ស្បែកស្អាត ក្រោយពេលប្រសូតបុត្ររួច

គឺជារឿងមួយដែលគេបានដឹងគ្រប់គ្នាថា កំរឹតអ័រម៉ូន និងការប្រែប្រួលរបស់រាងកាយក្រោយពេលឆ្លងទន្លេរួចនោះ​ ច្រើនតែហុចផលធ្វើឲ្យស្បែកដែលធ្លាប់តែស្រស់ថ្លាភ្លឺរលោងរបស់អ្នកម្តាយទៅជាស្ងួតគ្រើម ឡើងពណ៌ស្រគាំនៅតាមចំណុចផ្សេងៗ ដូចជា ប្រឡោះក្លៀក គន្លាក់អាចម៍ ក្បាលសុដនជាដើម។ ទោះជាស្បែកនឹងល្អស្អាតឡើងវិញជាបណ្តើរៗនៅពេលក្រោយមែន តែអាចត្រូវប្រើពេលវេលាយូរក្នុងការស្តារសភាពស្បែកឡើងវិញ ការលាបឡេថែបំប៉នស្បែក អាចជួយឱ្យស្បែកត្រឡប់មកស្អាតភ្លឺរលោង មានសុខភាពល្អបានកាន់តែលឿនឡើង។

រឿងដែលសំខាន់នោះគឺ ការជ្រើសរើសប្រើឡេថែបំប៉នស្បែកឱ្យសក្តិសមនឹងសភាពស្បែក និងការលាបយ៉ាងត្រឹម​ត្រូវតាម​វិធី នឹងជួយបង្កើនប្រសិទ្ធភាពរបស់សាច់ឡេឱ្យកាន់តែបានផលខ្លាំងឡើងទៀត។

ប្រភេទសាច់ឡេនីមួយៗ
សាច់ឡេឃ្រីម (Cream)
សាច់ឡេខាប់ និងមានសភាពធ្ងន់ជាងប្រភេទឡូស៊ឹន ឬជេល ព្រោះមានចំណែកផ្សំរបស់ប្រេងច្រើនជាង សក្តិសមនឹងអ្នកម្តាយដែលមានស្បែកស្ងួត ត្រូវការសំណើមច្រើនជាពិសេស។

សាច់ឡេឡូស៊ឹន (Lotion)
ឡូស៊ឹនមានលក្ខណះសាច់ស្តើងស្រាល ជ្រាបចូលទៅក្នុងស្បែកបានលឿនជាងសាច់ឃ្រីម មានឈ្មោះហៅ​មួយបែបទៀតថា ហ្វ្លីដ (Fluid) ល្អសំរាប់អ្នកម្តាយដែលមានស្បែកធម្មតា។ ចំណែកអ្នកម្តាយដែលស្បែកមានឡើងប្រេងគួរជ្រើសរើសប្រើ ឡូស៊ឹនប្រភេទដែលគ្មានចំណែកផ្សំរបស់ប្រេង (Oil-free) ព្រោះវានឹងមិនធ្វើឱ្យស្បែកមុខឡើងប្រេងច្រើននៅក្នុងចន្លោះពេលថ្ងៃ ។

សាច់ជេល (Gel)
សាច់ជេលមានចំណែកផ្សំរបស់ទឹកជាគោល និងមានជាតិប្រេងតិច ទើបធ្វើឱ្យជ្រាបចូលទៅក្នុងស្បែកបានងាយស្រួល និងរហ័សជាងសាច់ឡេឃ្រីម ឬឡូស៊ឹន។ សក្តិសមសំរាប់អ្នកម្តាយដែលមានស្បែកស្តើង និងងាយមានប្រត្តិកម្មសាច់ឡេ អ៊ីម៉ាល់ស៊ឹន (Emulsion)

ស្ថិតក្នុងរូបភាពជាវត្ថុរាវ សាច់ឡេមានសភាពធ្ងន់ជាងឡេឡូស៊ឹន ស្រដៀងទឹកដោះ តែស្រាលជាងសាច់ឃ្រីមល្អសំរាប់អ្នកម្តាយស្បែកធម្មតា ឬស្បែកស្ងួត។

សាច់សេរ៉ូម (Serum)
ស្ថិតក្នុងរូបភាពជាវត្ថុរាវ ដែលមានទាំងប្រភេទ ទឹក ប្រេង ឬជេលថ្លា ឬអាចហៅថា ជាអាហាររបស់ស្បែក​ដែលមានភាពខាប់ខ្ពស់ សក្តិសមនឹងអ្នកម្តាយដែលមានស្បែកក្រាស់គ្រើម ត្រូវការស្តារសភាពស្បែកឡើងវិញជាបន្ទាន់។

