តប​បញ្ហា​សុខភាព​គូស្នេហ៍: ពិនិត្យ​សុខភាព​មុន​រៀបការ ត្រូវ​ពិនិត្យ​អ្វីខ្លះ?

ការពិនិត្យ​សុខភាព​រាងកាយ​មុន​រៀបការ ជា​រឿង​ដែល​គូស្នេហ៍​ទាំងឡាយ​គួរ​ធ្វើ​មុននឹង​សម្រេចចិត្ត​រស់នៅ​ជាមួយគ្នា​ជា​ជីវិត​គូ ឬ​រៀបការ ឬ​ការ​សាង​ក្រុមគ្រួសារ​ជាមួយគ្នា​យ៉ាងពិត​ប្រាកដ។ ដោយសារតែម្នាក់ៗធ្លាប់តែ​រស់នៅ​តាមបែប​របស់​ខ្លួនឯងរៀងៗខ្លួន​នោះ ការពិនិត្យ​សុខភាព​រាងកាយ​មុន​រៀបការ នឹង​បញ្ជាក់ប្រាប់​ពី​សុខភាព​របស់​អ្នក​ទាំងពីរ រួមទាំង​ភាព​រឹងប៉ឹង និង​ភាព​ត្រៀម​ជាស្រេច​ក្នុងការ​មាន​បុត្រ​ផងដែរ។

ចំណុច​ល្អ​របស់​ការពិនិត្យ​សុខភាព​រាងកាយ​មុន​រៀបការ
1. បង្ហាញ​ពី​ភាព​ស្មោះស្ម័គ្រ​ចំពោះ​គ្នា​ទៅវិញទៅមក
ដោយសារ​ការព្រម​ទៅពិនិត្យ​សុខភាព​ជាការ​បង្ហាញ​ប្រាប់​ពី​សេចក្ដីស្រឡាញ់​ដែលមាន​ចំពោះ​គ្នា និង​សម្ដែង​ឱ្យឃើញថា អ្នក​ត្រៀមខ្លួន​ជាស្រេច​ក្នុងការ​ពិនិត្យ​សុខភាព​ដើម្បី​រូបគេ(ឬ​នាង) ហើយ​បើសិនជា​រកឃើញ​ជំងឺ ឬ​រោគ​ណាមួយ​ដែល​អាច​ឆ្លង​រាលដាល​ទៅដល់​គេ(ឬ​នាង) ឬ​កូន ក៏​យើង​ត្រៀមខ្លួន​ជាស្រេច​ក្នុងការ​ទទួលយក​ការព្យាបាល ដើម្បី​ការពារ​ទុកជាមុន​ដែរ។

2. ត្រៀមខ្លួន​ជាស្រេច​សម្រាប់​ការ​សាង​ក្រុមគ្រួសារ
ជាការ​ពិនិត្យ​ដើម្បី​រកមើល​ថា តើ​គូស្នេហ៍​របស់​អ្នកមាន​ជំងឺឆ្លង​ដែល​នឹង​បង្ក​គ្រោះថ្នាក់​ដល់​ការតាំង​គភ៌​ឬទេ? ដើម្បី​នឹង​បាន​ព្យាបាល​ជាមុន ព្រោះ​រូបអ្នក​ខ្លួនឯង​ក៏​ប្រហែលជា​ចង់ឃើញ​កូនតូច​កើតមក​ព្រមជាមួយ​សុខភាព​រាងកាយ​ដែល​រឹងមាំ និង​ល្អឥតខ្ចោះ​បំផុត​ដែរ។

តើ​គ្រូពេទ្យ​នឹង​ពិនិត្យ​អ្វីខ្លះ?
នៅពេល​យល់ព្រម​ទៅ​ជួប​គ្រូពេទ្យ​ជាមួយគ្នា​ហើយ ក្រៅពី​គ្រូពេទ្យ​នឹង​ពិនិត្យ​រាងកាយ​ជាទូទៅ​ហើយ ពេទ្យ​អាច​នឹង​ពិនិត្យ​ឈាម​ ដើម្បី​រកមើល​ភាពខុសប្រក្រតី​ណាមួយ​ដែល​អាច​នឹង​បង្កប់​នៅក្នុង​នោះ ដូចជា៖

