បាយរីករាយផ្សេងៗមកឱ្យភ្ញៀវកាន់ថតរូបលេង ដើម្បីឱ្យរូបភាពដែលថតចេញមកកាន់តែមានភាពសប្បាយរីករាយគួរឱ្យចាប់អារម្មណ៍ខ្លាំងឡើងថែមទៀត។

ការមានសុជីវធម៌ល្អក្នុងពិធីមង្គលការ គឺជារឿងដែលមិនពិបាកធ្វើនោះឡើយ គ្រាន់តែកូនកំលោះកូនក្រមុំនៅចាំមើលថែទាំយ៉ាងយកចិត្តទុកដាក់ចំពោះភ្ញៀវដែលមកចូលរួមពិធីប៉ុណ្ណោះ។ តែប៉ុណ្ណឹងក៏រាប់បានថាជាសុជីវធម៌ក្នុងពិធីមង្គលការដែលកូនកំលោះ-កូនក្រមុំបានធ្វើស្រេចទៅហើយ៕

Advertisement