ប្រេងពីធម្មជាតិ (Natural oils)
ការធ្វើម៉ាស្សាដោយប្រេងដូង ប្រេងល្ង ឬប្រេងម្កាក់ ដើម្បីឲ្យស្បែកធន់នឹងការសំរួលសភាពដែលត្រូវយឺតយារ ឬរួញរឹបក្រោយពេលឆ្លងទន្លេ។ អាចប្រើបានគ្រប់សភាពស្បែក និងមិនបាច់កង្វល់ពីរឿងសារធាតុគីមីដែលនៅសេសសល់លើស្បែកឡើយ។

ការលាបឡេយ៉ាងត្រឹមត្រូវ
បំពង់ក
ចាប់ផ្តើមលាបពីបរិវេណដែលធំទូលាយបំផុតរបស់បំពង់កជាមុន គឺ ម្តុំគល់ក ហើយប្រើចុងម្រាមដៃទាំងអស់លាបអង្អែលសន្សឹមៗឡើងទៅលើ មិនគួរលាបចុះទេ ព្រោះអាចនឹងធ្វើឱ្យស្បែកបរិវេណបំពង់កយឺតយារធ្លាក់នៅពេលក្រោយបាន។

ដើមទ្រូង
អាចប្រើសាច់ឡេដែលនៅសល់ពីបំពង់ក លាបបែបអង្អែលៗនៅម្តុំបរិវេណដើមទ្រូងជាបន្តបាន ដោយការប្រើ​ចុងម្រាមដៃលាបថ្នមៗ និងវឹលទៅមកឱ្យសព្វពេញដើមទ្រូង ដើម្បីឱ្យសាច់ឡេជ្រាបចូលទៅក្នុងស្បែក រួចសឹមលាបដេញទៅរកក្បាលពោះ និងផ្នែកខ្នង។

ដៃ
ចាប់ផ្តើមពីដើមដៃផ្នែកខាងមុខជាមុន ហើយលាបវឹលឡើងទៅផ្នែកខាងក្រោយ ដោយការប្រើចុងម្រាមដៃ​លាបអង្អែលស្រាលៗ ដើម្បីឲ្យសាច់ឡេជ្រាបចូលទៅក្នុងស្បែក។

ជើង
ចាប់ផ្តើមពីគល់ភ្លៅជាមុន ហើយលាបលុញជារាងរង្វង់​មូលចុះទៅខាងចុងជើង ដោយការប្រើ​​​ចុងម្រាម​​​​​​ដៃ​​​​​​​លាប​អង្អែលស្រាលៗ ដើម្បីឱ្យសាច់ឡេជ្រាបចូលទៅក្រោមស្បែក និងគួរសង្កត់ធ្ងន់លើបរិវេណស្មងជើងទាំងសងខាងឱ្យបាន​ច្រើន ព្រោះនៅត្រង់កន្លែងហ្នឹង ស្បែកងាយស្ងួតខ្លាំងណាស់ ចំណែកឯបរិវេណប្រអប់ជើងវិញ គួរលាបទាំងលើខ្នងជើង និង​បាត​ជើង ព្រមទាំងធ្វើការម៉ាស្សាឱ្យសព្វពេញប្រអប់ជើងផង ដើម្បីឱ្យបានធូរស្រាលអារម្មណ៏ និងបង្កើនលំហូរវឹលរបស់លោ​ហឹត​​។

Tips :
ចៀសវាងការងូតទឹកដែលក្តៅឧណ្ហៗខ្លាំងពេក ព្រោះនឹងធ្វើឱ្យស្រទាប់លើរបស់ស្បែកបាត់បង់សំណើម​និងងាយ​កើតភាពក្រហាយផ្សា ចូរលាបឡេក្រោយពេលងូតទឹករួចរៀងរាល់លើក ឬនៅពេលដែលមានអារម្មណ៍ថារមាស់នៅលើ​ស្បែក។ ពេលងូតទឹករួច ចូរជូតសំអាតខ្លួនដោយមិនបាច់ឱ្យស្ងួតពេកទេ ហើយប្រញាប់លាបឡេថែបំប៉នស្បែកឱ្យសព្វពេញខ្លួន ព្រោះនៅពេលហ្នឹងស្បែកអាចរក្សាសំណើមបានច្រើនបំផុត ។

Advertisement