រឿង8យ៉ាងដែលស្ត្រីត្រូវដឹងមុនពេលសម្រេចចិត្តរៀបការ

មុនពេលវេលារៀបមង្គលការចូលមកដល់ ស្ត្រីភាគច្រើនមានអារម្មណ៍រវើរវាយ និងគិតច្រើនអំពីការត្រៀមខ្លួនទុកជាមុន និងគម្រោងការនៅក្នុងថ្ងៃរៀបមង្គលការ ទាំងការជ្រើសរើសឈុត ការថែទាំរក្សាស្បែកឱ្យស្អាតជាទីទាក់ចិត្តដល់សា្វមីជាគូស្នេហ៍ និងភ្ញៀវកត្តិយស ដែលមើលទៅធ្វើឱ្យនាងលេចធ្លោក្នុងកម្មវិធីទាំងមូល។ តែយ៉ាងណាមិញការតាំងស្មារតី គ្រប់គ្រងស្ថានភាពដើម្បីត្រៀមខ្លួនទុកជាមុននោះ ស្ត្រីទាំងឡាយគប្បីត្រូវដឹងអំពី8ចំណុចនេះជាមុនសិន មុនសម្រេចចិត្តរៀបការ។

1. កុំបារម្ភពីរូបរាង ខណៈមានពេលវេលាមិនគ្រប់គ្រាន់
បើទោះបីជារូបរាងខាងក្រៅជារឿងមួយដែលសំខាន់ តែតាមធាតុពិតទៅ ភ្ញៀវកត្តិយសដែលមកពិធីអាពាហ៍ពិពាហ៍របស់អ្នក ពួកគេមិនបានមកសំពះផ្ទឹម ឬដឹកដៃអ្នកនោះទេ។ ពោលគឺនៅពេលវេលាដែលភ្ញៀវដើរចូលមកក្នុងរោងពិធីពួកគេច្បាស់ណាស់ ចង់ទទួលស្នាមញញឹមពីកូនកំលោះ និងកូនក្រមុំ ជាការទទួលរាក់ទាក់យ៉ាងកក់ក្តៅ។ បើទោះបីជាពេលវេលាថែរក្សាសម្ផស្សមុនពេលរៀបការមិនមានច្រើនក្ដី តែអ្នកត្រូវតាំងស្មារតី ហើយកុំបារម្ភពីរូបរាងខាងក្រៅច្រើនពេក ព្រោះវានឹងបណ្ដាលឱ្យថ្ងៃពិសេសរបស់អ្នក ពោរពេញដោយភាពភ័យខ្លាច ហើយត្រូវតាំងស្មារតីឡើងវិញ។

2. ក្ដីបារម្ភអំពីរដូវកាល និងអាកាសធាតុក្នុងខែ ឬថ្ងៃរៀបការ
ស្ត្រីភាគច្រើនមានក្ដីបារម្ភច្រើនចំពោះថ្ងៃមង្គលការ ខ្លាចប៉ះចំអាកាសធាតុប្រែប្រួលតាមរដូវ-កាល តែបើការព្យាករណ៍ និងថ្ងៃកំណត់ពិធីរៀបអាពាហ៍ពិពាហ៍ ចៃដន្យមានប៉ះចំថ្ងៃមានបញ្ហាភ្លៀងខ្លាំង ឬមិនអំណោយផលផ្សេងៗនោះ អ្នកគួរគិតថា ត្រូវបណ្ដោយវាទៅតាមធម្មជាតិទៅចុះ សូមកុំកង្វល់ខ្លាំងពេកពីបញ្ហាអាកាសធាតុនោះ។ រឿងរៀបមង្គលការអាចបណ្ដាលឱ្យមានកង្វល់ច្រើន តែបណ្ដោយការគិតទៅតាមអ្វីដែលបម្រុងនឹងកើតឡើងទៅ ព្រោះអ្នកមិនអាចមានសមត្ថភាពផ្លាស់ប្ដូរអាកាសធាតុបានឡើយហើយក៏មិនអាចទស្សទាយដឹងមុនបានដែរ បើទោះបីមានការព្យាករណ៍ក៏ពិតមែន។

