ម៉ែក្មេក 5ប្រភេទ ដែលកូនប្រសារស្រីដូចយើង រាងចាល!!

នៅពេលដែលសង្គ្រាមរវាងម៉ែក្មេក និងកូនប្រសារស្រីមិនមែនជារឿងកំប្លុកកំប្លែង​ ដែលនិពន្ធលើកយកល្អមើល ហើយដាក់បញ្ចាំងនៅក្នុងរឿងភាគក្នុងទូរទស្សន៍នោះ អ្នកគ្រូឆវី សូមលើកយកអត្ថបទដ៏ល្អមួយ ដើម្បីមកស្រាយបញ្ហានេះជូនសម្ព័ន្ធភាពទាំង3 គឺម៉ែក្មេក កូនប្រសារស្រី និងកូនប្រុសអ្នកម៉ែ ដែលត្រូវបំពេញតួនាទីជាស្វាមីគំរូ និងជាកូនប្រុសដ៏សែនល្អ ឱ្យបានដឹងពីចិត្តគំនិតរបស់គ្នាទៅវិញទៅមក ដូចជាយើង (ម៉ែក្មេក) ស្អប់បែបនេះ! ឬនាង(រូបអ្នកផ្ទាល់)ចូលចិត្តបែបណា? ជាដើម នោះមកជម្រាបជូន ដែលអ្នកគ្រូឆវី ធានាថា អត្ថបទនេះ ម៉ែក្មេកទាំងឡាយក៏អាចអានបាន កូនប្រសារស្រីក៏អានបាន ហើយជាពិសេសបំផុត កូនប្រុសអ្នកម៉ែក៏គួរតែអានដែរ ហើយសូមឱ្យអានទាំងអស់គ្នា… គិតថា អ្នកគ្រូ ឆវី សុំអង្វរឱ្យអានទៅចុះ!

1. មហាកំពូលការពារទ្រព្យ
ម៉ែក្មេកមហាកំពូលការពារទ្រព្យ ចូលចិត្តធ្វើខ្លួនជាអ្នកត្រួតពិនិត្យជាប់ជានិច្ច ដែលបើសិន​ជាការពារតែទ្រព្យសម្បត្តិរបស់ខ្លួន​ឯង​នោះ វា​​​ប្រហែលជាមិនមែនជាបញ្ហាអីទេ តែនេះ​មាន​ក្ដីព្យាយាមយ៉ាងខ្លាំងក្លាក្នុង​​ការតាមដានត្រួតពិនិត្យទ្រព្យសម្បត្តិរបស់អ្នកផ្សេងទៀតផង ជាពិសេសបំផុតទ្រព្យសម្បត្តិរបស់កូនប្រុសសំណព្វចិត្តខ្លួនតែម្ដង។ អ្នកស្រីម្ដាយក្មេកតែងតែវិតក្កកង្វល់ថា កូនប្រសារស្រីនឹងធ្វើខ្លួនជាសត្វឈ្លើង មកជញ្ជក់បឺតយកប្រាក់ដែល កូនប្រុសខ្លួន​ខំរកបានមកដោយក្ដីលំបាកលំបិន ទាំងនៅចាំតាមដានស៊ើបមើលថា កូនប្រសារស្រីរបស់ខ្លួនចេះធ្វើការរកស៊ីអត់? ឬមានប្រាក់ចំណូលប៉ុន្មាន? ឬចាយវាយខ្ចះខ្ជាយឬអត់? ដែលប្រាកដណាស់ថា ទាំងអស់នេះពិតជាសាង​នូវភាពធុញថប់តានតឹង និងរំខានចិត្តកូនប្រ-សារស្រីមិនស្ទើរឡើយ ហើយម៉ែក្មេកខ្លះទៀត កើតអាការធ្ងន់ធ្ងរដល់ថ្នាក់សុំខ្លួនធ្វើជាអ្នកទុកដាក់លុយកាក់ឱ្យកូនប្រុសខ្លួនឯងក៏មានដែរ… អូយ ឈឺក្បាល!

