ការរៀប​ការ​នឹង​ធ្វើឱ្យ​អ្នកមាន​សេចក្ដីសុខ និង​អាយុ​វែង

អ្នក​ដែលមាន​សុខភាព​ល្អ មិនមែនជា​មនុស្ស​ដែលមាន​សេចក្ដីសុខ​តែ​ម្យ៉ាង​នោះទេ តែ​បច្ចុប្បន្ននេះ​គួរតែ​រាប់​ការរៀប​ការចូល​ផងដែរ ព្រោះ​គូ​អាពាហ៍ពិពាហ៍ គឺជា​អ្នក​ដែល​សាង​សេចក្ដីសុខ​ដល់​រូបអ្នក និង​ធ្វើឱ្យ​អាយុ​របស់​អ្នក​កាន់តែ​វែង​ឡើង​ទៀតផង។ ក្រុម​អ្នកស្រាវជ្រាវ​ផ្នែក​កម្មវិធី​កាំរស្មី​មហារីក​វិទ្យា​ពី​មហាវិទ្យាល័យ ហា​វ៉ាដ បាន​រកឃើញថា អ្នក​ដែល​រៀបការ ហើយ​មាន​ជំងឺមហារីក​នឹងមាន​ជីវិត​រស់នៅ​បាន​យូរ​ជាង​អ្នក​នៅ​លីវ ហើយ​មាន​ជំងឺ​ដូចគ្នា។

ក្នុងអំឡុង4ឆ្នាំកន្លងមក មាន​អ្នកជំងឺ​ច្រើនជាង735,000នាក់​បានទទួល​ការវិនិច្ឆ័យ​ថា កើត​ជំងឺមហារីក និង​ជំងឺមហារីក​ចង្រៃ​ដែល​សម្លាប់​ជីវិត​មនុស្ស​មានដូចជា មហារីក​ពោះវៀនធំ មហារីក​សុដន់ និង​មហារីក​ថ្លើម។ តាមរយៈ​ការសិក្សា​ស្រាវជ្រាវ​បាន​រកឃើញថា ការ​នៅ​លីវ​គឺជា​បច្ច័យ​ប្រថុយប្រថាន​សម្រាប់​អ្នក​កើត​ជំងឺមហារីក ពួកគេ​អាច​នឹង​គ្មាន​សេចក្ដី​ព្យាយាម និង​តាំងចិត្ត​ចូលទៅ​ទទួលយក​ការព្យាបាល​តាម​ដែល​អាចធ្វើ​បានឡើយ។ ដោយហេតុនេះ ការគាំទ្រ​ពី​ដៃគូ​ជីវិត​នឹង​នឹង​ជួយ​ជំរុញ​ឱ្យ​អ្នក​មានជីវិត​កាន់​យឺនយូរ​ឡើង ដូច្នេះ​គោល​បំណង​ចុងក្រោយ​នាំ​ការ​មានជីវិត​រស់នៅ​យូរអង្វែង គឺ​ការ​មានជីវិត​អាពាហ៍ពិពាហ៍​ដែល​ល្អ និង​ឥតខ្ចោះ។ ក្រៅពីនេះ ការសិក្សា​ស្រាវជ្រាវផ្សេងៗទៀត​នៅបាន​រកឃើញ​ទៀតថា គូ​អាពាហ៍ពិពាហ៍​ដែលមាន​សេចក្ដីសុខ​ច្រើន​តែមាន​សុខភាព​ល្អប្រសើរ​ជាង​មនុស្ស​ទាំងឡាយ​ទៀតផង។

ការសិក្សា​ស្រាវជ្រាវ​មួយ​ដែល​បាន​បោះពុម្ពផ្សាយ​នៅក្នុង​ព្រឹត្តិបត្រ​ពាក់ព័ន្ធ​នឹង​ការ​រៀបការ និង​គ្រួសារ បាន​តាមដាន​គូ​ស្វាមីភរិយា​ចំនួន1,681គូ​ដើម្បី​នឹង​សង្កេត​មើលថា តើ​សភាវ​សេចក្ដីសុខ​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​មាន​ផលដល់​សុខភាព​រាងកាយ​របស់​ពួកគេ​យ៉ាងណាខ្លះ?​ ការសិក្សា​ស្រាវជ្រាវ​នោះបាន​រកឃើញថា កិច្ចការងារ​រវាង​គូ​ស្វាមីភរិយា ដូច​ជា ការ​ដើរលេង​ក្នុងពេល​រាត្រី ការមើល​ខ្សែភាពយន្ត​នៅពេល​យប់ ឬ​ការ​ចេញទៅ​ញ៉ាំ​អាហារ​នៅក្រៅ​ផ្ទះជាមួយគ្នា សុទ្ធតែ​ធ្វើឱ្យ​គូ​ស្វាមីភរិយា​ទាំងនោះ​មាន​សេចក្ដីសុខ និង​មាន​សុខភាព​ល្អ​ឡើង។ អ្នកសិក្សា​ស្រាវជ្រាវ​ក៏បាន​ធ្វើការ​វិភាគ​ដោយ​ការដាក់​សំនួរ 11ចំណុច​សម្រាប់​គូ​ស្វាមីភរិយា​ចំនួន 1,681គូ​នោះ ដើម្បី​សង្កេត​មើលថា តើ​ពួកគេ​មាន​សេចក្ដី​សុខប៉ុនណា និង​មាន​វិធី​ចាត់ការជាមួយ​ការ​ប្រចណ្ឌ​ហួងហែង កំហឹង និង​ភាពមិនស្មោះត្រង់​នឹង​គ្នា​យ៉ាងណាខ្លះ​ទៀតផង។

លទ្ធផល​នៃ​ការវិភាគ​បានបង្ហាញ​ឱ្យដឹងថា ជីវិត​អាពាហ៍ពិពាហ៍​ដែលមាន​គុណភាព និង​ការ​មាន​សុខ​ភាពល្អ​នោះ ជា​រឿង​ដែល​គួបផ្សំ​ទៅ​ជាមួយគ្នា ហើយទោះបីជា​គូ​ស្វាមីភរិយា​មាន​អាយុ​ខុស​ឆ្ងាយ​ពីគ្នា​ក៏ដោយ ក៏​សម្ព័ន្ធភាព​ដែល​អស្ចារ្យ​បំផុត​នៅតែ​ជា​ជីវិត​អាពាហ៍ពិពាហ៍​ដែល​ពោរពេញ​ទៅដោយ​សេចក្ដីសុខ និង​មាន​សុខភាព​ដែល​រឹងប៉ឹង​ល្អ​ដែរ។

គ្មាន​ចំណុច​ជំទាស់​អ្វី​ទាំងអស់​សម្រាប់​ការងារ​វិភាគ​ទាំង2យ៉ាងនេះ ហើយ​អ្វីដែល​សំខាន់ ការវិភាគ​នេះ​ថែមទាំង​ជាការ​ចង្អុល​ឱ្យឃើញ​ពី​ភាព​សំខាន់​របស់​តួ​បុគ្គល សម្ព័ន្ធភាព និង​ការ​រៀបការ​ផងដែរ៕

Advertisement