វិធី​រក្សា​ទំនាក់ទំនង​គូ​ស្វាមីភរិយា​ក្រោយពេល​រៀប​អាពាហ៍ពិពាហ៍​រួច

ជាការ​ពិតណាស់ ការជ្រើសរើស​គូស្រករ​គឺជា​រឿង​មួយ​ដែល​ពិបាក​បំផុត មិន​ប្រាកដថា ក្រោយពេល​រៀប​អាពាហ៍ពិពាហ៍​ហើយ លោកអ្នក​អាច​រក្សា​ចំណងស្នេហា​បានយូរ​អង្វែង​នោះទេ ពោលគឺ មានពេលខ្លះ​មិនត្រូវ​ចិត្ត​គ្នា មិន​សម្រប​គ្នា​ទាំងស្រុង កើតការ​អាក់អន់ស្រពន់ចិត្ត មាន​អារម្មណ៍​ប្រចណ្ឌ មាន​ពេល​ងង៉ក់ច្រើន​ក៏មាន…។ បុរស​ជា​ស្វាមី តែងតែ​ឱ្យ​តម្លៃ​ចំពោះ​ភរិយា និង​ក្ដី​ស្រឡាញ់​ស្មោះត្រង់ តែយ៉ាងណាមិញ នារី​ក៏ត្រូវ​ផ្គាប់ផ្គន់​ចិត្ត​ស្វាមី​ខ្លាំង​ផងដែរ។ ចុះ​នៅពេលដែល​រៀប​អាពាហ៍ពិពាហ៍​រួចតើ​គួរតែ​បន្ដ​រក្សា​ចំណងស្នេហា​មួយ​នេះ ឱ្យមាន​សុភមង្គល​បាន​ដោយ​វិធី​ណា? ថ្ងៃនេះ​ទស្សនាវដ្ដី ឡា​រ៉ែ​ន សូម​ជម្រាបជូន​ប្រិយមិត្ត​អ្នកអាន​ឱ្យបាន​ជ្រាប​ពី​របៀប ឬ​បែបផែន​មួយចំនួន ដែល​ស្វាមី និង​ភរិយា គួរ​ពិចារណា​ក្នុង​ការកសាង​សុភមង្គល​នៅក្នុង​គ្រួសារ។

1. ស្ដាប់​ហេតុផល
បុរសៗភាគច្រើន​កោតសរសើរ​ចំពោះ​មនុស្សស្រី ដែលមាន​សមត្ថភាព​ស្តាប់ និង​យល់ពីអ្វីៗនៅ​ជុំវិញខ្លួន។ វា​ហាក់បីដូចជា​ចម្លែក​ណាស់ នៅពេល​មាន​ជម្លោះ​កើតឡើង មនុស្សស្រី​ជាច្រើន​បាន​បាត់បង់​សមត្ថភាព​ក្នុងការ​ស្តាប់ តែ​បែរ​ជាត​ម្តើ​ង​សំឡេងខ្លាំង។ បុរសៗពិតជា​មានការ​ភ័យខ្លាច​ថា នៅ​ថ្ងៃ​ណាមួយ ភរិយា​របស់គាត់​អាច​នឹង​លែង​ស្តាប់​ហេតុផល​របស់គាត់។ ដូច្នេះ​មនុស្ស-​ស្រី​ត្រូវ​ចេះ​ស្តាប់​ហេតុផល ហើយ​ស្តាប់​ដោយ​អត់ធ្មត់​បន្តិច ដើម្បី​យកឈ្នះ​លើ​ចិត្ត​បុរស​ជា​ស្វាមី។

2. ត្រៀមខ្លួន​ជា​កំពូល​ចុងភៅ
ការពិត​នៃ​ចំណុច​មួយ​នេះ គ្មាន​អ្នកណា​យកចិត្តទុកដាក់​ឡើយ។ ទោះបីជា​យ៉ាងណាក៏ដោយ វា​មិន​ត្រឹមតែ​ជា​គន្លឹះ​ល្អ ដើម្បី​យកឈ្នះ​លើ​បេះដូង​ស្វាមី​នោះទេ តែ​វា​បង្ហាញ​ពី​ភាព​ឆ្លាត​វៃ​ទៅវិញ។ អាហារ​សម្រាប់​គ្រួសារ​មិន​ត្រឹមតែ​បំពេញ​ក្រពះ​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ជា​គន្លឹះ​មួយ​នៃ​ការចាប់ផ្តើម​សាង​សុភមង្គល​នៅក្នុង​គ្រួសារផងដែរ។ មនុស្ស​ស្រី​គ្រប់រូប​គួរតែ​រៀន​ធ្វើ​ម្ហូប និង​ស្រឡាញ់ផ្ទះបាយ ព្រោះ​ដើម្បី​ធ្វើ​អាហារឆ្ងាញ់ៗសម្រាប់​ស្វាមី និង​ក្រុមគ្រួសារ។ តែ​យ៉ាងណាមិញ ស្វាមី​ក៏មាន​តួនាទី​ជួយ​រំលែក​ការងារ​ភរិយា​ផងដែរ ពោលគឺ ស្វាមី​ត្រូវ​ចេះ​ចម្អិន​អាហារ នៅពេល​ភរិយា​មិន​នៅ ឬ​មិន​ស្រួលខ្លួន​ជាដើម។

