8 សញ្ញា ដាស់តឿន​ថា អ្នក​កំពុងតែ “ញ៉ាំ​ទឹក​តិចពេក​ហើយ”

ជីវិត​ដ៏​សែន​ប្រញាប់ប្រញាល់​របស់​អ្នក អាច​នឹង​ធ្វើឱ្យ​អ្នក​ភ្លេច​ញ៉ាំ​ទឹក​ឱ្យបាន​គ្រប់គ្រាន់​នឹង​តម្រូវការ​របស់​រាងកាយ ដែល​ការ​ញ៉ាំ​ទឹកបាន​តិច​នេះ​នឹង​បង្ក​ឱ្យ​កើត​ចំណុច​អាក្រក់​ជាច្រើន​យ៉ាង រួមទាំង​ជំងឺ​ដ៏​គួរឱ្យ​ភ័យខ្លាច ដូចជា ​រលាក​ប្លោកនោម ឬ​រលាក​តម្រងនោមជាដើម​ទៀតផង។ល។ តែ​បញ្ហា​គឺ អ្នក​អាច​នឹងមិន​ដឹងខ្លួន​ថា អ្នកកំពុងតែ​ញ៉ាំ​ទឹកបាន​តិចពេក​នោះឡើយ ដូច្នេះ​អ្នក​នាំគ្នា​មក​សង្កេតមើល​រាងកាយ​របស់​អ្នក​វិញ​ប្រសើរ​ជាង​ថា តើ​ដល់ពេល​ហើយ ឬ​នៅ ដែល​អ្នកគួរតែ​បន្ថែម​ទឹក​ឱ្យ​រាងកាយ​ឱ្យបាន​ច្រើនឡើង?

1. ការ​ស្រេកទឹក
គឺ​ពេលខ្លះ​អ្នកអាច​នឹង​ស្រេកទឹក​ដោយ​មិនដឹង​ខ្លួន ហើយ​ពេល​បាន​ញ៉ាំ​ទឹក សឹងតែ​មិន​ចង់​ឈប់​ញ៉ាំ លើក​កែវ​ឡើង​ញ៉ាំ​តែម្ដង​អស់ហើយថែមទាំង​អាច​នៅមាន​អារម្មណ៍​ថា មិនទាន់​បាត់​ស្រេក​ទៀត។

2. ទឹកមូត្រ​មាន​ពណ៌​លឿងចាស់-ពណ៌​ទឹកក្រូច​ជាប្រចាំ
ពណ៌​របស់​ទឹកមូត្រ​ដែល​ប្រក្រតី​គួរតែ​ជា​ពណ៌​លឿងខ្ចី​ស្រាល និង​ក្លិន​ក៏​មិនគួរ​ឈួ​ល​ខ្លាំង​រហូត​មាន​អារម្មណ៍​ដឹងថា​ខុស​ប្រក្រតី​យ៉ាងច្បាស់​ដែរ។ ទឹកមូត្រ​ពណ៌​លឿងចាស់ ហើយ​មាន​អារម្មណ៍​ថា​ដូចជា​រាងខាប់ៗនោះ គឺ​បញ្ជាក់ថា អ្នក​ញ៉ាំ​ទឹកបាន​តិចពេក​ហើយ។

3. បត់ជើងតូច​មិន​ដល់4ដង​ក្នុង​មួយថ្ងៃ
មនុស្ស​ប្រក្រតី​ត្រូវតែ​ក្រោក​ទៅ​ចូល​បន្ទប់ទឹក​ដើម្បី​បត់ជើងតូច​ច្រើនជាង 4ដង​ក្នុង​មួយថ្ងៃ តែបើ​អ្នក​ដឹងខ្លួន​ថា ថ្ងៃ​ខ្លះ​ដែល​អ្នក​អង្គុយ​ធ្វើការ និង​សឹងតែ​មិនបាន​ទៅ​ចូល​បន្ទប់ទឹក​សោះ​នោះ អ្នក​គួរតែ​ដឹងខ្លួន និង​សួរ​ខ្លួនឯង​ហើយ​ថា អេ៎ ថ្ងៃនេះ​បាន​ញ៉ាំ​ទឹក​ខ្លះ​នៅ​ហ្នឹង?

4. បបូរមាត់​ស្ងួត
ក្រៅពី​មានប្រតិកម្ម​ចាញ់​ក្រែ​ម​លាប​មាត់​ហើយ បើ​អ្នកមាន​អាការ​ស្ងួត​បបូរមាត់​ញឹកញាប់ នោះអាច​បណ្ដាលមកពី​រាងកាយ​របស់​អ្នក​ខ្វះ​ទឹក​ច្រើន​ហើយ។

5. ភ្នែក​ឡើង​ស្ងួត
រឹតតែ​អ្នកណា​ដែល​អង្គុយ​ធ្វើការ​នៅមុខ​កុំព្យូទ័រ ឬ​ពាក់​ខន់​ថិ​កលេ​នស៍​ផង​នោះ នឹង​ជួប​បញ្ហា​ស្ងួត​ភ្នែក​ញឹកញាប់ រឹតតែ​បើសិនជា​អ្នក​ញ៉ាំ​ទឹក​មិនបាន​គ្រប់គ្រាន់​ផង​នោះ ភ្នែក​របស់​អ្នកនឹង​រឹតតែ​ស្ងួត​ខ្លាំង​ឡើង។ ស្ងួត​ដល់​ថ្នាក់​ពិបាក​ពាក់​ខន់​ថិ​កលេ​នស៍ ឬ​សូម្បីតែ​ពេល​ដោះ​ក៏​រឹតតែ​ពិបាក​ដែរ ព្រោះ​ខន់​ថិ​កលេ​ន​ស៍នឹង​បឺត​ជាប់​នឹង​ភ្នែក ព្រោះ​ខ្វះ​សំណើម… គួរឱ្យខ្លាច​ណាស់​មែន​ទេ?

