ផ្លែ​ស្រកានាគ ​មានគុណ​ប្រយោជន៍​ចំពោះ​សុខភាព​ស្បែក

December 6, 2018​ ម៉ោង 3:43 pm

“ផ្លែ​ស្រកានាគ” គឺជា​ផ្លែឈើ​ម្យ៉ាង​ដែល​បាន​នាំចូលមកពី​ប្រទេសក្រៅ នោះ​គឺ​ប្រទេស​ចិន ដែល​សព្វថ្ងៃ​មាន​ដាំ​នៅក្នុង​ប្រទេស​កម្ពុជា​គ្រប់​ទីកន្លែង​តែម្តង។ វា​មានឱជារស​ឆ្ងាញ់ពិសា និង​មានគុណ​ប្រយោជន៍​ជាច្រើន​ទាំងសុខភាព​រាងកាយ និង​សម្រស់។ មិន​ត្រឹម​តែមាន​លក្ខណៈ​រូប​ខុសប្លែក​ពី​ផ្លែឈើ​ធម្មតា​នោះទេ តែ​វា​មានគុណ​ប្រ​យោន៍​ច្រើន​ចំពោះ​សុខភាព ជាពិសេស​អ្នក​ដែលមាន​បញ្ហា​ស្បែក។ ផ្លែឈើ​មួយ​ប្រភេទ​នេះ បាន​ជួយ​ថែរក្សា​ស្បែក មិន​ថា​ស្បែក​ខូច​ដោយ​កម្ដៅថ្ងៃ ឬ​ជួយព្យាបាល​ស្បែក​ធ្វើឱ្យ​កោសិកា​រស់​ឡើងវិញ​នោះទេ។ ទស្សនាវ​ដ្តី ឡា​រ៉ែ​ន នឹង​ជម្រាបជូន​ពី​គុណប្រយោជន៍​របស់ផ្លែ​ស្រកានាគ​ចំពោះ​ស្បែក​ជូន​ប្រិយមិត្ត​អ្នកអាន​បានជ្រាប​ដូចតទៅ៖

1. ធ្វើឱ្យ​សុខភាព​ស្បែក​ល្អ​ប្រសើរឡើង
ការទទួល​ទាន​ផ្លែ​ស្រកានាគ​ក្រោយពេល​ទទួលទាន​អាហារ វា​ជា​រឿង​ល្អ​សម្រាប់​សុខភាព​ស្បែក។ សូម​ណែនាំ​ឱ្យ​ក្រឡុក​ជា​ទឹក​ផ្លែឈើ នោះ​វា​កាន់​តែមាន​រសជាតិ​ឆ្ងាញ់​ខុសប្លែក​ពី​ធម្មតា។ អាច​ទទួលទាន​នៅពេល​ព្រឹក​ក៏បានដើម្បី​ឱ្យមាន​ប្រតិបត្តិ​ការបណ្ដេញ​ជាតិពុល​ពី​ក្នុង​រាងកាយ និង​ស្បែ​កបាន​យ៉ាង​ល្អប្រសើរ។ផ្លែឈើ​មួយ​នេះ ក៏​ជា​ផ្នែក​មួយ​ជួយ​ប្រឆាំងនឹង​រ៉ាឌីកាល់​សេរី​ខ្ពស់បំផុត និង​ជួយបណ្ដេញ​រ៉ាឌីកាល់​សេរី​បាន​យ៉ាង​លឿន​ទៀតផង។ ក្រៅពីនោះ វា​មាន​ផ្ទុក​នៅ​វីតាមីន C ដែល​ជួយ​ប្រឆាំង​ជាមួយ​ការឡើង​អាចម៍រុយ ឬ​ស្នាម​ខ្មៅ​នៅលើ​ស្បែក​ខ្លួន​របស់​អ្នក​បាន​ទៀតផង។

2. ផ្ដល់​សំណើម​ដល់ស្បែក បំបាត់​សភាព​ស្បែក​ស្ងួត
គុណប្រយោជន៍​របស់​ផ្លែ​ស្រកានាគ​មួយទៀត​គឺ បំបាត់​សភាព​ស្បែក​ស្ងួត និង​ផ្ដល់សំណើម​ឱ្យ​ស្បែក​ពេល24ម៉ោង ព្រោះថា ផ្លែឈើ​មួយ​ប្រភេទ​នេះ មាន​បរិ​មាណទឹក​ច្រើន​រហូតដល់​ទៅ90% ទើប​វា​បាន​ជួយផ្ដល់​ជាតិ​ទឹក​ដល់​រាងកាយ និង​ស្បែ​កបាន​យ៉ាងច្រើន​បំផុត។ ដូច្នេះ​អ្នក​គួរតែ​ពិសា​ទឹក​ផ្លែ​ស្រកានាគ​ក្រឡុក​មួយ​កែវជា​រៀងរាល់​ព្រឹក ដើម្បី​ការពារ​កុំឱ្យ​ស្បែក​ស្ងួត។

