តិច​និក​ទុកដាក់ និង​ការពារ​ម្ហូបអាហារ​កុំឱ្យ​ឆាប់​ខូច​របស់​ស្ត្រី​មេផ្ទះ​ជនជាតិ​ជប៉ុន

ប្រទេស​ជប៉ុន ពេល​ធាតុអាកាស​ក្ដៅ ក៏​ក្ដៅ​មិន​ចាញ់​ស្រុក​យើង​ប៉ុន្មាន​ដែរ ដូច្នេះហើយ​ទើប​ស្ត្រី​មេផ្ទះ​ជនជាតិ​ជប៉ុន​មាន​តិច​និកល្អៗក្នុងការ​ការពារ​ម្ហូប​អាហារ​កុំឱ្យ​ផ្អូម​ខូច​នៅក្នុង​រដូវក្ដៅ​ច្រើនណាស់… បងៗស្ត្រី​មេផ្ទះ​ទាំងឡាយ​អាច​សាកល្បង​យកមក​កែច្នៃ​ប្រើ​នៅក្នុង​ស្រុក​យើង​ ដើម្បី​ការពារ​កុំឱ្យ​ម្ហូបអាហារ​ឆាប់​ខូច​បាន​ចា៎ស។

1. ចំហាយ​ទឹក ជើងឯក​ខាង​ធ្វើឱ្យ​ម្ហូបអាហារ​ឆាប់​ខូច
មុនគេ​បង្អស់ រឿង​ដែល​ត្រូវ​ចាំ​ទុក​គឺ រឿង​ចំហាយ​ទឹក​នៅក្នុង​ម្ហូបអាហារ សំខាន់​ខ្លាំងណាស់ព្រោះ​វា​ជា​អ្នក​ដែល​ធ្វើឱ្យ​ម្ហូបអាហារ​ឡើងជោរ​ទឹក​ពពាច ជា​ជើងឯក​ខាង​ធ្វើឱ្យ​ម្ហូបអាហារ​ឆាប់​ខូច។ ដោយ​ប្រអប់​ប្លា​ស្ទិ​ក​ដាក់​អាហារ​ដែលមាន​គម្រប​បិទ​ជិត នៅពេល​យើង​ដាក់​ម្ហូបអាហារក្ដៅៗចូលទៅ ធ្វើឱ្យ​កើត​ចំហាយ​ទឹក និង​ទោះជា​អាហារ​មិន​ក្ដៅ​ក៏ដោយ តែ​ពួក​ទឹកឆា ទឹកស៊ីអុីវ​ដែល​នៅក្នុង​ម្ហូបអាហារ​នោះ ពេល​នៅក្នុង​ប្រអប់ និង​ត្រូវ​ធាតុអាកាសក្ដៅៗ ក៏​នឹង​ធ្វើឱ្យ​ក្ដៅ​ភាយ​ចេញ​ជា​ចំហាយ​ទឹកបាន​ដូចគ្នា។ ដូច្នេះ​យើង​នាំគ្នា​មក​មើល​ពី​វិធីងាយៗដែល​មិន​ធ្វើឱ្យ​កើតមាន​ចំហាយ​ទឹក​ដូចតទៅ។

2. អាហារ​ចៀន​បំពង មិន​ងាយ​ខូច
អាហារ​ចៀន​បំពង​ជា​អាហារ​ដែល​មិន​ងាយ​ខូច​ទេ ព្រោះ​វា​ស្ងួត មាន​សំណើម​តិច​បំផុត បើ​ធៀប​នឹង​ម្ហូប​ឆាផ្សេងៗដែលមាន​ទឹក​គ្រឿងគ្រៅ​ច្រើន ដូច្នេះ​ទើប​ម្ហូប​ចៀន​បំពង គឺជា​ជម្រើស​ដែល​ល្អ​មួយ​ក្នុងការ​ទុកដាក់​បានល្អ។ ឧទាហរណ៍ ម្ហូប​ខ្មែរ​យើង​មានដូចជា មាន់​ចៀន សាច់ជ្រូក​ប្រឡាក់​ចៀន និងសាច់​ងៀតជាដើម។

