នាំគ្នា​មក​ស្គា​ល់ពី សត្វល្អិត ឬ​ព្រូន ក្នុង​សាច់ជ្រូក តើ​មានគ្រោះថ្នាក់​ដល់​រាងកាយ​មនុស្ស​ឬទេ?

ឈ្មោះថា សត្វល្អិត ឬ​ព្រូន មិន​ថា​ជា​អ្វី​ក៏ដោយ គ្មាន​នរណាម្នាក់​ចង់ឱ្យ​វា​ចូលមក​នៅក្នុង​រាងកាយ​របស់​យើង​ឡើយ មែន​ទេ? តែ​បើសិនជា​យើង​ចៃដន្យ​វាក់អ៊ើ​សត្វ​ព្រូន​សរសៃវែងតូចៗ ទន់ៗនៅក្នុង​សាច់ជ្រូក ឬ​ក្នុង​គ្រឿងក្នុង​ជ្រូក​ក្នុងអំឡុងពេល​ចម្អិន​ម្ហូបអាហារ ឬ​យ៉ាប់​ជាង​នោះ​ទៅទៀត​គឺ ខាំ​ចូល​មាត់​ទំពា​ខ្ញាច់ៗរួចទៅហើយ​កន្លះ​ដុំ​នោះ តើ​វា​នឹង​បង្ក​ជា​គ្រោះថ្នាក់​ដល់​រាងកាយ​របស់​យើង​ដែរឬទេ? ឡា​រ៉ែ​ន មាន​ចម្លើយ​សម្រាប់​សំណួរ​នេះ!

តើ​សត្វល្អិត ឬ​ព្រូន​ក្នុង​សាច់ជ្រូក​ឆៅ គឺជា​ព្រូន​ប្រភេទ​ណា?
ព្រូន​នៅក្នុង​សាច់ជ្រូក​ដែល​យើង​ច្រើន​ប្រទះឃើញ​ជា​ព្រូនអំបោះ​ដែលមាន​លក្ខណៈសរសៃៗតូចៗ ទន់ៗ ពណ៌ក្រហមៗដែល​នឹង​ចូលទៅក្នុង​ខ្លួន​របស់​សត្វ​ជ្រូក​តាមរយៈ​ការ​ស៊ី ដោយ​ជ្រូក​អាច​នឹង​ស៊ី​អាហារ​ដែលមាន​លាយឡំ ឬ​ប្រឡាក់​លាមក​ដែលមាន​ស៊ុត​របស់​ព្រូន ទើប​ធ្វើឱ្យ​ស៊ុត​ព្រូន​ចូលទៅ​រីក​ធំធាត់​នៅក្នុង​ពោះវៀន សួត និង​អវយវៈ​ខាងក្នុង​ផ្សេងទៀត​របស់​សត្វ​ជ្រូក។ បើសិនជា​សត្វ​ជ្រូក​មិន​បានទទួល​ការចិញ្ចឹម​ថែទាំ​យ៉ាង​ស្អាត ត្រូវ​នឹង​សុខ​អនាម័យ និង​មិន​បានទទួល​ការទម្លាក់​សត្វល្អិត ឬ​ព្រូន​តាម​ពេល​កំណត់​ទេនោះ ក៏​គេ​អាច​ប្រទះឃើញ​មាន​ព្រូន​នៅក្នុង​ជ្រូក​ដែរ ហើយបើសិនជា​ស្ត្រី​មេផ្ទះ​លាង​សម្អាត​គ្រឿងក្នុង​ជ្រូក​មិនបាន​ល្អ ក៏​ព្រូន​អាច​ជាប់​មកជា​មួយ​ម្ហូបអាហារ​របស់​យើង​បានដែរ។

ទទួលទាន​ដោយ​សត្វល្អិត ឬ​ព្រូន​ចូលទៅក្នុង​រាងកាយ នឹង​បង្ក​គ្រោះថ្នាក់​ឬទេ?
ដំណឹង​ល្អ​គឺ បើសិនជា​ព្រូន​នោះ​ត្រូវបាន​ចម្អិន​ឆ្អិន​ល្អ​ហើយ អាច​ទទួលទាន​បាន មិន​បង្ក​គ្រោះថ្នាក់​ដល់​រាងកាយ​យើង​ទេ តែបើ​សិន​បរិភោគ​សាច់ជ្រូក​ដែលមាន​ព្រូន ឬ​ស៊ុត​ព្រូន​ដែល​ចម្អិន​មិនបាន​ឆ្អិន​ល្អ​ចូលទៅ ព្រូន​ក៏​អាច​ទៅ​រីក​ធំធាត់​នៅក្នុង​រាងកាយ​យើង​បាន ហើយ​បើសិន​កើតរោគ​ព្រូនអំបោះ​នេះហើយ អាច​នឹង​កើត​អាការ​ណែន​ដើមទ្រូង ឆាប់​ហត់​ដង្ហក់ មាន​គ្រុន​ក្ដៅខ្លួន ហើយ​បើសិនជា​ព្រូន​បង្កប់ខ្លួន​នៅក្នុង​ពោះវៀនតូច​ផង​នោះ នឹង​កើតមាន​សភាវ​ពោះធំ ខ្វះ​សារធាតុ​អាហារ ឈឺ​ចុកពោះ ក្អួតចង្អោរ ហើយបើសិន​ជាមាន​ព្រូន​ច្រើន ពួកវា​អាច​រមួល​ផ្ដុំ​ចូលគ្នា​ជា​ដុំ​រហូត​ធ្វើឱ្យ​ស្ទះ​ពោះវៀន​ធ្វើឱ្យមាន​បញ្ហា​ធំ​បាន។

វិធី​ការពារ​រោគ​ព្រូនអំបោះ
1 . បរិភោគ​តែ​សាច់សត្វ​ដែល​ចម្អិន​ឆ្អិន 100%។
2 . ជ្រើសរើស​បរិភោគ​សាច់សត្វ​ដែល​ចេញ​មកពី​ប្រភព​ផលិត​ដែលមាន​ស្តង់ដារ។
3 . បើ​ចម្អិន​ម្ហូបអាហារ​ដោយ​ខ្លួនឯង គួរ​លាង​សម្អាត​សាច់សត្វ និង​គ្រឿងក្នុង​ទាំងនោះ​ឱ្យបាន​ស្អាត​ហ្មត់ចត់។
4 . បើ​ទទួលទាន​អាហារ​ស្ទើរ​ឆ្អិន​ស្ទើរ​ឆៅ​ហើយ​កើតមាន​អាការ​ដូចដែល​បាន​រៀបរាប់​មក​ខាងលើ ចូរ​ប្រញាប់​ទៅ​ជួប​លោកគ្រូ​ពេទ្យ​ដើម្បី​ធ្វើការ​ព្យាបាល​ជា​បន្ត។ តែ​ប៉ុណ្ណឹង​ក៏​មិនចាំបាច់​នាំគ្នា​ភ័យ​ភ្ញាក់ផ្អើល​ខ្លាំង​រហូតដល់​ឈប់​ញ៉ាំ​ម្ហូបអាហារ​ដែល​ធ្វើ​ពី​សាច់សត្វ​អី​ដែរ តែ​ចំណុច​សំខាន់​គឺគួរ​ចម្អិន​ឱ្យ​ឆ្អិន​ល្អ​មុន​ទទួលទាន​គ្រប់ពេល ដើម្បី​មិន​ប្រថុយ​នឹង​ការកើតមាន​ព្រូន​នៅក្នុង​ពោះ OK!៕

Advertisement