បុរស​និយម​ហាត់ប្រាណ ចាំបាច់​ត្រូវបំពេញ​សា​ធាតុ​រ៉ែ​នៅក្នុង​រាងកាយ

សាច់ដុំ​ក្បាលពោះ6កង់ (Six Packs) សាច់ដុំ​ទ្រូង ឬ​សាច់ដុំ​ស្មា​បើក​រីក​ធំ សុទ្ធសឹង​ជា​ក្ដី​ប្រាថ្នា​របស់​សុភាពបុរស​ទាំងឡាយ។ កន្លែង​សាច់ដុំ​ផ្នែក​នៃ​រាងកាយ​ទាំងអស់នេះ ដែល​ធ្វើឱ្យ​បុរស​មាន​រូបរាង​សង្ហា និង​ទាក់ទាញ។ តើ​អ្នកមាន​បានដឹង​ទេ​ថា នៅពេលដែល​បុរស​និយម​ហាត់ប្រាណ​យក​សាច់ដុំ ធ្វើឱ្យ​បាត់បង់​សារធាតុ​រ៉ែ​នៅក្នុង​រាងកាយ? សារធាតុ​រ៉ែ គឺ​ចាំបាច់​ដើម្បី​លើកកម្ពស់​សុខភាព និង​អនុវត្ត​មុខងារ​ជាច្រើន​នៃ​រាងកាយ។ ដូច្នេះ ទង្វើ​នៃ​ការហាត់​ប្រាណ ធ្វើឱ្យ​សារធាតុ​រ៉ែ​មានការ​ថយចុះ ហើយ​ចុះ​អ្នកត្រូវការ​បំពេញ​សារធាតុ​រ៉ែ​អ្វីខ្លះ​ចំពោះ​រាងកាយ?

1. កាល់ស្យូម
តម្រូវការ​នៃ​ជាតិ​កាល់ស្យូម​នៅក្នុង​រាងកាយ​របស់​អ្នក គឺ​នៅ​ចន្លោះ800មី​លី្ល​ក្រាម​ទៅ1,300មី​លី្ល​ក្រាម។ ជាតិ​កាល់ស្យូម​មាន​សារៈសំខាន់ សម្រាប់​ការបង្កើត​ភ្នាស​កោសិកា។ អ្នកត្រូវការ​កោសិកា​ទាំងនេះ​សម្រាប់​ការសាងសង់​ឆ្អឹង សាច់ដុំ បេះដូង និង​ប្រព័ន្ធ​រំលាយ​អាហារ។ ក្រោយ ឬ​មុនពេល​ហាត់ប្រាណ ត្រូវ​មាន​ទម្លាប់​ទទួលទាន​ទឹកដោះគោ​ស្រស់​មួយ​កែវជា​រៀងរាល់ថ្ងៃ។

2. ប៉ូ​តា​ស្យូ​ម
រាងកាយ​របស់​អ្នកត្រូវការ​ជាតិ​រ៉ែ​ប៉ូ​តា​ស្យូ​ម​ប្រមាណ​ពី2,500មី​លី្ល​ក្រាម​ទៅ4,700មី​លី្ល​ក្រាម​ក្នុង​របប​អាហារ​របស់​ពួកគេ។ ប៉ូ​តា​ស្យូ​ម ជួយ​ក្នុងការ​សាងសង់​សាច់ដុំ រក្សា​ការលូតលាស់​របស់​រាង​កាយ និង​កោសិកា។ សារធាតុ​ប៉ូ​តា​ស្យូ​ម​មាននៅ​ក្នុង​ផ្លែឈើ​ដូចជា ផ្លែ​ចេក ផ្លែ​ប៊័រ និង​ពពួក​សណ្តែក​ជាដើម។ ក្រោយពេល​ហាត់ប្រាណ​រួច អ្នក​អាច​ចម្អែត​ក្រពះ​ដោយ​អាហារ​ទាំងអស់នេះ ជំនួស​ចំណីអាហារ​ក៏បាន។

3. ផូស្វ័រ
អ្នកត្រូវការ​ជាតិ​រ៉ែ​ផូស្វ័រ​ប្រមាណ800មី​លី្ល​ក្រាម​ជា​រៀងរាល់ថ្ងៃ។ រ៉ែ​ប្រភេទ​នេះ​មាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់​ការបង្កើត​ឆ្អឹង និង​ការផ្តល់​ភាពរឹងមាំ​ដល់​ឆ្អឹង។ វា​មាននៅ​ក្នុង​អាហារ​ដូចជា គ្រាប់​ធញ្ញជាតិ សណ្ដែកសៀង ផ្លែ​ផា​សិន ល្ហុង និង​ផ្លែ​ស្រកានាគ។

4. សូ​ដ្យូ​ម
ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​របស់​អ្នក រាងកាយ​អ្នកត្រូវការ​ជាតិ​សូ​ដ្យូ​ម​ប្រមាណ​ពី1,500មី​លី្ល​ក្រាម​ទៅ2,500មី​លី​ក្រាម។ សារធាតុ​សូ​ដ្យូ​ម ជួយ​ក្នុងការ​គ្រប់គ្រង​បរិមាណ​ជាតិ​ទឹក​សរុប និង​កម្រិត pH នៅក្នុង​រាងកាយ។ វា​ក៏​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​មុខងារ​សរសៃប្រសាទ និង​ការ​កន្ត្រាក់​សាច់ដុំ។ សូ​ដ្យូ​ម មាននៅ​ក្នុង​ប្រភេទ​ទឹករ៉ែ និង​អំបិល។

5. ម៉ាញ៉េ​ស្យូ​ម
រាងកាយ​របស់​អ្នកត្រូវការ​ជាតិ​រ៉ែ​ម៉ាញ៉េ​ស្យូ​ម​ប្រហែល350មី​លី្ល​ក្រាម​ទៅ420មី​ល្លី​ក្រាម នៅក្នុង​របប​អាហារ​របស់​អ្នក។ ជាតិ​ម៉ាញ៉េ​ស្យូ​ម​អាចជួយ​ភ្ញោ​ច​អង់​ហ្ស៊ី​ម និង​គ្រប់គ្រង​តុល្យភាព​អេ​ឡិច​ត្រូ​លីត្រ​នៅក្នុង​រាងកាយ។ ម៉ាញ៉េ​ស្យូ​ម មាននៅ​ក្នុង​អាហារ និង​ផ្លែឈើ​ដូចជា ក្រូចឆ្មារ ទឹកដូង ផ្លែទៀប ផ្លែ​ពុទ្រា និង​ផ្លែ​ឈូក​ជាដើម៕

Advertisement