ទទួលទាន​កាហ្វេ​ច្រើន​កែវ​ក្នុង​មួយថ្ងៃ ប្រឈមមុខ​នឹងជំងឺ​ងងឹតភ្នែក

បើតាម​ការស្រាវជ្រាវរ​បស់​អាមេរិក​បានបញ្ជាក់​ថា ការទទួលទាន​កាហ្វេ​ច្រើនជាង3ពែង​ក្នុង​មួយថ្ងៃ​អាច​បង្កើន​អត្រា​បាត់បង់​ការមើលឃើញ និង​ឈានទៅរក​ការ​ងងឹតភ្នែក​មើល​អ្វី​មិនឃើញ។ ការស្រាវជ្រាវ​ដដែល​បាន​បន្តថា បើទោះជា ទទួលទាន​កាហ្វេ​ក្នុង​ចំនួន​មធ្យម​ក្តី ក៏​អាចធ្វើឱ្យ​ភ្នែក​កើត​ជំងឺ Glaucoma (ប្រភេទ​ជំងឺ​ភ្នែក​ម្យ៉ាង​ដែល​ធ្វើឱ្យ​មនុស្ស​ងងឹតភ្នែក​បន្តិចម្តងៗរហូត​មើលលែងឃើញ) បានដែរ។

ដើម្បី​កាត់បន្ថយ​ឱកាស​កើត​ជំងឺ Glaucomaដូច​បានបញ្ជាក់​ខាងដើម​នេះ ការសិក្សា​ដែល​បាន​ចុះផ្សាយ​នៅក្នុង​ព្រឹត្តិបត្រ Investigative Ophthalmology & Visual Science បាន​ស្នើថា បណ្តា​អ្នក​និយម​កាហ្វេ​គួរតែ​កាត់បន្ថយ​ការទទួល​ទាន​កាហ្វេ​ឱ្យ​ស្ថិតនៅក្នុង​បរិមាណ​មួយ​សមរម្យ (ច្រើន​បំផុត2កែវ​ក្នុង1ថ្ងៃ)។

ក្រុម​អ្នកស្រាវជ្រាវ​មកពី​មន្ទីរពេទ្យ Brigham & Women’s Hospital នៅ​ទីក្រុង​បូ​ស្តុ​ន រដ្ឋ​ម៉ាសាឈូសេត សហរដ្ឋអាមេរិក​បាន​បញ្ជាក់ថា សមាសធាតុ​នៅក្នុង​កាហ្វេ​បាន​បង្កើន​សម្ពាធ​នៅក្នុង​គ្រាប់ភ្នែក បង្កើតបានជា​លក្ខខណ្ឌ​មួយ​ដែល​បំផ្លាញ​ការមើលឃើញ​របស់​ភ្នែក​ហៅថាExfoliation Glaucoma។ លក្ខខណ្ឌ​នេះ​កើតមាន​នៅពេល​សមាសធាតុ​ក្នុង​កាហ្វេ​ប៉ះពាល់​ទៅលើ​ប្រ​ស្រី​ភ្នែក និង​កែវភ្នែក​ទាំងពីរ ដែល​បន្ទាប់មក​ធ្វើឱ្យ​ស្ទះ​ប្រព័ន្ធ​បង្ហូរ​វត្ថុ​រាវ​របស់​គ្រាប់ភ្នែក ដែលជា​ហេតុនាំឱ្យ​សម្ពាធ​នៅក្នុង​ភ្នែក​កើនឡើង។ ប៉ុន្តែ​ចំពោះ ផលិតផល​ដែល​ចម្រាញ់​ចេញពី​កាហ្វេ គឺ​ពុំ​ជាប់ទាក់ទង​នឹង​ជំងឺ​ងងឹតភ្នែកនេះ​ទេ។

ការស្រាវជ្រាវ​ខាងលើនេះ ក៏បាន​បង្ហាញថាកាហ្វេ​ក៏មាន​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ដែរបើ​អ្នក​ទទួលទាន​ក្នុង​បរិមាណ​ត្រឹមត្រូវ។ បើតាម​ការសិក្សា​ទាំង2ខាងលើនេះ បាន​រកឃើញថាទទួលទាន​កាហ្វេ​អាចជួយ​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ដោយ​ជំងឺ​បេះដូង ជំងឺ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល ព្រមទាំង​ជំងឺ​ទឹកនោមផ្អែម​ផងដែរ៕

Advertisement