ញាំបង្គាគល់ស្លឹកគ្រៃរសជាតិពិសេស

គ្រាន់តែឃើញចំណងជើងនៃឈ្មោះមុខម្ហូប អមជាមួយរូបភាពនៅលើទំព័រនេះជឿថា លោកអ្នកប្រាកដជាលួចលេបទឹកមាត់ជាក់ជាមិនខាន ដ្បិតតែឃើញសាច់បង្គាផុសឡើងទាំងព្រម ជាមួយជីអង្កាម និងគល់ស្លឹកគ្រៃហាន់ រួមជាមួយនឹងទឹកគ្រឿងដែលផ្សំឡើងពីធាតុផ្សំរសជាតិជាច្រើនមុខទៀត។ សូមបន្តស្វែងយល់ពីរបៀបនៃការធ្វើ ក៏ដូចជាភ្លក្សរសជាតិនៃអាហារពិសេសប្រចាំខែដែលផ្តល់ជូនដោយភោជនីយដ្ឋាន One More ក្រោមការរៀបចំយ៉ាងចំណានពីមេចុងភៅមានជំនាញផ្នែកអាហារដែលមានបទពិសោធច្រើនជាង15ឆ្នាំ។

+ គ្រឿងផ្សំ
* បង្គាស្រស់ (យកបង្គាធំ) 170ក្រាម
* ម្ទេសដៃនាងក្រហម 2ក្រាម
* គល់ស្លឹកគ្រៃហាន់ 50ក្រាម
* ជីអង្កាម 5ក្រាម
* ខ្ទឹមក្រហម 15ក្រាម
* ម្ទេសដៃនាងក្រៀម 2ក្រាម
* គ្រាប់ស្វាយចន្ទី
* គ្រឿងម្ទេសកំប៉ុងថៃ
* ទឹកក្រូចឆ្មារ
* អំបិល
* ទឹកត្រី
* ស្ករស

+ របៀបធ្វើ
ចំពោះមុខម្ហូបដែលគួរឱ្យចង់ទទួលទានមួយនេះហាក់មិនពិបាកក្នុងការចម្អិននោះឡើយ ដោយដំបូងលោកអ្នកគ្រាន់តែស្វែងរកនូវគ្រឿងផ្សំដូចដែលបានជម្រាបជូនខាងលើនេះជាមុន ហើយធ្វើតាមការណែនាំដូចតទៅនេះ។
យកបង្គាស្រស់លាងសម្អាតឱ្យស្អាត រួចយកទៅស្រុសជាមួយទឹកក្ដៅ ហើយយកទៅត្រាំក្នុងទឹកកក ដើម្បីធ្វើឱ្យសាច់បង្គាហាប់ណែន និងស្វិតល្អ។ ជាបន្ទាប់លោកអ្នកត្រូវគ្រាន់តែយកបង្គាទៅច្របល់បញ្ចូលគ្នាជាមួយទឹកញាំ ដោយបន្ថែមគ្រាប់ស្វាយចន្ទី ដើម្បីបង្កើនរសជាតិឱ្យកាន់តែឈ្ងុយឆ្ងាញ់ប្លែកជាការស្រេច។

+ របៀបធ្វើទឹកញាំ
យកគ្រឿងម្ទេសកំប៉ុងថៃលាយជាមួយទឹកក្រូចឆ្មារ, គល់ស្លឹកគ្រៃ-ហាន់, ស្ករស, ទឹកត្រី, អំបិល កូរបញ្ចូលគ្នា ភ្លក្សរសជាតិ ឬអាចបន្ថែមម្ទេសក៏បានអាស្រ័យតាមចំណូលចិត្ត។ ក្រោយពេលធ្វើទឹកញាំរួចហើយ លោកអ្នកយកទៅច្របល់បញ្ចូលគ្នាជាមួយបង្គា គ្រាប់ស្វាយចន្ទី និងជីអង្កាម ចាត់ទុកថារួចរាល់។ ជាចុងក្រោយបន្ទាប់ពីដួសដាក់នៅលើចាន លោកអ្នកអាចយកម្ទេសក្រៀមមកលម្អបន្ថែមជាការស្រេច។

បញ្ជាក់ៈ សម្រាប់ម្ទេសក្រៀម ត្រូវយកទៅបំពងជាមុន ដើម្បីឱ្យមានក្លិនឈ្ងុយ សម្រាប់លោកអ្នកដែលនិយមរសជាតិហឹរទទួលទានជាមួយមុខម្ហូបញាំបង្គាគល់ស្លឹកគ្រៃនេះគឺពិតជាពេញចិត្តជាមិនខាន៕

ព័ត៌មានបន្ថែមទំនាក់ទំនងមកភោជនីយដ្ឋាន One More តាមរយៈលេខទូរស័ព្ទ 023 888 555 / 081 380 333

Advertisement