ហេតុផល​សំខាន់ ដែល​គូ​ស្វាមីភរិយា ត្រូវការ​ធ្វើដំណើ​រកម្សាន្ដ

ការធ្វើដំណើរ​កម្សាន្ដ​មិន​ត្រឹមតែ​ធ្វើឱ្យ​អ្នកមាន​អារម្មណ៍​ស្រស់ថ្លា​ប៉ុណ្ណោះ​ទេ ថែមទាំង​ធ្វើឱ្យ​អ្នកមាន​សុខភាព​ល្អ​ទៀតផង។ ហើយ​បើ​ទើបតែ​រៀប​អាពាហ៍ពិពាហ៍​ហើយ​ថ្មីថ្មោង ការចំណាយ​ពេលវេលា​ដើរ​កម្សាន្ដ គឺជា​ការបង្កើត​នូវ​ភាព​ស្និទ​ស្នាល និង​ទំនាក់ទំនង​ល្អ​រវាង​អ្នក​ទាំងពីរ។ អ្នក​បានធ្វើ​ការងារ​ស​ន្សំ​ប្រាក់​ទុក​សម្រាប់​កសាង​គ្រួសារ​អស់​រយៈពេល​ជា​យូរ​មកហើយ ដូច្នេះ មាន​ហេតុផល​សំខាន់​ជាច្រើន​ដែល​លោកអ្នក​គួរ​ធ្វើដំណើរ​កម្សាន្ដ​ទៅកាន់​កន្លែង​ណាមួយ ទោះ​មិនបាន​ញឹកញាប់ ក៏យូរៗបាន​ដើរលេង​ម្ដង​ដែរ។ តើ​មាន​ហេតុផល​អ្វីខ្លះ ដែល​ការធ្វើដំណើរ​កម្សាន្ដ​រប​ស់​គូ​ស្វាមី​ល្អ​សម្រាប់​សុខភាព?

1. បង្កើន​ទំនាក់ទំនង​ស្អិតរ​មួ​ត
នៅពេលដែល​បានធ្វើ​ដំណើរ​កម្សាន្ដ​ជាមួយ​មនុស្ស​ជាទី​ស្រឡាញ់ នោះ​មានន័យថា​អ្នក​កំពុងតែ​បង្កើន​ភាព​ជិតស្និត ផ្អែម​ល្អែ​ម​ជាមួយ​ពួកគេ​ថែម​មួយកម្រិត​ទៀត។ ជា​ទូទៅ ក្រោយពេល​រៀបការ គូ​ស្វាមីភរិយា​តែង​ជ្រើសរើស​ទីតាំង​សម្រាប់​ក្រេប​ចន្ទ​ទឹកឃ្មុំ ក៏ប៉ុន្ដែ​ក៏មាន​អ្នក​ខ្លះទៀត ចង់​មានដំណើរ​កម្សាន្ដ​ទាំង​គ្រួសារ​តែម្ដង ព្រោះ​ដើម្បី​ឱ្យមាន​ភាព​ស្និទ​ស្នាល​នឹង​គ្នា​រវាង​គ្រួសារ​ទាំងពីរ​ខាង ឱ្យ​កាន់តែ​ស្អិតរ​មួ​ត​ខ្លាំង​ឡើង។

2. រំសាយ​អារម្មណ៍​ស្មុគស្មាញ និង​ភាព​នឿយហត់
អ្នក​ធ្លាប់តែ​រស់នៅ និង​ទទួល​សំពាធ​ពី​កន្លែង​ការងារ ពី​ការសិក្សា ឬ​ពី​ក្រុមគ្រួសារ រហូតដល់​មានគ្រួសារ​ថ្មី នឹងត្រូវ​ប្រឈម​ជាមួយ​ពេលវេលា​មើលថែទាំ​សមាជិក​ក្នុង​គ្រួសារ​ថែមទៀត សឹងតែ​ធ្វើឱ្យ​អ្នក​គ្មាន​ពេលវេលា​គ្រប់គ្រាន់​ក្នុងការ​ធ្វើដំណើរ​កម្សាន្ដ​ឡើយ។ ដំណើរ​កម្សាន្ដ​អាច​ជួ​យ​ឱ្យ​អ្នក​ស្រស់ស្រាយ និង​មានគំនិត​ក្នុងការ​ដោះស្រាយ​រឿងរ៉ាវ​ជាច្រើន។ នៅពេល​អារម្មណ៍​ស្រឡះ ភាព​នឿយហត់​ក៏បាន​រសាយ ធ្វើឱ្យ​អ្នកមាន​អារម្មណ៍​ល្អប្រសើរ​ឡើងវិញ។

