រដូវរងា ប្រេះ​បបូរមាត់ ស្ងួត​ចេញឈាម គួរ​អាន​អត្ថបទ​នេះ

ស្នាមញញឹម​ស្រស់​អាស្រ័យ​លើ​បបូរមាត់​ដ៏​មាន​មន្ដ​ស្នេហ៍​របស់លោកអ្នក ជាពិសេស​សម្រាប់​សុភាពនារី។ បបូរមាត់​ស្រស់ មាន​សុខ​ភាពល្អ បង្កើន​នូវ​ភាព​ទាក់ទាញ​បាន​មួយកម្រិត។ កម្រ​មាន​អ្នក​ដែលមាន​បបូរមាត់​ស្អាត​ឥតខ្ចោះ ​ដោយ​ប្រាសចាក​ពី​ការថែរក្សាណាស់។ ជាពិសេស​នៅក្នុង​រដូវរងា​បែបនេះ បបូរមាត់ មនុស្ស​ភាគច្រើន​ជួប​តែ​បញ្ហា​ប្រេះ និង​មាន​អ្នក​ខ្លះទៀត​អាលែកហ្ស៊ី​ក៏មាន​ដែរ។ ការថែរក្សា​មាន​វិធី​ជាច្រើន​ផ្សេងទៀត ដែល​ទាមទារ​ឱ្យ​លោកអ្នក​អនុវត្ដ។ ថ្ងៃនេះ​ទស្សនា​វ​ដ្តី ឡា​រ៉ែ​ន សូម​លើកយក​នូ​វគ​ន្លឹះខ្លះៗក្នុងការ​ថែរក្សា​បបូរ​មាត់​មិនឱ្យ​ប្រេះ​ក្នុង​រដូវរងា​នេះ។

1. វិធី​ថែទាំ​បបូរមាត់​ឱ្យ​ស្រស់ស្អាត
ស្រទាប់​បបូរមាត់ គឺជា​ច្រក​ខាងក្រៅ​របស់​មាត់។ បបូរមាត់ និង​មាត់​ផ្សារភ្ជាប់​គ្នា ផ្អែក​ទៅខាង​ក្នុង​ជាប់​នឹង​ធ្មេញ។ នៅលើ​បបូរមាត់​មាន​ស្រទាប់​ស្បែក​ស្ដើង​ដែល​ងាយ​រង​នូវ​ប្រតិកម្មផ្សេងៗ តាមរយៈ​ចំណីអាហារ​ដែល​បរិភោគ​ប្រចាំថ្ងៃ និង​ការប្រើប្រាស់ក្រែ​ម​សម្រាប់​លាប​បបូរមាត់។ ដើម្បី​ថែរក្សា​បបូរមាត់​ឱ្យមាន​សុខភាព​ល្អ អ្នកនាង​កញ្ញា​គួរ​ជ្រើសរើស​ការទទួល​ទាន​ទឹក បន្លែ និង​ផ្លែឈើ​ឱ្យបាន​ច្រើន​ជាប្រចាំ។ សូម​ចៀសវាង​នូវ​ប្រការ​មួយចំនួន។

ដើម្បី​ថែរក្សា​បបូរមាត់​ឱ្យ​ស្អាត កុំ​ឧស្សាហ៍​លិទ្ធ​បបូរមាត់​ញឹកញាប់​ពេក ព្រោះ​ជាតិ​អាស៊ីត​នៅក្នុង​ទឹកមាត់​អាចធ្វើឱ្យ​បបូរមាត់​ស្ងួត និង​ប្រេះបាន។ មុននឹង​សម្រេច​ចិ​ត្ដ​ប្រើប្រាស់​ក្រែ​ម​សម្រាប់​លាប​បបូរមាត់​ប្រភេទណាមួយ ត្រូវ​ពិនិត្យ​ឱ្យបាន​ដិតដល់ ព្រោះ​បើ​ការជ្រើសរើស​ក្រែ​ម​មិន​បានល្អ អាចធ្វើឱ្យ​បបូរមាត់​ខូច​បាន ដូចជា ​ធ្វើឱ្យ​បបូរមាត់​ប្រេះ ខ្មៅ ស្រអាប់​ជាដើម។ សុភាពនារី​ទាំងអស់​មិនគួរ​ប្រើ​ក្រែ​ម​ដែល​ស្ងួត​ពេក​ទេ ព្រោះ​មើលទៅ​ដូចជា​បបូរមាត់​ដែលមាន​ជំងឺក្រៀម​ខ្សោះ​ខ្វះ​ជីវជាតិ​ដូច្នេះដែរ។ ទម្លាប់​ផ្លាស់ប្ដូរ​ពណ៌​ក្រែ​ម​លាប​បបូរមាត់​ញឹកញាប់ និង​ការ​លាប​ហើយ​ជូត​ចេញ រួច​លាប​ទៀត​ច្រើនដង​ក្នុង​មួយថ្ងៃ ក៏​អាចធ្វើឱ្យ​បបូរមាត់​មាន​បញ្ហា​ដែរ។

