6ចំណុចដែលបុរសត្រូវផ្លាស់ប្ដូរគំនិតមុនពេលរៀបការ

ក្រោយរៀបការ​​ បុគ្គល​គ្រប់​រូប​តែង​តែ​ចង់​ទទួល​បាន​នូវ​សេចក្ដី​សុខ​យូរអង្វែង តែ​ដោយសារ​តែ​ភាព​ក្មេង​វ័យ​ និង​ការ​ធ្វេសប្រហែស​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ពី​សេចក្ដី​ត្រូវ​ការ​របស់​ដៃ​គូ បាន​ជំរុញ​ឱ្យ​ពួក​គេ​ប្រឈម​មុខ​នឹង​ការ​បែកបាក់គ្នាក្រោយរៀបការរួចមិនយូរប៉ុន្មាន។ការ​បង្កើត​គ្រួសារ​មួយ​ដ៏​មាន​សុភមង្គល គឺ​ជា​រឿង​ដែល​មនុស្ស​គ្រប់​រូប​ប្រាថ្នា​ចង់​បាន មិន​ថា បុរស ឬ​នារីនោះទេ។ ចំពោះ​បុរស​អាច​និយាយ​បាន​ថា ជា​បង្គោល​ដ៏​រឹងមាំ និង​ជា​អ្នក​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់​ក្នុង​គ្រួសារ ក្រោយ​រៀបការ​រួច។ ដូច្នេះ​បុរស​ត្រូវ​មើលពី​ខ្លួន​ឯង​ទៅ​លើ​ចំណុច​ទាំង6​នេះ ប្រ​សិន​បើ​ចង់​បាន​ប្រពន្ធ ៖

1. ឈប់សាវា
ចាំ​ក្លាយ​ជា​មនុស្ស​ចេះ​ស្មោះ​សិន ចាំ​គិតគូរ​ចង់​បង្កើត​គ្រួសារ ព្រោះ​លើលោក​នេះ​គ្មាន​នារី​ណា​មក​ស្រឡាញ់​ប្រុស​សាវានោះទេ។ បើ​ក្នុង​ចិត្ត​ឃើញ​អ្នក​ណា​ក៏​ស្អាត ឃើញ​អ្នក​ណា​ក៏​ពេញ​ចិត្ត​ មាន​ន័យ​ថា មិន​ទាន់​ជួប​ស្នេហ៍​ពិតនៅឡើយទេ។ បើ​សិន​ជា​ច្បាស់​ក្នុង​ចិត្ត​ថា ស្រឡាញ់​នារី​ម្នាក់​ណា​ពិត​ប្រាកដ មិនមាន​ចិត្ត​ឱ្យ​អ្នក​ផ្សេង​ទៀតចាំ​គិតគូររឿងរៀបការទើប​ជា​ការ​ប្រសើរ។

2. ចរិត​ចាស់ទុំជាងមុន
ត្រូវ​ដឹង​ថា ពេល​រៀប​ការ​ហើយ មាន​មនុស្ស​ស្រី​ម្នាក់​នៅ​អង្គុយ​ចាំ​នៅ​ផ្ទះ មិន​មែន​ដូច​នៅ​កំលោះ​ចង់​ដើរ​ដាច់​យប់​ថ្ងៃ​ណា​ក៏​បាន​នោះ​ទេ។ ដូច្នេះ​ហើយ​បើ​មិន​ទាន់​លះបង់​ចរិត​ផឹកស៊ីដាច់យប់ ស្រវឹង​អួទីនួទេនោះ សួរ​ថា យក​គេ​មក​រង​ទុក្ខ​ធ្វើ​អី? ចាំ​មាន​ចរិត​ចាស់​ទុំ ចេះ​ទទួល​ខុស​ត្រូវ​ខ្ពស់​សិន​ចាំ​យក​ប្រពន្ធ។

