ជិតដល់ថ្ងៃហើយ! កូនក្រមុំខាត់ស្បែកហើយ ត្រូវថែទាំស្បែកយ៉ាងដូចម្តេច?

ដូចបានជម្រាបជូនពីកន្លងមកថា ការថែរក្សាស្បែកក្នុងនាមជាកូនក្រមុំដ៏ស្រស់សោភាមួយរូប មានការរៀបចំខ្លួន និងថែរក្សាសម្ផស្សតាំងពីក្បាលរហូតដល់ចុងជើង ទៅតាមដំណាក់កាល និងពេលវេលាដែលមានកូនក្រមុំមាន។ អ្នកជាកូនក្រមុំ បានយកចិត្តទុកដាក់ចំពោះការខាត់ស្បែកឱ្យស មើលទៅម៉ដ្ឋរលោង គួរជាទីចាប់អារម្មណ៍។ ចុះនៅពេលដែលខាត់ស្បែកមុនមួយខែ ឬច្រើនថ្ងៃ មុនពេលជិតដល់ថ្ងៃរៀបមង្គលការ តើអ្នកគួរថែទាំស្បែកបែបណា ដើម្បីកុំឱ្យស្បែកប្រែជាពណ៌ស្រអាប់វិញនោះ? មានគន្លឹះ ឬតិចនិកជាច្រើនដែលជួយការពារស្បែករបស់អ្នកមិនឱ្យខ្មៅស្រអាប់បានដូចខាងក្រោមនេះ។

1. នៅតែរក្សា និងផ្តល់​សំណើម​ដល់ស្បែក
នេះ​ជា​ចំណុច​មួយសំខាន់​បំផុត​ដើម្បី​ថែរក្សា​ស្បែក ក្រោយ​ពេល​ខាត់​ស្បែក​រួច។ អ្នកត្រូវលាង​សម្អាត​ស្បែក​របស់​អ្នកជាមួយ​ទឹកក្តៅឧណ្ហៗ ហើយ​ប្រើ​ឡេបំប៉ន និងផ្ដល់សំណើមដល់​ស្បែក។ នៅ​ពេល​អ្នក​ម៉ាស្សា​ស្បែក​ជាមួយនឹងឡេសើមៗហើយនោះ អ្នកនឹងទទួលបាននូវអារម្មណ៍ស្រស់ស្រាយ និងមានអារម្មណ៍ថាស្បែកមានទម្ងន់ជាងមុន​ ព្រោះថា ការខាត់ស្បែក អាចបណ្ដាលឱ្យស្បែករបស់អ្នកស្ដើងបន្ដិច។ មិនតែប៉ុណ្ណោះ ក្លិន​ក្រអូប​របស់ឡេលាបស្បែកនឹង​ធ្វើឱ្យ​អ្នក​មាន​អារម្មណ៍ល្អ ហើយ​ស្បែក​របស់​អ្នក នៅតែសម៉ដ្ឋរលើបរលោងដដែល។ អ្នកគួរអនុវត្តវិធីផ្តល់សំណើមដល់ស្បែកនេះជារៀងរាល់ថ្ងៃក្រោយពេលអ្នកខាត់ស្បែករួច។

2. ជ្រើសរើសសម្លៀកបំពាក់ដែលផ្ដល់ដង្ហើមដល់ស្បែក
ស្បែកដៃ និង​ជើង​របស់​អ្នកច្បាស់ជាត្រូវការដកដង្ហើមដែរ ដូចនេះកោសិកា​ត្រូវ​ការស​ភាព​ធូរលុង ទូលាយៗ ក្រោយ​ពេល​ខាត់​ស្បែក​រួច។នៅ​ពេល​អ្នកនឹងក្លាយ​ជា​កូន​ក្រមុំនាពេលខាងមុខនេះ អ្នកត្រូវ​ប្រាកដ​ថា ស្បែក​របស់​អ្នក​មើលទៅ​ទន់​ល្មើយ និង​ស្រស់​ថ្លា​នៅថ្ងៃដ៏វិសេសរបស់អ្នក​​។ ជ្រើសរើសស្លៀក​ពាក់​ខោអាវ​រលុងៗ​នឹង​ធ្វើឱ្យស្បែករបស់អ្នកមានសុខភាពល្អឡើងវិញ។

3. ការពារស្បែកពីកម្ដៅថ្ងៃ
ពាក្យចាស់តែពោលថា កូនក្រមុំ ត្រូវបន្ទុំស្បែកបន្ទុំសម្បុរ ខណៈពេលដែលទើបតែធ្វើការខាត់ស្បែកហើយ នោះស្បែករបស់អ្នកស្ដើង បើត្រូវកម្ដៅក្ដៅ ងាយនឹងរលាក ឬឡើងក្រហមខ្លាំងណាស់។ អ្នកគប្បីរក្សាខ្លួនប្រាណកុំឱ្យត្រូវកម្ដៅថ្ងៃមួយរយៈសិន ឬក៏ជ្រើសរើសសម្លៀកបំពាក់ដែលអាចបិទបាំងការពារកម្ដៅថ្ងៃបានល្អ ក្រោយពេលខាត់ស្បែកហើយ។

4. ហាមត្រដុសលាងស្បែកខ្លាំងៗ
ស្បែកទើបតែខាត់ហើយថ្មីៗមានសភាពខ្ចី ព្រោះវាបានជម្រុះកោសិកាចាស់ៗចេញ ដូច្នេះខណៈពេលដែលអ្នកងូតទឹកសូមព្យាយាមកុំប្រើកន្សែង ឬឧបករណ៍ដុសស្បែក ព្រោះវាងាយនឹងធ្វើឱ្យដាច់រលាត់ស្បែកកាន់តែខ្លាំងថែមទៀត។ ផ្ទុយមកវិញ អ្នកត្រូវសម្អាតស្បែកជាមួយនឹងសាប៊ូថ្នមៗ ហើយចៀសវាង ការងូតទឹកក្ដៅញឹកញាប់ពេក។

5. ម៉ាស្សាបំប៉នស្បែកបែបធម្មជាតិ
អ្នកអាចធ្វើការម៉ាស្សាស្បែកបែបធម្មជាតិ ដោយប្រើប្រាស់ទឹកឃ្មុំ ម្សៅល្មៀត តែប៉ៃតង ឬប្រទាលកន្ទុយក្រពើជាដើមក្នុងការផ្ដល់សំណើមដល់ស្បែក និងធ្វើឱ្យកោសិកាស្បែកបានស្រូបយកជីវជាតិដែលសម្បូរដោយវីតាមីនឡើងវិញ។ ការធ្វើបែបនេះមិនត្រឹមតែជួយឱ្យស្បែកសរលើបរលោងទេ ប៉ុន្ដែវាជួយបំពេញវីតាមីនឱ្យស្បែករបស់អ្នកផងដែរ៕

Advertisement