វិធីទប់ទល់ៈ បើសិនចង់ចាត់ការម៉ែក្មេក ប្រភេទនេះឱ្យរាបដូចកន្ទេលនោះ អ្នកគ្រូឆវី សូមណែនាំថា អ្នកនាងត្រូវតែធ្វើជាកូនប្រសារ ដែលរឹងប៉ឹង ឈរលើដៃជើង និងកម្លាំងរបស់ ខ្លួនឯង។ និយាយប្រកាសឱ្យឮដល់ត្រចៀកម៉ែក្មេកតែម្ដងទៅថា នាងខ្ញុំធ្វើការរកលុយចាយដោយខ្លួនឯងណា៎ ហើយនាងខ្ញុំនឹងកូនប្រុសរបស់អ្នកស្រី ក៏ចាយលុយដោយឡែកពីគ្នាដែរដែលរឿងនេះ​បើសិនជាតម្រូវឲលារបញ្ជីចំណាយចំណូលបង្ហាញប្រាប់ផង ក៏រឹតតែល្អទៅទៀត។ ធ្វើគ្រប់វិធី​ដើម្បី​បង្ហាញឱ្យឃើញថា អ្នកនាងមិនបានមក​តោងកូនប្រុស គាត់ស៊ីនោះទេ។ នៅពេលដឹងបែបនេះហើយ អ្នកស្រីម្ដាយក្មេកក៏នឹងលែងហ៊ានមកលូកលាន់ ឬចេះដឹងរឿងលុយរឿងកាក់របស់អ្នកនាងទៀតហើយ ឬនិយាយឱ្យស្រួលស្ដាប់គឺ ធ្វើឱ្យគាត់លែងខ្វល់បារម្ភពីរឿងហ្នឹងតែម្ដង ដើម្បីឱ្យលែងមានបញ្ហាសម្រាប់ជីវិតអាពាហ៍ពិពាហ៍របស់អ្នកនាង និងស្វាមីហ្នឹងឯង។

2. ស៊ូស៊ីថៃហៅ មកចាប់កំណើត
ពីដំបូងប្រុងហៅថា ហ៊ីទ្លែរមកចាប់កំណើតព្រោះភ្លេចគិតទៅថា ម៉ែក្មេកជាមនុស្សស្រីអីុចឹងមានតែ ស៊ូស៊ីថៃហៅ ទើបស័ក្តិសមជាង។ ចា៎ស ប្រហែលជាមិនពិបាកស្មានទេ មែនទេថាម៉ែក្មេកប្រភេទនេះជាមនុស្សបែបណា ខ្លីៗងាយៗត្រូវចំអត្ថន័យតែម្ដងនោះគឺ “ផ្ដាច់ការ” ដោយក្នុងពាក្យថា ផ្ដាច់ការនេះបានរួបរួមចរិតនិស្ស័យដ៏មហាសែនយ៉ាប់ជាច្រើននៅក្នុងនោះ មានតាំងពីអាត្មានិយម គ្មានហេតុផលចេះដឹង រឿងប្ដីប្រពន្ធគេ មិនទទួលយកគំនិត យោបល់ គេគិតថាខ្លួនឯងត្រូវរហូត ចូលចិត្តចង្អុលបញ្ជាសម្លុតគំរាមកំហែង។ល។ ចំណុចអាក្រក់ច្រើនបែបនេះ បើចង់ប្រាប់ថា គឺជាម៉ែក្មេកដែលគួរឱ្យភ័យខ្លាចជាទីបំផុតនោះ ក៏ប្រហែល មិនជាខុសប៉ុន្មានដែរ។ ជាពិសេសបំផុត បើចាប់ដៃគូគ្នាជាមួយកូនប្រុសទន់ជ្រាយផងនោះ រឿងនេះអាចប្រកាសបានតែម្ដងថា ជីវិត ជាកូនប្រសារស្រីមានតែខ្ទេចខ្ទី ហើយនិងខ្ទេចខ្ទី តែប៉ុណ្ណោះ។ ហ៊ឺ…។

វិធីទប់ទល់ៈ វិធីដោះយករួចខ្លួនពីម៉ែក្មេកកំ- ពូលផ្ដាច់ការបែបនេះគឺ អ្នកនាងត្រូវធ្វើជាកូនប្រ-សារស្មារតីមាំមួន។ ភាពនឹងធឹង និងដាច់ខាតនឹងធ្វើឱ្យអ្នកនាងយកឈ្នះដោយមិនពិបាកឡើយ។ អាចនឹងត្រូវសុខចិត្ត ឬបង្ខំចិត្តធ្វើការតមាត់ ត-ក ដើម្បីជំទាស់ចិត្តគ្នាខ្លះទៅចុះ តែបើសិនជា ប្រាកដក្នុងចិត្តថា បានធ្វើនូវរឿងដែលត្រឹមត្រូវ និងគួរធ្វើហើយនោះ សូមកុំភិតភ័យញាប់ញ័រឱ្យ សោះ ព្រោះបើសិនជាអ្នកនាងភ្លេចខ្លួនបណ្ដោយតាម ឬឱនក្បាលចុះញ៉មសូម្បីតែបន្តិចនោះ វានឹងក្លាយជាចំណុចប្ដូរផ្លាស់ជីវិតរបស់អ្នកនាងភ្លាមតែម្ដង​។ ចូរចាំទុកថា កុំព្រមចុះចាញ់ ឬបន្ទន់ឥរិយាបថតាំងពីដំបូង ព្រោះវានឹងមានន័យថា បើសុខចិត្តធ្វើចាញ់តាំងពីដំបូងនោះ វាច្បាស់ជាមានលើកក្រោយៗទៀតជាមនិខាន…។ (សូមរង់ចាំតាមដានភាគបន្ត…)

Advertisement