ក្មេង​ធាត់ ប្រថុយប្រថាន​នឹង​ជំងឺ ឪពុកម្ដាយ​កុំ​បណ្ដោយ

សង្គម​ទីក្រុង​នាពេល​បច្ចុប្បន្ន​មានការ​ផ្លាស់ប្ដូរ​ខុស​កាលពី​អតីតកាល​ច្រើនណាស់ ទាំង​សភាវ​ការរស់នៅ និង​ការ​ទទួលទាន​អាហារ ដែល​ការផ្លាស់ប្ដូរ និង​ប្រែប្រួល​នេះ​មិនមែន​កើតឡើង​តែ​ជាមួយ​មនុស្ស​ធំ​នោះទេ តែ​នៅ​កើតមាន​ចំពោះ​កុមារ​ផងដែរ។ ដោយសារតែ​សភាវ​ជុំវិញខ្លួន​ក្នុងពេល​សព្វថ្ងៃនេះ​ត្រូវ​ប្រញាប់ប្រញាល់ និង​ប្រណាំង​ជាមួយ​ពេលវេលា អាណាព្យាបាល ឬ​ឪពុកម្ដាយ​អាច​គ្មាន​ពេលវេលា​ត្រៀម​រៀបចំ​ម្ហូបអាហារ​ដែលមាន​គុណ​ត​ម្លៃ​ខាង​ភោជនាហារ​គ្រប់គ្រាន់​សម្រាប់កូនៗ ទើប​ធ្វើឱ្យ​ត្រូវ​សម្លឹងមើល​អាហារ​សម្រេច ឬ​អាហារ​ឆ្អិន​ស្រាប់​កាន់តែ​ច្រើនឡើង ដែល​អាចធ្វើឱ្យ​ក្មេង​បានទទួល​សារជាតិ​អាហារ​ប្រភេទ​ខ្លះ​ច្រើន​ជ្រុល​ពេក ហុច​ផល​ឱ្យ​ក្មេង​កើតរោគ​ធាត់​បាន។

គ្រូពេទ្យ​ជំនាញ​ខាង​ជំងឺ​កុមារ​បាន​រៀបរាប់ថា បច្ចុប្បន្ន​មាន​សញ្ញា​ក្នុងការ​រកឃើញថា មាន​សភាវ​ធាត់​កើត​នៅលើ​កុមារ​កើនឡើង ដោយសារ​បច្ច័យ​ខាង​ផ្នែក​ពូជ​អំបូរ អ័រម៉ូន ទង្វើ​ក្នុង​ការរស់នៅការ​ញ៉ាំ​អាហារ​ដែល​មិន​ត្រឹមត្រូវ និង​ខ្វះ​ការហាត់​ប្រាណ ដែល​អាណាព្យាបាល​អាច​សង្កេត​បា​ន​ថាកូនៗមាន​សភាវ​ធាត់​ឬទេ​តាមរយៈ​ការសាកល្បង​ប្រៀបធៀប​ជាមួយ​ក្មេង​ក្នុង​វ័យ​ដូចគ្នា។

បើ​រកឃើញថា កូន​ស្ថិតក្នុង​សភាវ​ប្រថុយ​នឹង​ការកើត​រោគ​ធាត់ យើង​ណែនាំ​ឱ្យ​កូន​នាំទៅ​ជួប​គ្រូពេទ្យ​ ដើម្បី​ពិនិត្យ​វាយតម្លៃថា តើ​មាន​សភាវ​ជ្រៀតជ្រែក​ពី​រោគ​ធាត់​ហើយ​ឬ​នៅ? ដូចជា វាស់​សម្ពាធ​ឈាម ពិនិត្យ​ឈាម​ដើម្បី​មើល​កម្រិត​ជាតិ​ខ្លាញ់​ក្នុង​ឈាម ឬ​វាយតម្លៃថា មាន​អាកា​រគេង​ស្រមុក និង​ឈប់​ដកដង្ហើម​ខណៈ​គេង​លក់​ដែរឬទេ?

ផល​អាក្រក់​ពី​ការ​ធាត់​តាំងពី​វ័យក្មេង​ខាង​ផ្នែក​រាងកាយ គឺ​ការបង្ក​ឱ្យ​កើតរោគ ដូចជា​រោគ​លើសឈាម រោគ​បេះដូង រោគ​ឆ្អឹង និង​សន្លាក់ និង​ផល​អាក្រក់​មួយផ្នែក​ទៀត​គឺ បាត់បង់​ភាព​ស្អាត​សង្ហា និង​ការ​ត្រូវ​សើចចំអក​ពី​សំណាក់​មិត្តភក្តិអាចធ្វើឱ្យ​ក្មេង​មាន​អារម្មណ៍​ថា​ ជា​ចំណុច​អាក្រក់​របស់ខ្លួន។ ទាំងអស់នេះ បើ​នៅ​មិនទាន់​រកឃើញ​សភាវ​ជ្រៀតជ្រែក​ពី​រោគផ្សេងៗទេនោះ រោគ​ធាត់​អាច​ការពារ​បាន​ដោយ​ការ​សាង​ទម្លាប់​និស្ស័យ​ស្រឡាញ់​សុខភាព​ក្នុងការ​ញ៉ាំ​ដែល​ល្អ​តាំងពីតូច។ ឪពុកម្ដាយ​អាចជួយ​សម្រក​ទម្ងន់​ដល់​កូន​បាន ដោយ​ការលើកទឹកចិត្ត​កូន កែសម្រួល​ទង្វើ​ការ​ញ៉ាំ​អាហារ មិន​ញ៉ាំ​អាហារ​ផ្អែម​ខ្លាំង ប្រៃ​ខ្លាំង ឬ​អាហារ​ដែលមាន​ខ្លាញ់​ច្រើន​ជ្រុល​ជាដើម។

ក្រៅពីនេះ​នៅ​អាច​រួមគ្នា​ធ្វើ​កិច្ចការងារ​ក្នុង​ក្រុមគ្រួសារ​ ដើម្បីឱ្យ​កូន​បាន​ហាត់ប្រាណ ដូចជា​ការ​បោស​ជូត​សម្អាតផ្ទះ ការលេង​កីឡា ជាដើម។​ ទាំងអស់នេះ បើ​មនុស្ស​នៅក្នុង​គ្រួសារ​រួមចិត្ត​រួម​កាយ​គ្នា​កែសម្រួល​ទង្វើ​ក្នុង​រឿង​នៃ​ការ​ញ៉ាំ​អាហារ និង​ហាត់ប្រាណ​យ៉ាង​ជាប់លាប់ លើកទឹកចិត្ត​គ្នា​ទៅវិញទៅមក នោះកូនៗដែល​អ្នក​ស្រឡាញ់​នឹង​ឃ្លាតឆ្ងាយ​ពី​រោគ​ធាត់ មាន​សុខ-​ភាពល្អ និង​រឹងប៉ឹង​បានជា​រៀងរហូត៕

Advertisement