ប៉ុន្មានចំណុចដែលបុរសត្រូវត្រៀមខ្លួន មុនពេលចុះសំបុត្រអាពាហ៍ពិពាហ៍

បុរសមុនពេលសម្រេចចិត្តចាប់ផ្ដើមសាងសង្គមគ្រួសារ អ្នកត្រូវមានទំនុកចិត្តលើខ្លួនឯង និងត្រៀមខ្លួនជាស្រេចក្នុងការប្រឈមមុខនឹងភាពចាស់ទុំ។ ការ​មាន​ចិត្ត​ស្រឡាញ់​គ្នា ​គឺជា​រឿង​សំខាន់ ប៉ុន្តែអ្វីដែល​សំខាន់ជាងនេះ ​គឺការ​ចេះ​​រក្សា​ក្តី​​ស្រឡាញ់​នោះ​ឱ្យ​បាន​គង់​វង្ស និង​ប្រកប​ដោយ​សុភមង្គល។ ​វា​ជា​ការ​ប្រសើរ​ណាស់ ​ដែល​មនុស្ស​ប្រុស​ស្រី​ពីរ​នាក់​ស្រឡាញ់​គ្នា ​ហើយ​អាច​ឈាន​ដល់ថ្ងៃរៀប​អាពាហ៍​ពិពាហ៍ តែ​ប្រការ​​ដែល​ចាំ​បាច់​គឺ​ពួក​គេ​ទាំង​ពីរ​មិន​គួរ​ប្រថុយ​ប្រថាន​រៀប​ការ​ដោយ​​ការ​​ស្រឡាញ់​តែ​ម្យ៉ាង​នោះ​ទេ ពោល​គឺ​អ្នក​ត្រូវ​គិត​គូរ និង​មាន​ការពិភាក្សា​គ្នា​ឱ្យបាន​ស៊ី​ជម្រៅ​ជា​មួយ​គ្នា​ជា​មុន​សិន។ ដូច្នេះ ក្នុងនាមជាបុរសដែលចេះគិតគូរវែងឆ្ងាយ មុនពេលសម្រេចចិត្តចុះសំបុត្រអាពាហ៍ពិពាហ៍ជាមួយនារីណាម្នាក់ អ្នកត្រូវមើលលើប៉ុន្មានចំណុចនេះជាមុនសិន៖

1. ចំណុចស័ក្ដិសមនៃគូស្នេហ៍
· អាយុ : អ្នកគួរពិចារណាទៅលើអាយុរបស់គូស្នេហ៍ដែលអ្នកចង់បាន ដើម្បីងាយបង្ហាញពីភាពទទួលខុសត្រូវចំពោះគូស្នេហ៍ បើទោះបីជាគេមានអាយុច្រើន ឬតិចជាងខ្លួនអ្នកក្ដី តែត្រូវឱ្យប្រាកដចិត្តថា អ្នកអាចទទួលខុសត្រូវ និងរ៉ាប់រងភារកិច្ចជាអ្នកដឹកនាំគ្រួសារបាន។
· ប្រាក់ចំណូល : ត្រូវប្រាកដចិត្តថា អ្នកទាំងពីរមានការងារត្រឹមត្រូវ មានទ្រព្យសន្សំ និងលុយ-កាក់មួយចំនួនសម្រាប់ប្រកបរបបចិញ្ចឹមជីវិតបានក្រោយពេលរៀបការ។
· កម្រិតការសិក្សា : អ្នកគួរសម្លឹងមើលឱ្យបានឆ្ងាយ គូស្នេហ៍អ្នកមានការសិក្សាខ្ពស់មានចំណេះដឹង ទើបជាមនុស្សដែលពូកែស្ដាប់យោបល់ពីអ្នក និងអាចជួយដោះស្រាយបញ្ហាអ្នកបាន។
· កម្រិតក្រុមគ្រួសារ : សាច់ញាតិ និងមិត្តភក្តិរបស់នាងបានបើកចិត្តទទួលយករូបអ្នកហើយឬនៅ? តើពួកគេបង្ហាញក្ដីស្រឡាញ់ចំពោះអ្នកហើយឬនៅ?