3. ទទួលបាន​គំនិតថ្មីៗ និង​គំនិត​ច្នៃប្រឌិតល្អៗ
ដើរលេង​ច្រើន ឃើញ​អ្វីដែល​ប្លែក​ច្រើន អាចឱ្យ​អ្នកមាន​គំនិត​ច្នៃប្រឌិតថ្មីៗ តាមរយៈ​តំបន់ប្លែកៗ ព្រោះថា​ពេលដែល​អ្នកឃើញ​អ្វីដែល​ថ្មី​សន្លាង ដែល​អ្នក​មិន​ធ្លាប់​បានឃើញ​ពីមុនមក អាច​បណ្ដុះ​គំនិត​អ្នក​ឱ្យ​កាន់​តែមាន​ច្រើនឡើង​ថែមទៀត។ ជាពិសេស​គោល​គំនិត​នៃ​ការបង្កើត​មុខរបរ សម្រាប់​គូ​ស្វាមីភរិយា​នឹងត្រូវ​ចាប់ដៃគ្នា​រកប្រាក់​ចំណូល។

4. សប្បាយចិត្ត​សុខភាព​ល្អ
ពេលដែល​អ្នក​សប្បាយ​ចិ​ត្ដ អារម្មណ៍ល្អនោះ​មានន័យថា អ្នក​ក៏មាន​សុខភាព​ល្អ​ដែរ។ ដំណើរ​កម្សាន្ដ​ធ្វើឱ្យ​សុខភាព​ខួរក្បាល​របស់​អ្នក​បានល្អ និង​ធ្វើឱ្យ​រូបរាង​នៅ​ថេរ​ជានិច្ច។

5. បង្កើត​ទំនាក់ទំនង​សង្គម​ល្អ
ពេលដែល​អ្នក​ទៅ​ដើរលេង​កម្សាន្ដ​នៅ​តំបន់ផ្សេងៗ អាចជួយ​ឱ្យ​អ្នកមាន​ទំនាក់ទំនង​ល្អ​ជាមួយ​មនុស្ស​នៅក្នុង​សង្គម ពីព្រោះថា​នៅពេលដែល​អ្នក​ប្រាស្រ័យ​ទាក់ទង​មនុស្ស​នៅក្នុង​សង្គម​ច្រើនប្រាកដ​ណាស់​ថា អ្នកនឹង​ទទួលបានពី​បទ​សោធន៍​ជីវិតថ្មីៗ និង​ងាយស្រួល​ជំរុញ​ការបង្កើ់ត​មុខ​ជំនួញ។

6. ធ្វើឱ្យ​អារម្មណ៍​ស្រស់ស្រាយ
ការកម្សាន្ដ​ជួយ​អ្នក​បំបាត់​ភាព​ខ្វល់ខ្វាយ ស្ដ្រេ​ស និង​តប់ប្រមល់​ជាដើម។ ដូច្នេះ​អ្នក​គួរតែ​ចំណាយពេល​របស់​អ្នកខ្លះ ធ្វើដំណើរ​កម្សាន្ដ​ឱ្យបាន​ច្រើន ដើម្បី​សុខភាព​របស់​អ្នក ក៏ដូចជា​មាន​ប្រយោជន៍​ចំពោះ​ខ្លួន​នាពេលខាងមុខ​ផងដែរ៕

Advertisement