2. ការព្យាបាល​បបូរមាត់​ប្រេះ ឬ​ប្រេះ​មាន​ឈាម
រដូវ​ធ្លាក់​ខ្យល់​ចូលមក​ដល់​ភ្លាម​បបូរមាត់​អាច​ប្រែ​សភាព​ទៅជា​ស្ងួត ប្រេះមានការ​ឈឺចាប់ ឬ​ហូរឈាមតិចៗ។ តើ​មាន​វិធី​អ្វី​អាច​ការពារ ឬ​ព្យាបាល​បបូរមាត់​ស្ងួត​ប្រេះ​បាន​ទៅ? អស់​ក្ដីកង្វល់​ទៀតហើយ យើង​សូម​បង្ហាញ​ប​រូបមន្ត​ធម្មជាតិ3យ៉ាង ដែលមាន​សុវត្ថិភាព​ក្នុងការ​ព្យាបាល​បញ្ហា​បបូរមាត់​ឱ្យ​ជា​សះ​ស្បើ​យឆាប់រហ័ស​បំផុត។

*ប្រេងដូង៖ ប្រេងដូង គឺជា​អាហារ​ដែលមាន​សុវត្ថិភាព និង​មាន​សមត្ថភាព​បំផុត​ក្នុងការ​ព្យាបាល​បបូរមាត់​ដែល​ប្រេះ​ចេញឈាម។ ផលិតផល​ធម្មជាតិ​មួយ​ប្រភេទ​នេះ​អាចជួយ​ផ្តល់​សំណើម​ដល់​បបូរមាត់ និង​ឱ្យ​បបូរមាត់​ទន់​រលោង។

របៀប​ប្រើ៖ អ្នក​គ្រាន់តែ​យក​ប្រេងដូង​បន្តិច​មក​លាប​នៅលើ​បបូរមាត់​ជា​រៀងរាល់​ព្រឹក និង​ល្ងាច (មិនចាំបាច់​លាង​ចេញ​ទេ)។

**ទឹកឃ្មុំ៖ ទឹកឃ្មុំ ត្រូវបានគេទទួលស្គាល់​ថា គឺជា​ឱសថ​ដ៏​ពូកែ​សម្រាប់​ដោះស្រាយ​បញ្ហា​បបូរមាត់​ប្រេះ។ ទឹកឃ្មុំ អាចជួយ​បង្កើនល្បឿន​នៃ​ការព្យាបាល និង​ជួយផ្តល់​សំណើម​ឱ្យ​បបូរមាត់​របស់​អ្នក​ផងដែរ។ មិនតែប៉ុណ្ណោះ​បបូរមាត់​នឹងមាន​ពណ៌​ផ្កា​ឈូក ប្រសិនបើ​ប្រើប្រាស់​រាល់ថ្ងៃ។

របៀប​ប្រើ៖ យក​ទឹកឃ្មុំបន្តិច​លាប​ដោយផ្ទាល់​ទៅលើ​បបូរមាត់ ហើយ​ទុក​យ៉ាងហោចណាស់​រយ:ពេល15នាទី ទើប​លាង​សម្អាត​ដោយ​ទឹក​ធម្មតា។ អ្នក​ត្រូវអនុវត្ត​ជា​រៀងរាល់ថ្ងៃ ទើប​បញ្ហា​បបូរមាត់​ប្រេះ​ចេញឈាម​ឆាប់​បាត់​ទៅវិញ។

***ទឹកដោះគោ​យ៉ា​អួ៖ ទឹកដោះគោ​ជូរ គឺជា​ឱសថ​ផ្តល់​សំណើម​ដ៏​អស្ចារ្យ​បំផុត​សម្រាប់​បបូរមាត់​ស្ងួត។ ម្យ៉ាងវិញទៀត​អ្នក​អាច​ប្រើ​ផ្តា​កុលាប​ពីរ​បី​ស្រទាប់​ទៅ​ត្រាំ​នៅក្នុង​ទឹកដោះគោ​ឱ្យបាន​ពីរ​ទៅ​បី​ម៉ោង គឺ​កាន់​តែមាន​ប្រសិទ្ធភាព​ក្នុងការ​ព្យាបាល។

របៀប​ប្រើ៖ លាប​ទឹកដោះគោ​យ៉ាង​អួសុទ្ធ ឬ​ទឹកដោះគោ​ដែល​ត្រាំ​ផ្តា​កុលាប​នៅលើ​បបូរមាត់ ហើយ​ទុក​ឱ្យស្ងួត​រយៈពេល15នាទី។ បន្ទាប់មក​ត្រូវ​លាង​សម្អាត​ដោយ​ប្រើ​ទឹក​ធម្មតា ប៉ុន្តែ​អ្នក​ត្រូវអនុវត្ត​ជា​រៀងរាល់ថ្ងៃ​ទើប​បបូរ​មាត់ស្ងួត​ឆាប់​ជាសះស្បើយ។

ក្រៅពី​អនុវត្ត​រូ​បមន្ត​ខាងលើ​នេះហើយ អ្នក​កុំ​ភ្លេច​ព្យាយាម​ទទួលទាន​ទឹក​ឱ្យបាន​ច្រើន រួមទាំង​ផ្លែឈើ​ដែល​សម្បូរ​វីតាមីន C ដូចជា​ផ្លែក្រូច​ពោធិ៍សាត់ជាដើម។ មិនតែប៉ុណ្ណោះ​កុំ​ព្យាយាម​លិទ្ធ​បបូរមាត់​ខ្លួនឯង កុំ​ប្រើ​ក្រែ​ម​ពណ៌ពេល​ប្រេះបបូរមាត់ និង​ហាម​ជក់បារី​ផងដែរ៕

Advertisement