3. ភាពស្មោះត្រង់
នៅពេល​អ្នក​ចាប់​ផ្តើមនិយាយ​កុហក អ្នកនឹង​មិនអាច​បញ្ឈ​ប់​វា​បានឡើយ។ ដើម្បី​លុបបំបាត់ចោល​នូវ​ពាក្យសម្តី​កុហក អ្នក​ត្រូវ​ប្រើពាក្យ​សម្តី​កុហកខុសៗគ្នា តែ​ស្ថិតក្នុង​ផ្លូវ​ល្អ។ ស្វាមី​ស្រឡាញ់​មនុស្ស​ស្រី​ជា​ភរិយា​ដែលមាន​ភាពស្មោះត្រង់ ដូច្នេះ​ភរិយា​គ្រប់រូប​ក៏​មិនគួរ​មាន​អាថ៌កំបាំង​ផ្ទាល់ខ្លួន​ដែរ អ្នក​អាច​ពិភាក្សា​ជាមួយ​ស្វាមី​គ្រប់​កង្វល់ ឬ​គ្រប់​មន្ទិល​បាន ដើម្បី​បង្ហាញ​ពី​ភាពស្មោះត្រង់​ចំពោះ​គ្នា។ ស្វាមី​ក៏​ដូចគ្នា ត្រូវ​បង្ហាញ​ភាពស្មោះត្រង់​ចំពោះ​ភរិយា និង​លោះ-​បង់​ចរិត​ជា​ព្រាននារី​របស់ខ្លួន​ផងដែរ។

4. បង្កើត​កត្តា​យល់ចិត្ត​គ្នា
គ្មាន​រូបមន្ត​អ្វី​អាចជួយ​រក្សា​ជីវិត​អាពាហ៍ពិពាហ៍​ឱ្យមាន​សុភមង្គល​រហូត​បានឡើយ។ មានតែ​រូបមន្ត​មួយគត់​ដែល​ធ្វើឱ្យ​ទំនាក់ទំនង​ស្នេហា​នៅតែ​អាច​រក្សាបាន នោះ​គឺ​គូភាគី​ម្ខាងតែងតែ​ជា​អ្នកឈ្នះ ហើយ​គូភាគី​ម្ខាង​ទៀត​តែងតែ​ចាញ់។ ទំនាក់ទំនង​ស្នេហា​រវាង​គូ​ស្វាមីភរិយា​មិនមែនជា​សង្គ្រាម​អ្នកឈ្នះ និង​អ្នកចាញ់​នោះទេ។ ពេលខ្លះ អ្នកឈ្នះ​អាច​មិន​ត្រឹមត្រូវ ព្រោះ​អ្នកចាញ់​មិនមែនជា​មនុស្ស​ធ្វើ​ខុស។ ជម្លោះទាំងឡាយ​ត្រូវ​ស្ថិតក្រោម​ការសម្របសម្រួល និង​ចាប់ផ្ដើម​យល់​ពីគ្នាម្ខាងៗ និង​ព្រមព្រៀងគ្នា​រវាង​គូស្នេហ៍​ទាំងពីរ។នៅក្នុង​ទំនាក់ទំនងស្នេហា មិន​ទាមទារ​សមភាព​អ្វី​ឡើយ តែ​ទាមទារ​គូស្នេហ៍​ចេះ​ស្រឡាញ់គ្នា​ទៅវិញទៅមក។ ដូច្នេះ​ភរិយា​ដែល​ចេះ​បង្កើត​ភាព​ផ្អែមល្ហែម និង​យល់ចិត្ត​គ្នា នឹង​អាចជួយ​ឱ្យ​ស្វាមី​ងាយ​ទន់​ចិត្ត និង​កើតមាន​សុខសន្តិភាព​នៅក្នុង​ក្រុមគ្រួសារ។

