អនុវត្តតាម​វិធី​ទាំងនេះ ទោះ​ដើរលេង​យូរ​ប៉ុណ្ណា​ក៏​ស្បែក​នៅតែ​ស្រស់ស្អាត​ដែរ!

“ចង់ទៅ​ដើរលេង​ឱ្យបាន​ច្រើន​ថ្ងៃ សប្បាយ​ឱ្យអស់​ចិត្ត​តែម្តង ប៉ុន្តែ​ខ្លាច​តែ​ពេល​ត្រឡប់មកវិញ​ស្បែក​មើល​មិន​យល់​ទេ​ខ្ញុំ” នេះ​ប្រហែលជា​ក្តីកង្វល់​មួយ​ដែល​ស្ថិតនៅក្នុង​អារម្មណ៍ និង​គំនិត​របស់​នារី​មួយចំនួនធំ ដែល​និយម​ភាពស្រស់ស្អាត នៅពេល​ត្រូវ​ធ្វើដំណើរ​កម្សាន្ត​នា​ចុងឆ្នាំ​ខាងមុខនេះ។ កុំ​គិត និង​ខ្វល់ខ្វាយ​ច្រើន​អី សប្បាយ​ឱ្យអស់​ដៃ​ទៅណ៎ា ហើយ​វិធី​ថែរក្សា​ស្បែក​ក្នុងអំឡុងពេល​ធ្វើដំណើរ​កម្សាន្ត​ទុកឱ្យ ឡា​រ៉ែ​ន ជា​អ្នករ៉ាប់រង ហើយ​ធានាថា ស្បែក​របស់​អ្នក​ពិតជា​មិនមាន​បញ្ហា​ទេ ឬ​បើទោះជា​មាន​ក៏​មិន​ច្រើន​ដែរ ប្រសិនបើ​អ្នក​ពិតជា​បាន​អនុវត្តតាម​យ៉ាង​ខ្ចា​ប់​ខ្ចួ​ន ត្រូវ​តាម​ក្បួន​មែន​នោះ។ អូ​ខេ! ងាក​មក​អាន​អំពី​ក្បួន​នៃ​ការថែរក្សា​ស្បែក​ក្នុងពេល​ដើរ​កម្សាន្ត​ទាំងអស់គ្នា​ដូចខាងក្រោម​នេះ៖

គ្រឿង​ការពារ​ស្បែក : មុនពេល​ចេញដំណើរ​សូម​ពិនិត្យ​ឱ្យ​ច្បាស់​ថា កាបូប​របស់​អ្នកមាន​របស់​ការពារ​ស្បែកសំខាន់ៗមួយចំនួន​ដូចជា ឡេ​ថែរក្សា​ស្បែក វ៉ែនតា​ខ្មៅ មួក អាវ​វែង ឬ​ឆ័​ត្រ​គ្រប់សព្វ​អស់ហើយ​ឬ​នៅ? របស់​អស់ទាំងនោះ​នឹងត្រូវ​យកមក​ធ្វើជា​សេនា​ដែល​មិនអាច​ខ្វះ​បាន​ក្នុងការ​ការពារ​ស្បែក​របស់​អ្នក​ពី​ការបំផ្លាញ​ពី​កម្តៅថ្ងៃ ហើយ​វា​ក៏​ត្រូវបាន​យកមកប្រើ​តាម​ពេលវេលា​របស់​វា​ផងដែរ។

លាប​ឡេ​ការពារ​ស្បែក : មុន​ចេញទៅ​ដើរលេង​កម្សាន្ត អ្នក​ត្រូវ​លាប​ឡេ​ការពារ​ស្បែក​ឱ្យបាន​មុន​ប្រហែលជា10នាទី​សិន​សឹម​ចេញទៅ​ខាងក្រៅ​ប៉ះ​នឹង​កម្តៅថ្ងៃ។ កុំ​ភ្លេច​យកទៅ​ជាប់​ខ្លួន​ជានិច្ច​នូវ​មួក (គួរ​ជា​មួក​ដែលមាន​ហាមធំ) ឬ​ឆ័​ត្រ វ៉ែនតា​ខ្មៅ អាវធំ​សម្រាប់​ពាក់​ពី​ខាងក្រៅ ព្រោះ​វា​ជា​របស់​ដែល​អ្នក​ត្រូវ​ពាក់​ជាប់​រាងកាយ​នៅពេល​ធ្វើដំណើរ (ទោះ​ដើរលេង​លើ​ឆ្នេរ​ខ្សាច់ ឬ​ដើរលេង​តាម​តំបន់ភ្នំ​ក៏ដោយ)។

របៀប​ការពារ​ស្បែ​កនៅ​តំបន់​មាត់សមុទ្រ : សម្រាប់​ដំណើរ​កម្សាន្ត​នៅក្នុង​តំបន់​សមុទ្រ​វិញអ្នក​ត្រូវ​គិតដល់​ការ​បំពោក​ឡេ​ការពារ​ស្បែក​ពី​កម្តៅថ្ងៃ​ឱ្យបាន​ក្រាស់​បន្តិច មុនពេល​អ្នក​ចុះទៅ​ងូតទឹក​សមុទ្រ ឬ​ដើរលេង​លើ​ឆ្នេរ​ខ្សាច់ ប៉ុន្តែ​បើ​អាកាសធាតុ​ក្តៅ​ខ្លាំង (ពិសេស​ចន្លោះ​ពី​ម៉ោង9ព្រឹក​ដល់​ម៉ោង3:30រសៀល អាស្រ័យ​លើ​អាកាសធាតុ) អ្នក​មិនគួរ​ចុះ​ទៅលេង​ទឹកសមុទ្រ​នោះទេ ព្រោះ​ពេលវេលា​នេះ​ស្បែក​អាចនឹងទទួល​រង​នូវ​ការបំផ្លាញ​ខ្លាំង​ពី​កម្តៅថ្ងៃ។ អ្នក​ត្រូវ​ងូតទឹក​លាង​សម្អាតខ្លួន និង​កក់សក់​ឱ្យបាន​ស្អាត​បន្ទាប់ពី​លេង​ទឹកសមុទ្រ​រួច ហើយក៏​មិនត្រូវ​ភ្លេច​លាប​ឡេ​ថែរក្សា​ស្បែក​បន្ថែម​ជាថ្មី​ម្តង​ទៀតផង​ណា៎៕

Advertisement