3. បង្កើនប្រាក់ចំណូលខ្ពស់
ពាក្យ​ថា មាន​ការងារ​ធ្វើ​តែ​ម្យ៉ាង ហើយ​ចង់​បង្កើត​គ្រួសារ គឺ​មិន​គ្រប់គ្រាន់​ទេ ត្រូវ​សួរ​វិញ​ថាការងារ​នោះ​ស្ថិតស្ថេរឬទេ? ប្រាក់​ខែ​ច្រើន​ទេ? ហើយ​តំណែង​អ្វី​ដែរ? មនុស្ស​ប្រុស​មួយ​ចំនួន​ឱ្យ​តែ​មាន​ការងារ​ធ្វើ​ ច្រើន​គិត​ដល់​រឿង​គូស្រករ​បាត់​ទៅ​ហើយ តែ​ត្រូវ​ចាំ​ថា ពេល​រៀបការ​ហើយ​ត្រូវ​ចិញ្ចឹម​កូន​ក្រមុំ​គេ ហើយ​បើ​មាន​កូន​ត្រូវ​ចិញ្ចឹម​កូនថែម​ទៀត។

4. ចេះសន្សំទ្រព្យ​ ដើម្បីគ្រួសារ
រឿងលុយកាក់ខ្លះ ទោះ​មិន​ទាន់​មាន​លទ្ធភាព​ទិញ​ផ្ទះ ឬ​រថយន្ត​ទំនើប​ដោយ​ខ្លួន​ឯង តែ​យ៉ាង​ហោច​ណាស់ ក៏​សល់​លុយ​កាក់​ខ្លះ ល្មម​គ្រប់គ្រាន់​នឹង​បង្កើត​មុខ​របរ​តូច​មួយ​ពីរ​នាក់​ប្ដី​ប្រពន្ធ​ក្រោយ​រៀបការ​រួច កុំ​រំពឹង​តែ​គ្រួសារ​ជួយ​សុទ្ធ​សាធ​មិន​ល្អ​ទេ។ បើ​មិន​ទាន់​សល់​លុយ​កាក់​ ឬមាន​ទ្រព្យ​សម្បត្តិ​ខ្លះទេ កុំ​ទាន់​ប្រញាប់​ពេក​អី​ត្រូវ​ខិត​ខំ​សិន​ទៅ។

5. មានភាពវ័យឆ្លាតក្នុងការដោះស្រាយបញ្ហា
គ្រប់​បញ្ហា​ទាំង​អស់ មិន​ថា រឿង​ហិរញ្ញវត្ថុរឿង​ការងារ រឿង​ជីវិត បើ​មិន​ទាន់​ចេះ​រក​ដំណោះ​ស្រាយ​បញ្ហាទាំងនេះទេ មាន​ន័យ​ថា នៅ​មិន​ទាន់​មាន​ភាព​ជា​អ្នក​ចាស់​ទុំ ជា​អ្នក​ដឹក​នាំ​ក្នុង​ខ្លួន​នៅ​ឡើយ​ទេ។ ត្រូវ​ដឹង​ថា ជីវិត​គូ​ក្រោយ​រៀបការ​ហើយ មាន​រឿង​ជា​ច្រើន​ត្រូវ​ឆ្លង​កាត់មិន​មែន​ឱ្យ​តែ​ចេះ​ស្រឡាញ់​គ្នា​តែ​ម្យ៉ាង​ចប់​រឿង​នោះ​ទេ។

6. រៀបចំគម្រោងការជីវិត
ចង់​បាន​គ្រួសារ​មួយ​ដ៏​មាន​សុភមង្គល ក្រោយ​រៀបការ​រួច គឺ​ត្រូវ​កំណត់​ផែន​ការជីវិតគូឱ្យបានច្បាស់​លាស់​សិន។ ផែន​ការ​ទាំង​នោះ​រាប់​បញ្ចូល​ទាំង រឿង​រកស៊ី តើ​​រៀបការ​ហើយ គួរ​តែ​នៅ​ធ្វើ​ការឱ្យ​គេ ឬចង់​រកស៊ី​ខ្លួន​ឯង? តើ​5 ឬ​10​ឆ្នាំ​ទៅ​មុខ​ទៀត​ចង់​មាន​អ្វី? ចង់​បាន​អ្វី? ដូច្នេះ​ត្រូវ​មាន​ផែន​ការឱ្យ​ច្បាស់​លាស់ សឹម​គិតគូរក្នុងការ​បង្កើត​គ្រួសារ៕

Advertisement