អាថ៌កំបាំងរក្សាសម្រស់ស្បែកមុខសម្រាប់កូនក្រមុំវ័យ25ឆ្នាំឡើង

ភាពស្រស់ស្អាតគឺជារឿងសំខាន់សម្រាប់នារីគ្រប់រូប ជាពិសេសក្រមុំៗ ដែលកំពុងត្រៀមខ្លួនក្លាយជាកូនក្រមុំ កាន់តែត្រូវការគន្លឹះក្នុងការថែរក្សាសម្រស់ខ្លាំងឡើងតែម្ដង។ ដើម្បីឱ្យខ្លួនអ្នកអាចក្លាយជាកូនក្រមុំដែលស្រស់ស្អាតបំផុតក្នុងថ្ងៃរៀបមង្គលការរបស់ខ្លួន តើអ្នកមានពេលវេលាគ្រប់គ្រាន់ក្នុងការថែរក្សាសម្រស់ស្បែកមុខហើយឬនៅ? តើស្បែកមុខរបស់អ្នកមើលទៅស្រស់ថ្លា សម៉ដ្ឋរលោងឬនៅ? អ្នកត្រូវត្រៀមខ្លួនជាស្រេចក្នុងការរៀបចំស្បែកមុខមុនថ្ងៃរៀបការចូលមកដល់ណា៎។ ពេលវេលារៀបមង្គលការរបស់អ្នកកាន់តែកៀកហើយ អ្នកមានពេលវេលាខ្លីណាស់សម្រាប់ត្រៀមខ្លួន ណាមួយត្រូវរៀបចំគម្រោងការសម្រាប់កម្មវិធីអាពាហ៍ពិពាហ៍ ចែកធៀបការ និងត្រូវទទួលបងប្អូនញាតិមិត្តមកចូលរួម និងជួយនៅក្នុងកម្មវិធីទៀត។ ដើម្បីកុំឱ្យខកខានយូរ ទស្សនាវដ្ដី ឡារ៉ែន សូមប្រាប់ពីអាថកំបាំងរក្សាសម្រស់ស្បែកមុខសម្រាប់កូនក្រមុំ ក្នុងរយៈពេល7ថ្ងៃ គឺសម្រាប់កូនក្រមុំមានវ័យ25ឆ្នាំឡើង។

ការថែរក្សាស្បែកមុខរបស់កូនក្រមុំវ័យ25ឆ្នាំឡើង
កូនក្រមុំក្នុងវ័យនីមួយៗ មានបញ្ហាស្បែកមុខខុសៗគ្នា កូនក្រមុំដែលមានអាយុនៅក្នុងអំឡុង25ឆ្នាំឡើងទៅនោះ អាចមានបញ្ហារឿងមុខមុន និងស្បែកមុខខ្លាញ់កើតឡើងភាគច្រើនដោយសារតែការផ្លាស់ប្ដូរអ័រម៉ូននៅក្នុងរាងកាយ។ នារីៗមួយចំនួនទៀត ភ្នាសស្បែកមុខ និងការលូតលាស់របស់ភ្នាសស្បែកមុខមានសភាពប្រែប្រួលខ្លាំង ក៏ជាបញ្ហាដែរ។ ស្បែកមុខដែលធ្លាប់មានសភាពតឹងណែន និងស្រស់ថ្លាបានផ្លាស់ប្រែទៅជាជ្រីវជ្រួញ និងជាំខ្មៅទៅតាមសភាពវ័យ។ ដូច្នេះហើយ នៅក្នុងផលិតផលមួយចំនួនដែលអាចជួយកម្ចាត់កោសិកាស្បែកខូច និងអាចជួយបំប៉នពង្រឹងកោសិកាស្បែកមុខ និងភ្នាសស្បែកមុខឱ្យលូតលាស់មកតឹងណែនឡើងវិញបាននោះ គឺមានបញ្ចូលនូវសារធាតុផ្សំពី AHA និង BHA ដែលវាបានជួយស្បែកមុខឱ្យស តឹងណែន ម៉ដ្ឋរលើបរលោង និងស្រស់ផូរផង់។ យ៉ាងណាមិញ អ្នកក៏មិនអាចចោលការប្រើប្រាស់ឡេការពារកម្ដៅថ្ងៃពីកាំរស្មី UV ព្រះអាទិត្យផងដែរ ព្រោះកម្ដៅថ្ងៃ និងពន្លឺអំពូលភ្លើងមួយចំនួន ដូចជា អេក្រង់កុំព្យូទ័រ ក៏បានបំផ្លាញកោសិកាស្បែកមុខ និងធ្វើឱ្យមុខជាំខ្មៅផងដែរ។ កាន់តែខ្វះមិនបានទៀតនោះគឺ ផលិតផលដែលមានផ្សំពីសារធាតុធ្វើឱ្យស្បែកមុខស ដែលអាចប្រើប្រាស់ដឹងលទ្ធផលក្នុងរយៈពេល1-2សប្ដាហ៍ ដោយមិនមានការប៉ះពាល់ចំពោះស្បែកមុខរបស់អ្នកឡើយ។ ផលិតផលនេះ អ្នកត្រូវព្យាយាមប្រើប្រាស់ឱ្យបានជាប់ជាប្រចាំ ទាំងបរិវេណស្បែកមុខ និងស្បែកក។