3. ការទទួលពាក្យសម្បថជាប្ដីប្រពន្ធ
ស្ត្រីអាចនឹងមានស្ថានភាពភ័យញាប់ញ័រច្រើនជាងបុរសនៅក្នុងពេលទទួលពាក្យសម្បថប្ដីប្រពន្ធ ឬការសន្យារបស់ប្ដីប្រពន្ធ នៅលើវេទិការ ខណៈដែលត្រូវប្រកាស និងបង្ហាញប្រាប់ដល់មហាជនឱ្យបានដឹងឭ (ភាគច្រើនការរៀបការរបស់ប្រជាជននៅបស្ចិមប្រទេស)។ ចំណុចនេះធ្វើឱ្យស្រ្តីយើងគិតច្រើន តែអ្នកត្រូវស្វែងយល់ មុនពេលសម្រេចចិត្តរៀបការជាមួយបុរសជាគូស្នេហ៍ គឺអ្នកបានស្គាល់ និងបានដឹងច្បាស់អំពីនិស្ស័យ អត្តចរិតរបស់គូស្នេហ៍របស់អ្នកច្បាស់ហើយ។ ដូច្នេះ ការនិយាយពាក្យសន្យាជាប្ដីប្រពន្ធ អ្នកគួរសរសេរទុកក្នុងចិត្តថា ត្រូវនិយាយចេញមកពីក្នុងចិត្ត និងអារម្មណ៍ដែលត្រូវនិយាយទៅកាន់អនាគតស្វាមីរបស់អ្នក គឺជាមនុស្សដែលអ្នកស្រឡាញ់ និងបានជ្រើសរើសជាគូវាសនា។

4. ផ្ដល់ភាពសំខាន់ចំពោះភ្ញៀវក្នុងកម្មវិធី
កុំភ្លេចផ្ដល់ភារៈសំខាន់ និងមើលថែក្នុងរឿងតូចៗជាមួយការយកចិត្តទុកដាក់ចំពោះភ្ញៀវកិត្តិយស ដែលបានមកចូលរួមនៅក្នុងកម្មវិធីមង្គលការយឺតយ៉ាវបន្ដិច ដោយការចាត់ចែងអាហារ និងភេសជ្ជៈឱ្យបានគ្រប់គ្រាន់ ព្រោះភ្ញៀវអាចនឹងមានបញ្ហាផ្ទាល់ខ្លួន។ ភ្ញៀវខ្លះទៀតអាចនឹងពិសាអាហារមួយចំនួនមិនបាន ព្រោះអាចមកពីស្ថានភាពជំងឺ ឬដោយសារជាតិសាសន៍ខុសគ្នា។ល។ អ្នកនឹងក្រុមគ្រួសារត្រូវយកចិត្តទុកដាក់សួរនាំភ្ញៀវកត្តិយសដែលបានអញ្ជើញមកចូលរួមឱ្យបានយ៉ាងគួរសម និងគ្រប់ៗគ្នា កុំឱ្យខ្វះចន្លោះដោយប្រការណាមួយឱ្យសោះ។

5. ត្រៀមគម្រោងក្រេបចន្ទទឹកឃ្មុំ ឬ Honey Moon ជាមុន
ពិធីមង្គលការបានប្រើប្រាស់ថវិកាអស់ច្រើនមកហើយ តែយ៉ាងណាក៏ដោយ អ្នកនឹងគូស្នេហ៍ច្បាស់ជាមានផែនការក្នុងការធ្វើដំណើរទៅក្រេបចន្ទទឹកឃ្មុំហើយ ដូច្នេះអ្នកអាចពិចារណាពីថវិការដែលនៅសល់ គ្រប់គ្រាន់សម្រាប់ការដើរលេង Honey Moon ដែរឬទេ? ឬក៏អ្នកធ្វើការបែងចែកថវិកាមួយចំនួនសម្រាប់គម្រោងនេះជាមុន ដែលអាចធានាបានថា វេលាផ្អែមល្ហែមរបស់អ្នកច្បាស់ជាត្រូវកើតឡើងនៅក្នុងជីវិតយ៉ាងពិតប្រាកដ។

