ទម្លាប់​ថែរក្សា​ស្បែក​មុខ​ដ៏​មាន​ប្រសិទ្ធភាព

ស្គាល់​ពី​ប្រភេទ​ស្បែក
តើ​អ្នកណា​ដែល​មិន​ចង់បាន​ស្បែ​កមុខ​ដែលមាន​សភាព​ភ្លឺរលោង​ស្រស់ស្អាត​នោះ? ដូច្នេះ​ត្រូវ​ចាប់ផ្តើម​ដោយ​ការ​ស្គា​ល់ពី​ប្រភេទ​ស្បែក​របស់​ខ្លួនឯង​ជាមុនសិន បន្ទាប់មក​អ្នកនឹង​បានដឹងថា តើ​ត្រូវ​ថែរក្សា​វា​យ៉ាងដូចម្តេច?
1. ស្បែក​ស្ងួត (Dry Skin) ជា​ប្រភេទ​ស្បែក​ដែល​មើលទៅ​មាន​សភាព​គ្រើម របក ឬ​បែក​ស្រកា​ជាដើម។
2. ស្បែក​មាន​ជា​តិប្រេង (Oily Skin) មើលទៅ​មាន​សភាព​រលើប មាន​ខ្លាញ់​ច្រើន ហើយក៏​អាចមាន​រន្ធ​ញើសធំៗដែរ។
3. ស្បែក​ចម្រុះ (Combination Skin) គឺជា​ប្រភេទ​ស្បែក​ដែលមាន​សភាព​ស្ងួត​នៅលើ​ចំណុច​ខ្លះ​ដូចជា​ថ្ពាល់ តែមាន​ខ្លាញ់​ត្រង់​កន្លែងផ្សេងៗដូចជា ថ្ងាស ច្រមុះ និង​ចង្ការ។
4. ស្បែក​ងាយ​ប្រ​តិ្ត​កម្ម (Sensitive Skin) អាច​នឹង​ឆាប់​មានការ​ឈឺចាប់ រោល ឬរ​ម៉ាស់ បន្ទាប់ពី​អ្នក​បាន​ប្រើ​ផលិតផលផ្សេងៗ។
5. ស្បែក​ធម្មតា (Normal Skin) ស្បែក​មុខ​មាន​សភាព​ស្មើគ្នា ងាយ​ប្រតិកម្ម មិន​ស្ងួត​ពេក និង​មិនមាន​ជាតិ​ប្រេង​ខ្លាំង។

ការសម្អាត
បន្ទាប់ពី​ស្គា​ល់ពី​ប្រភេទ​ស្បែក​ខ្លួនឯង​ហើយអ្នក​ត្រូវ​គិត​ទៅដល់​ការសម្អាត ហើយ​វិធី​នៃ​ការសម្អាត​គឺត្រូវធ្វើ​ទៅតាម​ប្រភេទ​ស្បែក​ផងដែរ ដូចជា ៖
ស្បែក​ធម្មតា និង​ស្បែក​ចម្រុះ : កុំ​ចេះតែ​ចាប់យក​សាប៊ូ​ប្រភេទ​ណា​ក៏​បានមក​លាង​សម្អាតមុខ ហើយក៏​មិនចាំបាច់​ទាល់តែ​ទិញ​ផលិតផលថ្លៃៗនោះទេ អ្នក​គ្រាន់តែ​ស្វែងរក​ផលិតផល​ណា​ដែល​ត្រូវ​ជាមួយ​ប្រភេទ​ស្បែក​របស់​អ្នក​ទៅ​គឺ​បាន​ហើយ។ សម្រាប់​អ្នកមាន​ស្បែក​ចម្រុះ​គួរប្រើ​ហ្វូ​ម​លាងមុខ2ប្រភេទ ឱ្យ​ត្រូវ​ទៅតាម​កន្លែង​ណា​ដែល​ស្ងួត និង​កន្លែង​ណា​ដែលមាន​ជាតិ​ប្រេង។ ប្រើ​ទឹក​ច្រើន និង​ក្តៅតិចៗ ដើម្បី​សម្អាត​ស្បែក​របស់​អ្នកជា​ការល្អ​បំផុត។

ស្បែក​ស្ងួត : ប្រើ​ហ្វូ​ម​លាងមុខ​ប្រភេទ​ស្រាលគ្មាន​ជាតិ​អាល់កុល ឬ​ក្លិន ព្រោះ​គ្រឿងផ្សំ​ទាំងនេះ​អាច​បណ្តាលឱ្យ​ស្បែក​កាន់តែ​ស្ងួត។ លាង​ស្បែ​កមុខថ្នមៗ ប្រើ​ទឹក​ច្រើន និង​ក្តៅតិចៗ ដើម្បី​សម្អាត។ កុំ​ប្រើ​ទឹក​ក្តៅ​ខ្លាំងពេក ព្រោះ​វា​អាច​នាំយក​ជាតិ​ប្រេង​ចេញពី​ស្បែក​មុខ​កាន់តែ​លឿន​ឡើង។ ក្នុង​មួយ​សប្តាហ៍​អ្នក​គួរ​ដុសខាត់​កម្ចាត់​ស្បែកចាស់ៗចោល​តែម្តង ដើម្បីឱ្យ​ស្បែក​មើលទៅ​ស្រស់ថ្លា​ជាង​មុន។