3. បន្លែ​ស្រុស ត្រូវឱ្យ​ស្ងួត​ទឹក
ម្ហូប បើ​មានតែ​សាច់​ក៏​នឹងមិន​ទទួលបានសារធាតុ​អាហារ​គ្រប់មុខ​ដែរ ដូច្នេះ​ទើបបងៗស្ត្រី​មេផ្ទះ​ជាច្រើន​ដាក់​បន្លែ​ចូល​ដែរ ទោះជា​តិចតួច​ក្ដី តែ​ក៏​សំខាន់ ប៉ុន្តែ​បន្លែ​ស្រុស បន្លែ​ស្ងោរផ្សេងៗត្រូវតែ​ឱ្យ​ស្រស់ទឹក និង​ប្រើ​ក្រដាសអនាម័យ​សម្រាប់​ប្រើ​ជាមួយ​ម្ហូបអាហារ​ផ្ដិត​ឱ្យ​ស្ងួត​បាន​ច្រើន​បំផុត។ ពេល​រៀបចំ​ចូលក្នុង​ប្រអប់​គួរប្រើ​ចាន​ក្រដាស​បំបែក​ជាផ្នែកៗ មិនឱ្យ​ទឹក​ដែល​ចេញពី​បន្លែ​ទៅ​ប៉ះ​ម្ហូប​ផ្សេងទៀត(ជួយ​រក្សា​ភាព​ឆ្ងាញ់​ឱ្យនៅ​ដដែល​បាន​ទៀតផង)។

4. បន្លែ​ផ្លែឈើ មិនគួរ​បេះ​ទង​ចេញ​ទេ
ឧទាហរណ៍​ដូចជា ផ្លែ​ប៉េងប៉ោះតូច(ប៉េងប៉ោះ​ចង្កោម) តែ​បន្លែ​ខ្លះ​ដែល​ទង​វា​ស្អុយរលួយ​ហើយ ក៏​គួរតែ​បេះ​ចេញ ព្រោះ​អាចមាន​មេរោគ​បាក់តេរី​ច្រើន​ជាប់​មកជា​មួយ ដែល​ទោះជា​លាង​យ៉ាងណា​ក៏​មិន​អស់​ដែរ។

5. តម ឬ​ចៀសវាង​ការបន្ថែម​វត្ថុ​រាវ បើ​មិនចាំបាច់
ក្នុងការ​រៀបចំ​តុបតែង​ម្ហូប​ដោយ​ផ្លែ​ប៉េងប៉ោះ ឬ​បន្លែ​ផ្លែឈើ​ណា​ដែលមាន​ជាតិ​ទឹក​ច្រើន ការ​ដោត​ឈើ​ចាក់ ឬ​ពុះ​ជា​ពីរ ទោះជា​មើលទៅ​ឃើញ​ស្អាត និង​ងាយស្រួល​ចាប់​កាន់​ញ៉ាំ​មែន តែ​ក៏​មិនគួរ​ធ្វើ​បែប​ហ្នឹង​ដែរ ព្រោះ​ទឹក​ដែល​នៅក្នុង​បន្លែ​ផ្លែឈើ​ទាំងនោះ​នឹង​ហូរ​ចេញមក ធ្វើឱ្យ​ម្ហូប​នោះ​ឆាប់​ខូច​បាន។

សម្រាប់​ឈើ​ចាក់​ដែល​ទិញ​មកហើយ មិនបាច់​ខ្លាច​ថា នឹងមិន​បាន​ប្រើ​នោះទេ បងៗស្ត្រី​មេផ្ទះ​អាច​យកមក​ដោត​លើ​ម្ហូបផ្សេងៗទៀត​បាន​ដូចជាសាច់ក្រក(ហាន់ចំណិត) ពង​ទា​ក្រឡុក(កាត់​ជា​ដុំ) ប្រហិត ឬ​ពង​ក្រួច​ស្ងោរ​បាន​ចា៎ស។

