នាំសមាជិកក្នុងគ្រួសារហាត់ប្រាណដើម្បីរាងស្អាត

January 12, 2019​ ម៉ោង 9:34 am

ចង់ឱ្យគ្រប់គ្នានៅក្នុងគ្រួសារមានសុខភាពល្អរាងស្អាតស្រស់សង្ហាទាំងអស់មែនទេ? ដូច្នេះហើយបានជាម្នាក់ៗ ជាពិសេស ស្ត្រីយើងតែម្តងតែងតែខិតខំចម្រាញ់យកតែអាហារណាដែល មានរសជាតិឆ្ងាញ់ មានប្រយោជន៍ចំពោះសុខភាព តែទន្ទឹមនឹងការហូបចុកល្អ មានអនាម័យហើយនោះលោកអ្នកក៏មិនត្រូវភ្លេចបបួលគ្នាធ្វើលំហាត់ប្រាណ ដើម្បីសុខភាពដែរ ជាពិសេសគឺដើម្បីសម្រកខ្លាញ់ដែលលើសកំណត់នៅក្នុង រាងកាយចេញឱ្យអស់។ មានលំហាត់ប្រាណច្រើនយ៉ាងណាស់ដែលអាចឱ្យអ្នកធ្វើជុំគ្នាដើម្បីសម្រកខ្លាញ់ ហើយវិធីទាំងនោះមានដូចជា៖

ជិះ​កង់ : មិន​ពិបាក​នោះទេ ឱ្យតែ​មាន​កង់ ចង់​ជិះ​ពេលណា​ក៏បាន ឌុប​គ្នា​ម្តងម្នាក់​ក៏​ចាត់ទុកថា​ជាការ​ហាត់ប្រាណ​ម្នាក់​ម្តង​ដែរ។ ជិះ​កង់​បណ្តើរ​ជជែក​គ្នា​លេង​បណ្តើរ លេងៗរយៈពេល​កន្លះ​ម៉ោង​ក៏​កន្លងផុតទៅ​បាត់ទៅហើយ ហើយ​អ្វីដែល​ពិសេស​នោះ​គឺ​ពេលវេលា​នៃ​ការហាត់​ប្រាណ​ក៏​អាច​ចាត់ទុកថា​គ្រប់គ្រាន់​ទៅហើយ​សម្រាប់​ថ្ងៃនេះ។

ហែល​ទឹក : ចាត់ទុកថា​ជា​កីឡា​ដែលមាន​ភាពទាន់សម័យ និង​ពេញនិយម​បំផុត​សម្រាប់ មនុស្ស​សម័យនេះ ហើយ​អ្វីដែល​សំខាន់​ជាង នេះទៀត​នោះ​គឺ កីឡា​ប្រភេទ​នេះ មិន​ធ្វើឱ្យ​អ្នក​បារម្ភ​ខ្លាច​ថា​មាន​ញើស​ដែលនាំឱ្យ​មាន​ក្លិន​មិនល្អ​ភាយ​ដាក់​អ្នកផ្សេង​នោះទេ ព្រោះ​នៅក្នុង​ទឹក​ត្រជាក់​ស្រួល​បំផុត​ហើយ។

ដើរ : មិនចាំបាច់​ត្រូវ​ស្វែងរក​ឧបករណ៍​អី​នោះ ទេ ប្រើតែ​ជើង​ទាំងពីរ​របស់​អ្នក​ក៏​អាចធ្វើឱ្យ​អ្នក និង​សមាជិក​នៅក្នុង​ក្រុមគ្រួសារ​ កម្ចាត់​ជាតិ​ខ្លាញ់​មិនល្អ​ចេញពី​រាងកាយ​បានដែរ។ នាំ​សមាជិក​នៅក្នុង​គ្រួសារ​របស់​អ្នក​ដើរទៅ​ជាមួយគ្នា​អ្នកនឹង​ទទួលបាន​ទាំង​ការសម្រក​ទម្ងន់ និង​ចំណង​សុភមង្គល ​នៅក្នុង​គ្រួសារ​ថែមទៀត​ផង។

រត់ : វា​ខុសពី​ការដើរ​ត្រង់​ថា អ្នក​ត្រូវ​ចំណាយ​កម្លាំង​ច្រើនជាង ត្រូវ​មានការ​តាំងចិត្ត​ច្រើនជាង​ខុសពី​ការដើរ​ដែល​អ្នក​អាចធ្វើ​វាលេងៗក៏បាន ប៉ុន្តែ​យ៉ាងណា​លទ្ធផល​ដែល​អ្នកទទួលបាន​ក៏​វា​រហ័ស​ជាង​ការដើរលេងៗដែរ។

ម៉ាស៊ីន​រត់​ហាត់ប្រាណ : អាច​សម្រក​ទម្ងន់ ដោយ​មិនចាំបាច់​ទៅណា​ឆ្ងាយ រត់​តែមួយ​កន្លែង​ក៏​អាច​ចេញ​ញើស មិនត្រូវ​ការ​រើស​ទីតាំង ឬ​ចំងាយ​ដែល​ត្រូវ​រត់​នោះទេ ទាំងអស់នេះ​គឺជា​ភាពងាយស្រួល​នៃ​ការ​សម្រក​ទម្ងន់​ដោយ​ការ រត់​លើ​ម៉ាស៊ីន។ ក្រៅពី​សកម្មភាព​ហាត់ប្រាណ​ទាំងនេះអ្នក​ក៏​អាច​ជ្រើសរើស​លេង​កីឡាផ្សេងៗដូចជា វាយ​សី លោតអន្ទាក់ និង​ធ្វើ​ការងារ​ក្នុង​សួន​ជាដើម សុទ្ធសឹងតែ​ជា​កីឡា និង​ការងារ​ដែល​អ្នក​អាច​លេង​ជាមួយ​សមាជិក​ក្នុង​គ្រួសារ ដើម្បី​ទទួល បាន​នូវ​ប្រយោជន៍​មួយ​ផ្សេងទៀត​គឺ ការ​សម្រក​ទម្ងន់៕