5. កត្តា​រួមភេទ
ក្នុង​រាត្រី​ផ្សំ​ដំណេក បន្ទាប់ពី​រៀបការ​រួចគឺជា​ពេលវេលា​មួយ​ដ៏​វិសេសវិសាល​ខ្លាំងណាស់ ហើយក៏​ជា​ពេលវេលា​ដំបូង​គេ ដែល​គូ​ស្វាមីភរិយា​ទាំងពីរ​បានរួម​រស់​ជាមួយគ្នា​បែប​ជា​ប្តី​ប្រពន្ធ​ពិតប្រាកដ។ អស់​រយៈពេល​យូរ​មកហើយដែល​មនុស្ស​ស្រី​នៅ​រក្សា​ព្រហ្មចារី​យ៍​របស់ខ្លួន​សម្រាប់​ថ្ងៃនេះ ហើយ​អ្នក​ក៏​មិន​គួរឱ្យ​វា​រំលង​ដោយ​ឥតប្រយោជន៍​ដែរ។ ​​ តែ​មិនមែន​បានសេចក្ដីថា បុរស​ជា​ស្វាមី​ងប់ងុល​នឹង​ការរួម​មេត្រី​រហូត​មិន​ខ្វល់​ពី​អារម្មណ៍​របស់​ភរិយា​នោះដែរ ដូច្នេះ​គួរតែ​ឱ្យ​តម្លៃ​គ្នា​ទៅវិញទៅមក ដោយ​ការសម្របសម្រួល​ជាមួយ​ភរិយា ឬ​ការព្រមព្រៀង​យ៉ាង​ពេញចិត្ត​នៅក្នុង​រាត្រី​ផ្សំ​ដំណេក។

6. កត្តា​ពាក្យសម្ដី
គូ​ស្វាមីភរិយា គប្បី​ត្រូវមាន​របៀប​នៃ​ការប្រើប្រាស់​ភាសា​និយាយ​នៅក្នុង​គ្រួសារ​ឱ្យ​សមស្រប​តាម​ស្ថានភាព​នៃ​ក្រុមគ្រួសារ។ មានគ្រួសារ​ខ្លះ​បាន​ហៅ​ស្វាមី​ខ្លួន​ជា ប៉ា និង​ហៅ​ភរិយា​ខ្លួន​ជា ម៉ាក់ ដើម្បី​ត្រៀមខ្លួន​ជាស្រេច​ក្នុងការ​សាង​សុភមង្គល នៅពេលដែល​ពួកគេ​ត្រៀម​យក​បុត្រ។ បើទោះបីជា​ពេលខ្លះ​ពួកគេ​ខឹង​គ្នា ឬ​ទាស់សម្ដី​គ្នា ក៏​ពួកគេ​ត្រូវតែ​ប្រើពាក្យ​សម្ដី​ដែល​មិន​កំហក ឬ​អសុរ​ស​ពេក​នៅក្នុង​គ្រួសារ​ផងដែរ និង​ត្រូវ​ជំនួស​មកវិញ​ដោយ​ពាក្យសម្ដី​បន្ទន់ចិត្ត ទើប​មិន​បង្ក​ភ្លើង​ជម្លោះ​នៅក្នុង​គ្រួសារ។

7. កុំ​ភ្លេច​ស្រឡាញ់​ខ្លួនឯង​ផង
ជួនកាល មនុស្ស​ស្រី​រវល់​តែ​មើលថែ​គ្រួសារ ភ្លេច​មើលថែ​ខ្លួនឯង និង​ឱ្យ​ក្ដី​ស្រឡាញ់​ចំពោះ​ខ្លួនឯង។ គ្រួសារ​គឺជា​អតិ​ភាព​លេខ​មួយ​សម្រាប់ជីវិត​មែន តែ​អ្នក​ក៏ត្រូវ​គោរព និង​ស្រឡាញ់​ខ្លួនឯង​ផងដែរ។ មាន​ពេលវេលា​ធ្វើខ្លួន​ឱ្យបានស្អាតៗ ស្លៀកពាក់​ឱ្យបានស្អាតៗ ចេញទៅ​ខាងក្រៅ ហើយ​រីករាយ​នឹង​ជីវិត​របស់​អ្នក។​ នៅពេល​អ្នកមាន​ភាពស្រស់​ស្អាត ស្វាមី​នឹង​នៅតែ​ស្រឡាញ់​អ្នក​រហូត។ នៅពេល​មនុស្សស្រី​ស្គាល់​ពី​តម្លៃ​ខ្លួនឯង នោះ​នឹង​ធ្វើឱ្យបុរសៗកាន់តែ​គោរព និង​ស្រឡាញ់​អ្នក​ទ្វេដង​ជាមិនខាន៕

Advertisement