ការថែរក្សាស្បែកមុខ និងវិធីត្រៀមខ្លួនជាកូនក្រមុំកក្នុងរយៈពេល7ថ្ងៃ មុនពេលរៀបការ
នៅក្នុងអំឡុងពេល7ថ្ងៃ ឬមួយសបា្ដហ៍មុនពេលរៀបអាពាហ៍ពិពាហ៍ អាចចាត់ទុកថា ជារឿងសំខាន់សម្រាប់កូនក្រមុំទាំងឡាយដែលត្រូវយកចិត្តទុកដាក់ថែរក្សាស្បែកខ្លួន និងស្បែកមុខជាពិសេសតែម្ដង។ បើទោះបីជាត្រូវធ្វើតិច ឬច្រើន សម្រាប់ថែទាំសុខភាពស្បែកមុខ ដោយវិធីផ្សេងៗគ្នាទៅតាមប្រភេទស្បែក ក៏អ្នកត្រូវត្រៀមខ្លួនថែរក្សាសុខភាពស្បែកតាមរយៈគន្លឹះដូចខាងក្រោមនេះ ៖

7ថ្ងៃមុនពេលរៀបការ
ធ្វើការម៉ាសស្បែកមុខ15នាទីជាប្រចាំថ្ងៃតែបើស្បែកមុខរបស់អ្នកឡើងមុនច្រើន និងមានរន្ធរោមធំៗ ហើយមានស្លាក​ស្នាមច្រើនមិនងាយជាសះស្បើយ អ្នកត្រូវទៅពិភាក្សាជាមួយអ្នកជំនាញខាងស្បែក ដោយអាចនឹងត្រូវចាក់បន្ថែមវីតាមីនដល់ស្បែកមុខ និង ហ្វីលល័រ (Filler) ស្បែកមុខឱ្យមើលទៅតឹងណែន និងរលើបរលោងជាដើម។

6ថ្ងៃមុនពេលរៀបការ
សាកល្បងគូសចិញ្ចើម ឬជ្រើសរើសម៉ូដចិញ្ចើមឱ្យសមនឹងទម្រង់មុខរបស់អ្នក។ ធ្វើឡាស៊ែរកម្ចាត់រោម តែប្រសិនបើអ្នកមិនធ្លាប់ធ្វើឡាស៊ែរទេ អាចប្រើប្រាស់ផលិតផលបករោមមុខ ដោយធ្វើការម៉ាស្សាមុខ និងបករោមតូចៗចេញពីលើស្បែកមុខក៏បាន។

5ថ្ងៃមុនពេលរៀបការ
បំប៉នស្បែកមុខរបស់អ្នក ដើម្បីឱ្យស្បែកមុខឡើងសស្អាតម៉ដ្ឋរលោងនាថ្ងៃរៀបមង្គល-ការចូលមកដល់ ដោយទទួលយកនូវការចាក់វីតាមីនបំប៉នស្បែកមុខ ការធ្វើ IPL treatment រួមមាន AHA និងការអ៊ុតស្បែកមុខជាមួយកាំរស្មី LED ដើម្បីឱ្យស្បែកមុខកាន់តែរលុបស្លាកស្នាម និងសភ្លឺរលោង។