3. ការពារ​មិនឱ្យ​ស្បែក​ជ្រីវ​ជ្រួយ និង​ឡើង​អាចម៍រុយ
ដូច​បាន​ជម្រាបជូន​ខាងលើ​មក​ថា ផ្លែ​ស្រកានាគ​សម្បូរ​ទៅដោយ​វីតាមីន c ច្រើន​ក្នុង​សាច់​របស់​វា។ វា​មានគុណ​ប្រយោជន៍​ជួយ​ការពារ​ស្បែក​មិនឱ្យ​ជ្រីវជ្រួញ មិនឱ្យ​ស្បែក​ឡើង​អាចម៍រុយ មិនឱ្យ​ឡើង​មុន​មុខ និង​ខ្នង​ជាដើម។ គេ​អាច​យក​ផ្លែ​ស្រកានាគ ធ្វើ​ម៉ាស​សម្រាប់​បិទមុខ និង​ខាត់​ស្បែក​ក៏បាន​ដែរ។ មិនតែប៉ុណ្ណោះ ស្នាម​ក្រហម ជាំ ឬ​ខ្លោច​ដោយសារតែ​កម្តៅថ្ងៃ​ពិតជា​អាច​បាន​ធូរស្រាល ដោយសារតែ​ផ្លែ​ស្រកានាគ​ក៏មាន​ផ្ទុក​នូវ​វីតាមីន E និង​សារធាតុសំខាន់ៗដទៃ​ជាច្រើន​ទៀត។ ជាពិសេស គឺអាច​ការពារ​ស្បែក​ពី​កម្តៅថ្ងៃ UVនិង​ការប៉ះពាល់​ដល់​ស្បែកផ្សេងៗផងដែរ។

4. ថែរក្សា​ស្បែក​ឱ្យ​ក្មេង​ជាង​វ័យ
សារធាតុ​ប្រឆាំងនឹង​អុកស៊ីតកម្ម​មិន​ត្រឹមតែ​ជំនួយ​ដល់​ស្បែក និង​ជួយ​ឱ្យ​លំហូរ​ឈាម​ដើរ​ស្រួល​ហើយ វា​ថែមទាំង​ជួយ​ប្រឆាំង និង​ការពារ​ភាព​ចាស់​ជ្រីវជ្រួញ​ផងដែរ។ ជាពិសេស​ធ្វើឱ្យ​ស្បែក​មុខ​តឹង​ណែន ក្មេងខ្ចី​ជាង​វ័យ ព្រមទាំង​បង្ការ​ស្បែក​យារ​ធ្លាក់​ជាដើម។

5. ការធ្វើ​ម៉ាស​ផ្លែ​ស្រកានាគ​ម៉ាស្សា​មុខ
*ជាដំបូង​អ្នក​ត្រូវ​បកសម្បក​ផ្លែ​ស្រកានាគ​ចេញ ហើយ​យក​សាច់​ផ្លែ​ស្រកានាគ​ក្នុង​បរិមាណ​សមល្មម​កិន ឬ​ក្រឡុក​ឱ្យ​ម៉ដ្ឋ​ស្មើ​សាច់​ល្អ។

**បន្ទាប់មក​យក​ដុំ​សំឡី​មក​ជ្រលក់​ល្បាយ​ផ្លែ​ស្រកានាគ​នេះ​ជូត​លាប​លើ​ផ្ទៃមុខ និង​បរិវេណ​ស្បែក-ក ទុកចោល​រយៈពេល20នាទី។

***ជា​ចុងក្រោយ​អ្នក​ត្រូវ​លុបលាង​មុខ​នឹង​ទឹក​ក្តៅឧណ្ហៗជាការ​ស្រេច។

អ្នក​អាចអនុវត្ត​វិធី​មួយ​នេះ​ឱ្យបាន2ទៅ3ដង ក្នុង​មួយ​សប្តាហ៍ ដើម្បី​ទទួលបាន​នូវ​លទ្ធផល​ល្អ​ចំពោះ​ស្បែក​របស់​អ្នក៕