6. ទល់លាមក
ប្រាកដ​ណាស់ នៅពេល​រាងកាយ​មិនបាន​ទទួល​ទឹក​យ៉ាង​គ្រប់គ្រាន់ កាក​សរសៃ​អាហារ​ដែល​ឆ្លងកាត់​ការរំលាយ ការ​ត្រង​ចេញ​ក៏​ខ្វះ​សំណើម​ដូចគ្នា ដូច្នេះ​លាមក​នឹង​ឡើង​រឹង ពិបាក​បត់ជើង ភ្លេចៗខ្លួន​អាច​កើត​អាការ​ទល់លាមក​ញឹកញាប់ ធ្វើឱ្យ​ប្រថុយ​នឹង​ជំងឺ​ឫសដូងបាត​ទៀតផង។

7. ស្បែក​ស្ងួត ស្លាកស្នាម​សួររក​មុខមុន​វ័យ
ត​ឱ្យ​អ្នកមាន​ស្បែក​ឡើង​ប្រេង​ក៏ដោយ តែ​អ្នកនឹង​ក្លាយជា​មនុស្ស​ស្បែក​ឡើង​ប្រេង​ដែល​ខ្វះ​ជាតិ​ទឹក ស្បែក​របស់​អ្នកនឹង​រឹតតែ​ឡើង​ប្រេង​ខ្លាំង​ឡើង ព្រោះ​នៅពេល​អ្នកមាន​ស្បែក​ស្ងួត​ជ្រុល​ពេក ក្រពេញ​ខ្លាញ់​នៅក្រោម​ស្រទាប់​ស្បែក​នឹង​រឹតតែ​ផលិត​ប្រេង​ឡើងមក​ស្រោប​ស្បែក​មិនឱ្យ​ស្បែក​ស្ងួត។ តែបើ​អ្នកជា​មនុស្ស​ស្បែក​ស្ងួត​វិញ ក៏​នឹង​រឹតតែ​ស្ងួត​ខ្លាំង​ឡើង​ទៀត ហើយ​ចុងក្រោយ ស្លាកស្នាម​ក៏​នឹង​មក​សួរសុខទុក្ខ​មុន​វ័យ​មិន​ខាន។ សាកល្បង​សង្កេត​មើលថា តើ​ស្លាកស្នាម​នៅ​ម្ដុំ​ថ្ពាល់ ចុង​ភ្នែក និង​ថ្ងាស​មកដល់​ហើយ​ឬ​នៅ? បើ​អ្នក​អាយុ​នៅ​តិច​សោះ ស្រាប់​តែមាន​ស្លាកស្នាម​ឡើង​ពេញមុខ​ហើយ​នោះ បញ្ជាក់ថា ស្បែក​របស់​អ្នក​ខ្វះ​សំណើម​ហើយ ហើយអ្នក​អាច​ញ៉ាំ​ទឹក​មិនបាន​ច្រើន​គ្រប់គ្រាន់​ហ្នឹងឯង។

8. ប្រព័ន្ធ​រំលាយ​អាហារ​មាន​បញ្ហា
អ្នក​ដែល​ញ៉ាំ​ទឹក​មិន​គ្រប់គ្រាន់ មានឱកាស​កើតរោគ​ក្រពះ ឬ​អាស៊ីត​ហូរ​បញ្ច្រាស់​ខ្លាំង​ជាង​ប្រក្រតី ព្រោះ​នៅពេលដែល​ក្រពះ​មានទឹក​មកជួយ​រំលាយ​អាហារ​មិន​គ្រប់គ្រាន់ បរិមាណ​របស់​អាស៊ីត​ក៏​នឹង​ខាប់​ខ្លាំង​ឡើងភាពរឹងមាំ​របស់​ក្រពះ​ក្នុងការ​រំលាយ​អាហារ រួមទាំង​ទឹករំអិល​ដែល​ជួយ​ក្នុងការ​រំលាយ​អាហារ​ក្នុង​ក្រពះ​ក៏​ថយចុះ អាចធ្វើឱ្យ​អាហារ​មិន​រំលាយ ធ្វើឱ្យ​តឹង​ពោះ​ឆ្អល់ពោះ ឬយូរៗទៅ​អាច​ប្រថុយ​នឹង​អាការ​អាស៊ីត​ហូរ​បញ្ច្រាស់​បាន។

វិធី​ការពារ​មិនឱ្យ​រាងកាយ​ខ្វះ​ទឹក​ក៏ងាយៗគ្មានអ្វី​ពិបាក​សោះ ដោយ​អ្នក​គ្រាន់តែ​ដាក់​កែវ​ទឹក​នៅជិតៗខ្លួន ហើយ​លើក​ក្រេប​ឱ្យបាន​ញឹកញាប់​ពេញ​មួយថ្ងៃ និង​ត្រូវ​ញ៉ាំ​ឱ្យអស់​រៀងរាល់ថ្ងៃ ហើយ​កុំ​រវល់​តែ​វីវក់​ជាមួយ​ការងារ​រហូតដល់​ភ្លេច​ញ៉ាំ​ទឹក​ញឹកញាប់​ឱ្យសោះ។ តែ​ប៉ុណ្ណឹង​រាងកាយ​របស់​អ្នកនឹង​បានទទួល​ទឹក​យ៉ាង​គ្រប់គ្រាន់​មិន​ខាន៕

Advertisement