6. កូនកំលោះកូនក្រមុំជួយគ្នាគិតគូរមុនថ្ងៃអាពាហ៍ពិពាហ៍
ជាធម្មតាមនុស្សភាគច្រើនតែងគិតថា ថ្ងៃរៀបអាពាហ៍ពិពាហ៍ គឺជាការងារដែលខាងកូនស្រីត្រូវចាត់ចែង តែអ្នកសូមកុំភ្លេចថា គូស្នេហ៍របស់អ្នកក៏មានភារៈសំខាន់មួយក្នុងការងារនេះដែរ។ ព្រោះប្រសិនបើមិនមានរូបគេទេនោះ ក៏មិនមានថ្ងៃពិសេសខាងមុខនេះដែរ។ ហេតុដូច្នេះ ត្រូវឱ្យគូស្នេហ៍មានសិទ្ធិក្នុងការជួយគិតគូរមុនរៀបអាពាហ៍ពិពាហ៍ដូចជា ការរៀបចំលិខិតអញ្ជើញភ្ញៀវ ការបែងចែកចំណាយ ការជ្រើសរើសទីតាំង និងការជ្រើសរើសឈុតសម្លៀកបំពាក់រៀបអាពាហ៍ពិពាហ៍ជាដើម។ អ្នកត្រូវដឹងថា ថ្ងៃរៀបអាពាហ៍ពិពាហ៍នេះ ក៏ជាថ្ងៃសំខាន់របស់គេដូចគ្នាដែរ។

7. ប្រយ័ត្នប្រយែងរឿងការចំណាយថវិកា
ជាច្រើនដងណាស់ហើយ ដែលបានឃើញការរៀបចំពិធីមង្គលការកើនការចំណាយលើសប្រមាណ ដូច្នេះអ្នក និងគូស្នេហ៍ត្រូវពិគ្រោះអំពីផែនការចំណាយឱ្យបានច្បាស់លាស់ ឬរៀបគម្រោង Wedding Planner ដែលមានភាពងាយស្រួលក្នុងការគ្រប់គ្រងការចំណាយនៅថ្ងៃរៀបមង្គលការ។ អ្នកត្រូវសម្លឹងមើលថវិកាដែលគ្រោងចំណាយច្រើនជាងអារម្មណ៍ចង់បាន អ្វីក៏ត្រូវចិត្ត អ្វីក៏គួរឱ្យស្រឡាញ់ តែគឺច្រើនជាងនិងលើសពីការចំណាយ ដូច្នេះត្រូវគ្រប់គ្រងឱ្យបានត្រឹមត្រូវ ទើបជាការល្អ។

8. ទទួលក្ដីរីករាយនៅក្នុងថ្ងៃអាពាហ៍ពិពាហ៍
ការត្រៀមខ្លួនជាមុនរបស់ស្ត្រីអាចមានភាពសាំញ៉ាំបន្ដិចមែន តែសូមកុំកង្វល់អី អ្នកមានថ្ងៃអាពាហ៍ពិពាហ៍មួយជីវិតតែម្ដងទេ ឪពុកម្ដាយ បងប្អូន ក្រុមគ្រួសាររបស់អ្នក ក៏បានជួយជ្រោមជ្រែងក្នុងការងារនាថ្ងៃនោះដែរ ដូច្នេះអ្នកត្រូវទទួលយកក្ដីរីករាយដ៏វិសេសវិសាលនៅក្នុងថ្ងៃដ៏សំខាន់របស់អ្នកយ៉ាងពេញទំហឹងតែម្ដងទៅ កុំមានការព្រួយបារម្ភច្រើនពេក៕

Advertisement