ស្បែក​ខ្លាញ់ : ប្រើ​ហ្វូ​ម​លាងមុខ​ដែល​គ្មាន​ជាតិ​ប្រេង លាង​សម្អាត​ដោយ​ប្រើ​ទឹក​ឱ្យ​ច្រើន(ទឹក​ក្តៅឧណ្ហៗ)។ អ្នក​ក៏​អាច​ប្រើ Toner បន្ទាប់ពី​សម្អាត​មុខ​រួច ព្រោះ​វា​អាចជួយ​កាត់បន្ថយ​ជាតិ​ប្រេង ប៉ុន្តែ​ក៏ត្រូវ​ប្រយ័ត្ន​ដែរ ព្រោះ​ស្បែក​របស់​អ្នក​អាច​នឹងមាន​អាការ​រ​ម៉ា​ស់បាន។

សម្រាប់​អ្នកមាន​ស្បែក​ងាយ​ប្រតិកម្ម : ស្បែក​បែបនេះ​គួរតែ​សម្អាតថ្នមៗ ជាមួយ​ទឹក​ក្តៅតិចៗ ហើយ​ត្រូវ​ចាំ​ជានិច្ច​ថា រាល់ពេល​ធ្វើឱ្យ​ស្ងួត​គឺ​ត្រូវ​ផ្តិត មិនមែន​ជូន​នោះទេ។ ការ​ខាត់​ស្បែក​អាចធ្វើឱ្យ​ស្បែករ​ម៉ាស់ ដូច្នេះ​គួរ​ព្យាយាម​កុំ​ប្រើ​ផលិតផល​ណា​ដែលមាន​ជាតិ​អាល់កុល សាប៊ូ អាស៊ីត ឬ​ក្លិន ហើយ​ងាក​មករក​មើល​ផលិតផល​ណា​ដែល​ផ្សំ​ពី​ប្រទាល​កន្ទុយក្រពើ ផ្កា Chamomile ឬ​តែ​ប៉ៃ​តងវិញ​ប្រសើរ​ជាង។ សារធាតុ​ផ្សំ​កាន់តែ​តិច​នៅក្នុង​ផលិតផល​ដែល​អ្នក​ប្រើ គឺ​កាន់តែ​ល្អ​សម្រាប់​ស្បែក​របស់​អ្នក។

ពេលណា​ត្រូវ​លាង​សម្អាត​ស្បែ​កមុខ?
អ្នក​អាចធ្វើឱ្យ​ស្បែក​របស់​អ្នក​កាន់តែ​ស្ងួត ដោយ​ការ​លុប​លាងមុខ​ច្រើនដង​ពេក ដូច្នេះ​ការលាង​សម្អាត​មុខ (ដោយ​ហ្វូ​ម​លាងមុខ) ត្រឹម​តែម្តង​ក្នុង​មួយថ្ងៃ​គឺ​ចាត់ទុកថា គ្រប់គ្រាន់​ហើយ។ នាពេល​ព្រឹក ត្រូវ​លាង​សម្អាត​ផ្ទៃមុខ​របស់​អ្នកជា​មួយ​ទឹក​ក្តៅឧណ្ហៗ។ ប្រើ​កន្សែងពោះគោទន់ៗ ដើម្បី​ផ្តិត​ជាតិ​ទឹក​ចេញ​ឱ្យ​ស្ងួត។ នៅពេល​យប់លាង​សម្អាត​វា​ជាមួយ​ហ្វូ​ម ឬ​ទឹក​សម្អាត​ស្បែ​កមុខ​ដែល​អាចជួយ​កម្ចាត់​រាល់​មេរោគ និង​គ្រឿងសម្អាង​បាន​យ៉ាង​ល្អ។ ប្រសិនបើ​អ្នកធ្វើ​លំ​ហាត់ប្រាណ លេង​កីឡា អ្នក​អាច​លាង​សម្អាត​ម្តងទៀត បន្ទាប់ពី​បញ្ចប់​សកម្មភាព​ទាំងនោះ​ដោយ​ហ្វូ​ម​លាងមុខ​ប្រភេទ​ស្រាល។

ផ្តល់​សំណើម​ដល់​ស្បែក
មិន​ថា​ស្បែក​ចាស់ ស្បែក​ខ្ចី ស្បែក​ស្ងួត ឬ​ស្បែក​ប្រេង ស្បែក​ធម្មតា ឬ​ស្បែក​ចម្រុះ​នោះទេ គឺ​សុទ្ធតែ​ត្រូវការ​សំណើម​ដូចគ្នា​ទាំងអស់ ដូច្នេះ​សូមកុំ​បោះបង់ចោល​ការផ្តល់​សំណើម​ដល់​ស្បែក​របស់​អ្នក​ឱ្យសោះ។

លាប​ឡេ​ការពារ​ស្បែក
សូម​ចាំ​ថា ការផ្តល់​សំណើម​ប្រហែលជា​អាច​ការពារ​ស្បែក​អ្នក​បាន​មួយរយៈ​ពី​កម្តៅថ្ងៃ ប៉ុន្តែ ឡា​រ៉ែ​ន សូម​រំឭកថា ស្បែក​របស់​អ្នក​អាច​ទ្រាំទ្រ​ជាមួយ​កម្តៅថ្ងៃ​បានត្រឹមតែ15នាទី​ប៉ុណ្ណោះ បើ​លើសពីនេះ​វា​ពិតជា​បំផ្លាញ​ស្បែក​អ្នក​មិន​ខាន មិន​ថា​អ្នក​នៅ​ក្មេង ឬ​ជា​មនុស្ស​ចាស់​នោះទេ ដូច្នេះ​កុំ​ភ្លេច​ឡេ​ការពារ​កម្តៅថ្ងៃ​ឱ្យសោះ​ណា៎៕

Advertisement