1. ក្រុម​ឈាម : ដើម្បី​ឱ្យដឹងថា ជា​ឈាម​ក្រុម A, B, AB ឬ O។

2. ភាព​ខាប់​របស់​គ្រាប់​ឈាមក្រហម : ដើម្បី​រកមើល​ថា តើ​មាន​លោហិត​ស្លេក​ឬទេ? បើសិន​មាន​សភាវ​លោហិត​ស្លេក គ្រូពេទ្យ​នឹងធ្វើ​ការពិនិត្យ​រកមើល​មូលហេតុ​ជា​បន្ត។

3. ស៊ី​ហ្វ៊ី​លី​ស ឬ​ដែល​និយម​ហៅថា រោគ​ស្វាយ :
ជា​ជំងឺ​កាមរោគ​មួយ​ប្រភេទ។ អាច​មិន​ដែលមាន​ចេញ​អាការ​អ្វី​ប្លែក​មែន តែ​អាច​ពិនិត្យឃើញ​ដោយ​ការ​ពិន​ត្យ​ឈាម។

4. រើម : ជំងឺ​នេះ​ជួន​កើត ជួន​បាត់ និង​មិនទាន់មាន​ថ្នាំ​ណាមួយ​អាច​ព្យាបាល​រោគ​រើម​ដែល​បង្កដោយ​មេរោគ​វីរុស​ឱ្យ​ជា​ដាច់​បាន​នៅឡើយ។

5. វីរុស​រលាក​ថ្លើម B : បើ​រកឃើញថា មាន​មេរោគ​រលាក​ថ្លើម B ក៏​នឹង​បាន​មើលថែទាំ​ខ្លួនឯង និង​ការពារ​មិនឱ្យ​ឆ្លង​រាលដាល។

6. មេរោគ​វីរុស​អេដស៍ : សម្រាប់​ការពិនិត្យ​រក​មេរោគ​អេដស៍​នេះ ស្រេច​លើ​ការស្ម័គ្រចិត្ត​របស់​អនាគត​គូ​ស្វាមីភរិយា​ថា តើ​ត្រូវការ​ពិនិត្យ​ឬទេ? តែ​អ្នក​ដែល​ដឹងខ្លួន​ថា ស្ថិតក្នុង​ក្រុម​ប្រថុយប្រថាន (ស្ត្រី​មាន​អាជីព​ពិសេស ពួក​ស្រឡាញ់​ភេទ​ដូចគ្នា) ក៏​គួរ​ពិនិត្យ​ទុកឱ្យហើយ​ប្រសើរ​ជាងនោះ​ក៏​ដោយសារតែ​មនុស្ស​គ្រប់រូប​ដឹង​ច្បាស់​ហើយ​ថា ម​ច្ចុរាជ​ដែលមាន​ឈ្មោះថា “អេដស៍” នេះ​គួរឱ្យ​ភ័យខ្លាច​ប៉ុនណា ហើយ​ការ​រួមភេទ​រួម​ឈាម​ជាមួយ​អ្នក​ដែល​ផ្ទុកមេរោគ​អេដស៍​នេះ អ្នក​មានឱកាស​ក្លាយជា “សមាជិក​ថ្មី” របស់​ពួកគេ​យ៉ាង​ប្រាកដ។

ពេល​អាន​ចប់​ហើយ កុំអាល​ខ្លាច​ការរៀបការ​អី ព្រោះ​ការ​ស្គាល់​ពី​ជំងឺ ស្គាល់​ការការពារ ក៏​ប្រៀបដូចជា​មាន​ប្រព័ន្ធ​ការពារ​ជំងឺ​ដែល​ធ្វើឱ្យ​យើង​មាន​សុខ​ភាពល្អ​ដូច្នោះ​ដែរ ទោះជា​ជំងឺឆ្លង​តាម​ការ​មាន​ភេទ​សម្ព័ន្ធ​ប្រភេទ​ខ្លះ​នៅ​មិនទាន់មាន​ថ្នាំ​ព្យាបាល​ឱ្យ​ជា​ដាច់ ឬ​មាន​វ៉ាក់សាំង​ដែល​អាច​ការពារ​បាន​នៅឡើយ​ក្ដី តែ​ក៏​នៅមាន​វិធី​ផ្សេង​អាចជួយ​បានដែរ​បើ​បានដឹង​មុន​ដោយ​ការពិនិត្យ​សុខភាព​រាងកាយ​មុន​រៀបការ។ ទាំងអស់នេះ​គឺ​ដើម្បី​មិនឱ្យ​រោគ​ឆ្លង​រាលដាល​ទៅ​ស្វាមី ឬ​ភរិយា ឬ​កូនតូច​ក្នុង​គភ៌​តាមរយៈ​ឈាម​ហ្នឹងឯង៕

Advertisement