ទៅលេង​សមុទ្រ គួរ​ថែរក្សា​សក់ដូចម្តេចខ្លះ?

ដំបូង​គេ​បំផុត បើ​ចង់​ទៅលេង​សមុទ្រ ឬ​ទៅ​កន្លែង​ណា​ដែល​អាច​ប៉ះ​នឹង​ពន្លឺ​ថ្ងៃខ្លាំងៗនោះ អ្នកត្រូវ​ប្រយ័ត្ន​រឿង​សក់​ខូច​ដោយសារ​កម្តៅថ្ងៃ ឬ​កាំរស្មី​យូ​វី​មុនគេ ហើយ​បើ​ត្រូវ​ហែល​ទឹក​ផងនោះ មិនថាតែ​ហែលទឹក​ក្នុង​​អាង ឬ​ក្នុង​ទឹកសមុទ្រ​ក៏ដោយ សុទ្ធតែ​ធ្វើឱ្យ​សក់​ខូច​បាន​ទាំងអស់ ដូច្នេះ​អ្នកជំនាញ​ផ្នែក​សក់​សូម​ណែនាំ​ឱ្យទៅ​ធ្វើ ធ្រី​ត​មិន​ត៍ ស្រោប​សរសៃសក់ ដើម្បី​ជាការ​បិទ​ស្រកា​សរសៃសក់​មុនពេល​ទៅ​សមុទ្រ ទើប​ជាការ​ល្អបំផុតចំពោះសុខភាពសក់។

បាញ់ស្រៃ្បយការពារសរសៃសក់
នៅពេលទៅដល់​សមុទ្រ​ហើយ មុននឹង​ចេញទៅ​ត្រូវ​ពន្លឺ​ថ្ងៃ ចូរអ្នកបាញ់​ស្រៃ្បយសក់​ការពារ​កាំរស្មី​យូ​វី​ជាមុនសិន ឬ​វិធី​ងាយៗ អ្នកអាច​ប្រើ​គ្រី​ម​ការពារ​កម្តៅថ្ងៃ (មិន​ថា​ប្រភេទ​គ្រី​ម ឬ​ប្រភេទ​ប្រេង​នោះទេ) លាប​លើស​ក់​របស់អ្នកក៏បាន​ដូចគ្នា។

អប់​សក់​តាមបែបធម្មជាតិ
ចំណែក​វិធី​ធម្មជាតិ​ដែល​ជួយ​អប់​សក់​នោះគឺ​ប្រើ​ប្រេងដូង ឬ​ប្រេង​ម្កាក់​លាប​លើស​ក់របស់អ្នក រួច​ទុកចោល នោះកម្តៅ​ពី​ពន្លឺ​ថ្ងៃ​នឹង​ជួយបើក​ស្រកា​សរសៃសក់ ធ្វើឱ្យ​ជាតិ​ប្រេង​ចូលទៅ​បំប៉ន​បាន​យ៉ាងជ្រៅ និង​ជួយ​ស្រោប​សក់​មិនឱ្យ​សារធាតុ​គីមី​នៅក្នុង​ទឹក​អាង ឬ​ទឹកសមុទ្រ​នោះ​ចូលទៅ​បំផ្លាញ​បណ្តូល​សរសៃសក់​បាន​ទៀតផង។

ការលេងម៉ូដ​សក់
ចំពោះ​ម៉ូដ​សក់​វិញ ការធ្វើ​ម៉ូដ​សក់​ទៅលេង​សមុទ្រ​គឺ​មិនមាន​បែបបទ​តម្រូវឱ្យ​ត្រូវតែ​ធ្វើ​ម៉ូដ​នេះ ឬ​ម៉ូដ​នោះឡើយ ចំណុច​សំខាន់​ដែល​ត្រូវ​ចងចាំ​នោះ​គឺ កុំ​ធ្វើ​ម៉ូដ​ណា​ដែល​មើលទៅ​ដូច​អ៊ំស្រី ឬ​លោកយាយ​ទៅបាន​ហើយ គឺអ្នកអាចលេងម៉ូដសក់បែបងាយៗ និងបែបសាមញ្ញបានហើយ ទើបអាចធ្វើឱ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ និងមានភាពងាយស្រួលក្នុងការថែរក្សាម៉ូដសក់របស់អ្នក។

​កាត់តម្រឹម​សក់
សូម​ណែនាំ​ថា មុននឹង​ទៅលេង​សមុទ្រ គួរតែ​ទៅ​តម្រឹម​សក់​ឱ្យចេញ​ជា​ម៉ូដ​បន្តិច តែ​ហាម​កាត់ព្រោះ​ក្នុងអំឡុងពេល​ដើរ​លេង​​អ្នក​ប្រហែលជាមិនមាន​ពេលវេលា​មើលថែទាំសក់របស់អ្នកបានដិតដល់នោះ​ទេ ហើយ​ទឹកសមុទ្រ​អាចធ្វើឱ្យ​ម៉ូដ​សក់​របស់​អ្នក​ខូច​បាន​យ៉ាង​ងាយ​ទៀតផង។ អ្នកគួរ​ជ្រើសរើស​ម៉ូដសក់​ណា​ដែល​ងាយ​មើលថែទាំ និង​ងាយ​រៀបចំ​ជា​រូបរាង ឬ​ចង​សក់​បែបរលុងៗមក​ក្រោយ​ក៏បាន​ដែរ។

ប្រើកន្សែង​ជូត​មុខ​រុំ​ក្បាល
តិច​និក​មួយបែប​ទៀត​ដែល ឡា​រ៉ែ​ន ចង់​ណែនាំ​ពេល​ទៅលេងទឹកសមុទ្រ​ដែរនោះ​គឺ ការយក​កន្សែង​ជូត​មុខមក​រុំ​ក្បាល ឬក៏​យក​កន្សែង​បង់កវែងស្តើងៗពណ៌ស្រស់ៗមក​ឃ្លុំ​លើ​ក្បាល​បែបរលុងៗ ហើយ​ពាក់​វ៉ែន​តាខ្មៅ​ការពារ​ពន្លឺ​ថ្ងៃ​បន្ថែមពីលើ​មួយទៀត​ក៏​មើលទៅ​ស្រស់ស្អាត​មិនធម្មតា​ដែរ ហើយថែមទាំងអាច​កា​ពារ​សក់ និង​ភ្នែក​របស់​អ្នក​ពី​ពន្លឺ​ថ្ងៃ​ថែម​ទៀតផង៕

Advertisement