4ថ្ងៃមុនពេលរៀបការ
ប្រសិនបើមុខមានប្រតិកម្ម គឺហាមច្របាច់ កេះ ឬញេចគ្រាប់មុន ឬកន្ទួលតូចៗ ដែលមាននៅលើស្បែកមុខឱ្យសោះ ត្រូវប្រញាប់ចាក់ថ្នាំបំបាត់មុន ជាមួយគ្រូពេទ្យជំនាញជាបន្ទាន់។

3ថ្ងៃមុនពេលរៀបការ
ចំពោះការសម្អាតស្បែកមុខឱ្យស្អាតសម្រាប់កូនក្រមុំ ក៏ត្រូវតមការផាត់មុខមួយរយៈពេលសិន ដើម្បីឱ្យស្បែកមុខទទួលសារធាតុគីមីបិទបាំងពីគ្រឿងសម្អាង ហើយងាកមកព្យាយាមបំប៉នស្បែកមុខឱ្យស្រស់ស្អាតឡើងវិញ។ ពេលវេលានៅសល់តែ3ថ្ងៃមុនពេលរៀបការតែប៉ុណ្ណោះ រឿងសំខាន់ដែលអ្នកត្រូវធ្វើគឺការបណ្ដឹងស្បែកមុខ និងបំបាត់រន្ធរោម ដែលអាចនិយាយបានថា ជាគន្លឹះសំខាន់មួយសម្រាប់កូនក្រមុំ។អ្នកអាចជ្រើសរើសការបណ្ដឹងស្បែកមុខតាមបែបបុរាណ និងធម្មជាតិ ឬធ្វើម៉ាស្សាជាមួយអ្នកជំនាញក៏បាន។

2ថ្ងៃមុនពេលរៀបការ
ធ្វើម៉ាសមុខរយៈពេល30នាទីជារៀងរាល់ថ្ងៃ ដើម្បីឱ្យស្បែកមុខទន់រលោង។

1ថ្ងៃមុនពេលរៀបការ
ក្រោយបិទម៉ាសជាប្រចាំ រយៈពេល30នាទីហើយ អ្នកត្រូវលាងស្បែកមុខឱ្យស្អាត ហើយប្រើក្រែមលាបបំប៉នស្បែកមុខ ឬសេរ៉ូមសម្រាប់ជំនួយស្បែកមុខក្នុងរយៈពេល30នាទីនាពេលព្រឹក និងមុនពេលចូលគេង។ ថ្ងៃនេះអ្នកត្រូវសម្រាកឱ្យបានគ្រប់គ្រាន់ ហាមធ្វើកិច្ចការទាំងឡាយ អ្នកត្រូវឆាប់ចូលគេង ដើម្បីក្រោមនៅថ្ងៃស្អែកជាមួយនឹងទឹកមុខស្រស់ស្រាយ និងស្រស់ស្អាតបំផុត ស្វាគមន៍ថ្ងៃដ៏វិសេសរបស់អ្នក។

ថ្ងៃរៀបការមកដល់
អ្នកធ្លាប់បានដឹងហើយថា កូនក្រមុំទាំងអស់នៅពេលថ្ងៃរៀបការចូលមកដល់ ត្រូវក្រោកតាំងពីព្រលឹម ហើយរឿងដំបូងដែលអ្នកត្រូវធ្វើនោះគឺ ត្រូវកក់សក់ និងប្រើក្រែមបន្ទន់សក់ឱ្យរួចជាស្រេច។ ហើយមុនពេលជាងជំនាញចាប់ផ្ដើមធ្វើការផាត់មុខរបស់អ្នក អ្នកត្រូវប្រើប្រាស់ផលិតផលលាបការពារមុខដែលមានសារធាតុ Intensive Moisturizer ជាមុនសិន រួចសឹមលាងចេញ ហើយផ្ដើមធ្វើការផាត់មុខតាមក្រោយដើម្បីការពារស្បែកមុខរបស់អ្នក និងការពារប្រតិកម្មចាញ់គ្រឿងសម្អាង។ ការបន្ថែមភាពស្រស់ស្អាតសម្រាប់កូនក្រមុំ គឺស្ថិតនៅលើថ្វីដៃជាងជំនាញរបស់អ្នកហើយ សូមរីករាយជាមួយថ្ងៃរៀបអាពាហ៍ពិពាហ៍ដ៏មានអត្ថន័យនៅក្នុងជីវិតរបស់អ្នក៕

Advertisement