2. ការសិក្សាអារម្មណ៍គូស្នេហ៍ (សិច)
ចំណង់​ចំណូល​ចិត្ត​ក្នុង​ជីវិត​ផ្លូវ​ភេទ និងភាព​ស្និទ្ធ​ស្នាល​ជា​មួយ​គ្នា​ជា​ប្តី​ប្រពន្ធ​ក៏​គួរ​ពិភាក្សា​គ្នា​ឱ្យ​បាន​ច្បាស់​លាស់​ថា​ គួរ​ធ្វើ​បែប​ណាទើប​ល្អ។ អ្នក​មិន​អាច​ធ្វើ​អ្វី​តាម​តែ​ចិត្ត​ខ្លួន​ឯង​ចង់​នោះ​ទេ ត្រូវ​ចាំ​ថា​អ្នក​ជា​មនុស្ស​ពីរ​នាក់ តែ​រស់​នៅ​ក្នុង​ចិត្ត​តែ​មួយរួម​គ្នា​។

3. ការសិក្សាចិត្តគូស្នេហ៍
មូលដ្ឋានគ្រឹះនៃការសាងសុភមង្គលនៅក្នុងគ្រួសារ គឺការអត់ធ្មត់ ភាពទទួលខុសត្រូវ ការអធ្យាស្រ័យឱ្យគ្នា ការបង្កើតរសនិយម ការយកចិត្តទុកដាក់ ការគោរពតាមប្រពៃណី ការលួងលោម និងការបង្កើតស្នាមញញឹមឱ្យគ្នាទៅវិញទៅមក។

4. ការគ្រប់គ្រងចំណូលចំណាយ
លុយ​កាក់​គឺ​ជា​រឿង​ដ៏​សំខាន់​ក្នុង​ការ​កសាង​សុភមង្គល លោកអ្នក​មិន​អាច​កសាង​សុភមង្គលគ្រួសារ​​មួយ​បាន​ទេ ​បើ​មិនមានលុយ​។ ត្រង់​ចំណុច​នេះ ​លោក​​អ្នក​​គួរ​តែ​ពិភាក្សា​គ្នា​ឱ្យ​បាន​ច្បាស់​លាស់​មុន​ពេល​រៀប​ការ​ថា ​គួរ​ចាត់​ចែង​ និង​មាន​គម្រោង​រក​លុយ​​កាក់​យ៉ាង​ម៉េច​ពេល​រស់​នៅ​ជា​មួយ​គ្នា និង​ជា​ពិសេស​​សូម្បី​​មុនពេល​​រៀប​​ការ​​ថា ​​តើ​​លោកអ្នកមានលុយ​ប៉ុន្មានដើម្បី​ត្រៀម។ ម៉្យាងវិញទៀតគូស្នេហ៍របស់អ្នកជានារីដែលពូកែទុកដាក់លុយកាក់កម្រិតណាដែរ? អ្នកត្រូវសិក្សាពីគ្នាឱ្យបានច្រើនកាន់តែប្រសើរ និងមិនបង្កជម្លោះក្រោយពេលរៀបការរួច។

5. ការរក្សាទំនៀមទំលាប់ប្រពៃណី
ការ​រួមភេទមុន​ពេលរៀប​អាពាហ៍​ពិពាហ៍ គឺជា​កំហុងឆ្គង​ដ៏ធ្ងន់ធ្ងរ​មួយ​ដែល​សង្គម​មិន​ទទួលស្គាល់ឡើយ។ គូសេ្នហ៍​គួរតែ​រក្សា​ប្រពៃណីឱ្យបាន​ល្អ​រហូត​ដល់​ថ្ងៃរៀបមង្គលការ​ត្រូវ​បាន​បញ្ចប់។ អ្នកជាបុរស ត្រូវមានទំនួលខុសត្រូវខ្ពស់ចំពោះរឿងរក្សាប្រពៃណីនេះ ដើម្បីជំរុញភាពទុកចិត្តកាន់តែខ្លាំងចំពោះអនាគតភរិយារបស់អ្នក។

6. ចំណងគ្រួសារ
បន្ទាប់​ពីរៀប​ការរួច អ្នកនឹង​ត្រូវ​មាន​សមាជិក​ និង​ចំណង​ញាតិ​​ច្រើន ក្នុង​​នោះ​មាន​បង​ប្អូន​នៃ​គ្រួសារ​ទាំង​សង​ខាង ​ឪពុក​ម្តាយ​ទាំង​សង​ខាង យាយ​តា​ទាំង​សង​ខាង កូន​ក្មួយ​ទាំង​សង​ខាង ព្រម​ទាំង​ញាតិ​មិត្ត​ផ្សេងៗ។ ដូច្នេះ​ អ្នក​​គួរ​ពិភាក្សា​ជា​មួយ​គ្នា​ថា ​គួរ​ធ្វើ​យ៉ាង​ម៉េច​ក្រោយ​ពេល​រៀប​ការ​រួច ពោល​គឺ​ត្រូវ​ចេះ​រក្សា​ទំនាក់​ទំនង និង​ជួយ​គ្រួសារ​ និង​ញាតិ​មិត្តទាំងសងខាងឱ្យស្មើគ្នា ព្រមទាំងនៅតែមានទំនាក់ទំនងល្អជាមួយគ្នា៕

Advertisement