6. ម្ហូបអាហារ​គ្រប់យ៉ាង​ត្រូវ​ទុកឱ្យ​ត្រជាក់​សិន
ម្ហូបអាហារ​ដែលបងៗស្ត្រី​មេផ្ទះ​ត្រូវការ​ដាក់ចូល​ទៅក្នុង​ប្រអប់ ពេល​ចម្អិន​រួចរាល់​ហើយ គួរ​ដាក់​ចាន​ទុក ចាំ​ឱ្យ​ត្រជាក់​សិន សឹម​រៀបចំ​ដាក់ចូល​ក្នុង​ប្រអប់​ទុក (បើ​ចង់​ញ៉ាំ​បែប​ក្ដៅ ពេល​ញ៉ាំ​អាច​កម្ដៅ​បាន)។

បាយ​អង្ករខ្សាយ​ក៏​អី​ុ​ចឹ​ង​ដែរ ដួស​ដាក់​ចាន​ទុក​សិន ហើយ​បិទ​ដោយ​បន្ទះ​ផ្លា​ស្ទិ​ករុំ​អាហារ ដើម្បី​កុំឱ្យ​បាយ​ស្ងួត​រឹង។ ពេលបាយ​ត្រជាក់​ហើយ សឹម​រៀបចំ​ដាក់ចូល​ប្រអប់។

បើ​ដួស​ដាក់​ប្រអប់​តែម្ដង យើង​ក៏មាន​វិធី​ធ្វើឱ្យ​បាយ​ដែល​ត្រជាក់​ហើយ​នោះ​នៅតែមាន​ភាព​ឆ្ងាញ់​ដែរ ដោយ​ប្រើ​ក្រដាសអនាម័យ​ដែល​ប្រើ​ក្នុង​ការធ្វើ​ម្ហូបអាហារ​មក​បិទ​ពីលើ។ វិធី​នេះ​ប្រៀបដូចជា​ការ​ចំហុយ​ចំហាយ​ទឹក​ដែរ ធ្វើឱ្យ​បាយ​នៅ​ទន់ និង​ពេលបាយ​ត្រជាក់​ហើយ ក៏​យក​ក្រដាសអនាម័យ​ចេញ។

ការរៀបចំ​ប្រអប់​អាហារ​បែប​ជប៉ុន មិនមែន
ជា​រឿង​ពិបាក​ឡើយ គ្រាន់​តែមាន​ចាន​ក្រដាស
តូច(មាន​លក់​នៅក្នុង​ផ្សារ​ទំនើប) និង​ឈើ​ចាក់
ក៏​មើលទៅ​ដូច​អាហារ​ជប៉ុន​ដែរ ទោះជា​ដាក់​ម្ហូប​ខ្មែរ​យើង​ក៏ដោយ។ រឹតតែ​ប្រើ​តិច​និក​ការរៀបចំ​ប្រអប់​អាហារ​ក្នុង​រដូវក្ដៅ​តាម​ដែល​បាន​រៀបរាប់​មក​ខាងលើ​ផង​នោះ ធានាថា នឹង​រក្សា​ភាព​ឆ្ងាញ់​បាន​រហូត​ដល់ពេល​ត្រូវ​យកមក​ញ៉ាំ និង​មិន​ផ្អូម​យ៉ាងពិត​ប្រាកដ ហើយ​បើ​នៅផ្ទះ​មាន​ចង្ក្រាន​ម៉ៃ​ក្រូ​វេ​ហ្វ​ផង​នោះ យកទៅ​កម្ដៅ​មុននឹង​ទទួលទាន អាហារ​នឹង​រឹត​តែមាន​រសជាតិ​ល្អ​ឡើង​ជាមិនខាន៕

Advertisement