ញ៉ាំបាយល្ងាចជុំគ្នា អាចធ្វើឲ្យកូនក្លាយជាក្មេងពូកែ

មិនគួរឲ្យជឿសោះ!!! កូននឹងរៀនពូកែ ប្រើប្រាស់ភាសា និងសម្ដីសំដៅល្អឥតខ្ចោះ ជាអ្នកអានដ៏ប៉ឹនប្រសប់ ថែមទាំងចេះសម្របខ្លួនបានគ្រប់ស្ថានការណ៍ សមត្ថភាពទាំងអស់នេះអាចកើតឡើងបានយ៉ាងងាយ ដោយគ្រាន់តែឲ្យកូនបានញ៉ាំបាយពេលល្ងាចនៅក្នុងផ្ទះជុំគ្នាជាមួយលោកឪពុកអ្នកម្តាយប៉ុណ្ណោះ…តើពិតមែនឬ?

គឺជារឿងពិត…លទ្ធផលនៃការសិក្សាវិភាគ 5យ៉ាងនៅក្នុងប្រទេសសហរដ្ឋអាមេរិក បានរកឃើញថា ៖
1. កុមារដែលមកពីក្រុមគ្រួសារដែលតែងតែទទួលទានបាយជុំគ្នាជាញឹកញាប់នោះ នៅពេលធំឡើងច្រើនតែមិនសូវមានបញ្ហារឿងជក់បារី ផឹកស្រា សេពគ្រឿងញៀន មានសម្ព័ន្ធភាពផ្លូវភេទមុនវ័យ ឬកើតរោគស្រពាប់ស្រពោន គិតខ្លីចង់ធ្វើអត្ថឃាតដូចកុមារដែលមិនដែលញ៉ាំបាយជុំគ្នាជាមួយឪពុកម្តាយនោះឡើយ ។

2. កុមារដែលបានញ៉ាំបាយជួបជុំគ្នា ដោយមានលោកប៉ាជាអ្នកអង្គុយនៅក្បាលតុ នឹងធ្វើឲ្យក្រុមគ្រួសារមានភាពកក់ក្តៅកាន់តែខ្លាំងឡើង មានការនិយាយពិគ្រោះគ្នា ផ្តល់នូវការណែនាំពីទង្វើនៃការហូបចុកដែលល្អត្រឹមត្រូវ ធ្វើឲ្យមានសុជីវធម៌ក្នុងការបរិភោគ ពេលធំឡើងកុមារថែមទាំងមានសញ្ញាថាអាចនឹងក្លាយជាអ្នកអានដ៏ពូកែម្នាក់ទៀតផង។

3. កុមារដែលលោកឪពុកអ្នកម្តាយបានចូលរួមទទួលទានបាយជាមួយ នឹងមានលទ្ធផលការរៀន និងជំនាញការប្រើភាសាទំនាក់ទំនងល្អជាងកុមារ ដែលមិនបានញ៉ាំបាយរួមជាមួយឪពុកម្តាយ និងថែមទាំងមិនសូវមានបញ្ហារឿងកើតរោគធាត់ដែលបណ្តាលឲ្យមានផលប៉ះពាល់ដល់ការវិវឌ្ឍទៀតផង ។

4. ពេលឈានចូលទៅរកវ័យត្រៀមជំទង់ (ជិតស្ទាវ) កុមារនឹងមិនសូវមានបញ្ហារឿងសុខភាព ឬប្រថុយប្រថាននឹងទង្វើខុសប្រក្រតីខាងការហូបចុក ដូចជា មិនញ៉ាំអាហារ ញ៉ាំកាន់តែតិច ព្យាយាមសម្រកទម្ងន់ដោយថ្នាំ (ចំពោះកូនស្រី) ពឹងបារីបញ្ចុះទម្ងន់ ឬក្អួតក្រោយពេលបាយជាដើម ព្រោះការទទួលទានអាហារជុំគ្នានឹងធ្វើឲ្យកើតមានការយកចិត្តទុកដាក់ក្នុងរឿងបរិភោគ អាចសង្កេតឃើញបានឆាប់រហ័ស បើកូនមានអាការខុសប្រក្រតីណាមួយ លោកឪពុកអ្នកម្តាយនឹងកែបញ្ហាបានទាន់ពេលវេលា ។

5. កុមារនឹងចេះសម្របខ្លួនតាមស្ថានភាពជុំវិញខ្លួនបានយ៉ាងល្អ បានឃើញភាពជាធ្លុងមួយ បាននៅជាក្រុមជុំគ្នា
កុមារនឹងគិតបែបនេះរហូតដល់ធំក្លាយជាមនុស្សចាស់ ដូច្នេះហើយទើបបងប្អូនដែលធ្លាប់អង្គុយញ៉ាំបាយរួមតុជាមួយគ្នានៅតែមានទំនាក់ទំនងនឹងគ្នា ហើយជិតដិត ស្និទ្ធស្នាលនឹងគ្នារហូតដល់ពេលធំឡើងហ្នឹងឯង ។

ចុះបើមិនបានទទួលទានបាយជុំគ្នាវិញនោះ…? កុមារអាចមានបញ្ហាក្នុងការរសនៅទាំងនៅផ្ទះ និងនៅសាលារៀន អាចចេះផឹកស្រាមុនអាយុ សេពគ្រឿងញៀនឬអាចមានទង្វើខាងការបរិភោគដែលខុសពីប្រក្រតី។ អ្នកស្រី បារ៏បារ៉ា ហ្វ៊ីស អ្នកវីភាគ និងជាសាស្ត្រាចារ្យមហាវិទ្យាល័យអ៊ីលលីណយស៍ បានចង្អុលបង្ហាញថា ទោះជាមិនមានពេលវេលាទទួលទានអាហារជុំគ្នាបានរាល់ថ្ងៃក៏ដោយ តែយ៉ាងហោចណាស់គួររៀបចំឲ្យបាន 3ដងក្នុងមួយសប្តាហ៏ សុខភាពដ៏ល្អទាំងកាយ និងចិត្តរបស់កុមារក៏អាចកើតមានឡើងបានដែរ៕

Advertisement