ពិត​ទេ គេង​យប់​ជ្រៅ បណ្ដាលឱ្យ​ធាត់​ដោយ​មិនដឹង​ខ្លួន?

សម្រាប់​អ្នក​ដែល​ចង់​រក្សា​ទម្ងន់ គួរតែ​ចាប់អារម្មណ៍​អាន​នូវ​អត្ថបទ​នេះ ព្រោះថា​ប្រសិនបើ​អ្នកជា​មនុស្ស​កំពុងតែ​សម្រាក​មិនបាន​គ្រប់គ្រាន់ និង​មិន​សមល្មម​ទេនោះ ការ​គេង​យប់​ជ្រៅ​របស់​អ្នកជា​បញ្ហា​ចម្បង​មួយ​ដែល​ធ្វើឱ្យ​អ្នក​ឡើង​ទម្ងន់​ដោយ​មិនដឹង​ខ្លួន។ អ្នក​អាច​នឹង​គិតថា ខំ​ញ៉ាំ​អាហារបន្ដិចៗ ឬ​បង្អត់អាហារ​ពេល​ល្ងាច​ហើយនៅតែ​ឡើង​គីឡូ​ទៀត ព្រោះ​មូលហេតុ​អ្វី​ទៅ? ថ្ងៃនេះ​ទស្សនាវដ្ដី ឡា​រ៉ែ​ន សូម​ណែនាំ​នូវ​អត្ថបទ​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​នេះ។

1. គេង​មិន​គ្រប់ រាងកាយ​ទន់ខ្សោយ
អ្នកវិទ្យាសាស្ត្រ​បាន​ស្រាវជ្រាវ​ឃើញថាការដែល​គេង​មិន​គ្រប់គ្រាន់ មានការ​ហុច​ផល​ដល់​ការប្រើប្រាស់​កម្លាំង​រាងកាយ​ខ្សោយ​ជាង​ធម្មតា5% និង​ធ្វើឱ្យ​ប្រពន្ធ​រំលាយ​អាហារ​ធ្វើ​ការមិន​បានល្អ ហើយ​បណ្ដាលឱ្យ​បន្ទោ​បង់​មិន​ទៀង​ទាត់។ រាងកាយ​របស់​មនុស្ស​ត្រូវ​ប្រើប្រាស់​កម្លាំង​ធ្វើការ20% បើ​កើតមាន​អាការ​នឿយហត់ អស់កម្លាំង​ហើយ​នោះ បានសេចក្ដីថា រាងកាយ​របស់​អ្នក​ចុះ​ថាមពល​ហើយ។

2. ការ​គេង​មិន​គ្រប់ ធ្វើឱ្យ​ញ៉ាំ​កាន់តែច្រើន
ការស្រាវជ្រាវ​ទូទៅ​បានបញ្ជាក់​ឱ្យឃើញថា ប្រសិនបើ​អ្នក​គេង​មិន​គ្រប់គ្រាន់​ក្នុងមួយ​យប់ នៅ​ព្រឹក​ថ្ងៃ​បន្ទាប់ នោះ​នឹង​ធ្វើឱ្យ​រាងកាយ​អ្នកទន់ខ្សោយ និង​មាន​អារម្មណ៍​ចង់​ទទួលទាន​អាហារ​មក​បំពេញ​កម្លាំង​បន្ថែម។ យ៉ាង​ណាមិញ ក្រុម​អ្នកស្រាវជ្រាវ​បានធ្វើការ​សាកល្បង​លើ​បុរស និង​ស្ត្រី ឱ្យ​គេង​តិច​ក្នុង​រយៈពេល4ម៉ោង​ប៉ុណ្ណោះ។ ការស្រាវជ្រាវ​នោះ បាន​រកឃើញថា នៅពេល​ព្រឹ​កឡើង ស្ត្រី​បានទទួល​ទាន​អាហារ​ច្រើន​លើស​ដើមរហូតដល់​លើស​កា​ឡួ​រី 329គីឡូ​កាឡូរី ក្នុងខណៈដែល​បុរស​បាន​ទទួលទាន​អាហារ​លើស​ត្រឹមតែ263គី​ឡួ​កាឡូរី (ស្ត្រី​ទទួលទាន​ច្រើនជាង​ពិតមែន) ។

3. គេង​មិន​គ្រប់ បណ្ដាលឱ្យទទួលទានអាហារមាន​ជាតិ​ផ្អែម​លើស​ដើម
ដោយសារតែ​រាងកាយ​ទទួល​បានការ​សម្រាក​មិន​គ្រប់គ្រាន់ រាងកាយ​និង​ធ្វើការ​ផ្លាស់-ប្ដូរ​អ័រម៉ូន ដែល​ហៅថា Ghrelin ដែលជា​អ័រម៉ូន​រំញោច​ឱ្យមាន​អារម្មណ៍​ថា​ឃ្លាន និង​ធ្វើឱ្យ​ចង់​ទទួលទាន​សារធាតុ​ផ្អែម​មក​បំពេញ។ ជាពិសេស​អាហារ​ដែល​ផលិត​ពី​ជាតិ​ស្ករ ដូចជា ទឹកក្រូច នំ​ផ្អែម ឬ​បង្អែម​ជាដើម។ កាលណា​រាងកាយ​ទទួលបាន​ជាតិ​ស្គរ​គ្រប់គ្រាន់​ហើយ​នោះ ទើប​បណ្ដាលឱ្យ​រាងកាយ​មាន​សភាព​ស្រស់ស្រាយ​ឡើងវិញ។

4. គេង​មិន​គ្រប់គ្រាន់ រាងកាយ​នឹង​ឡើង​ជាតិ​ខ្លាញ់​លើស​ដើម
ការ​គេង​មិន​គ្រប់គ្រាន់ អាច​បណ្ដាលឱ្យ​អ័រម៉ូន​ដុត​កំលោច​សារជាតិ​ខ្លាញ់​នៅក្នុង​រាងកាយ​ចុះខ្សោយ ធ្វើការ​មិនបាន​ប្រសើរ។ ក្រៅពី​អ័រម៉ូន​ខាងលើ Ghrelin បណ្ដាលឱ្យ​រាងកាយ​ឃ្លាន​អាហារ​ខ្លាំង​ហើយ​នោះ ការរំលាយ​អាហារ​នៅក្នុង​រាងកាយ​របស់​យើង​ក៏​នៅតែ​ដំណើរ​ការមិនសូវ​បានល្អ​ផងដែរ ជាហេតុ​នាំឱ្យ​ការដុត​កំលោច​ជាតិ​ខ្លាញ់​ក្នុង​រា​កាយ​ខុស​ប្រក្រតី​។

5. គេង​មិន​គ្រប់គ្រាន់ មានឱកាស​ទទួលទាន​អាហារ​មិន​ទំនេរ
ត្រង់ចំណុចនេះ អាច​ពន្យល់បាន​យ៉ាង​ងាយ​តែម្ដង ព្រោះនៅ​ខណៈដែល​យើង​នៅ​គេង​ពេលយប់​ជ្រៅ មិន​ប៉ុន្មាន​នាទី​នោះទេ ក្រពះ​របស់​យើង​និង​ឃ្លាន នោះ​ក៏​ដោយសារតែខួរក្បាល​នៅមាន​អារម្មណ៍​ថា ពេលវេលា​នោះ កំពុងតែ​ស្ថិត​នៅពេល​ថ្ងៃ​នៅឡើយ ជាហេតុ​ធ្វើឱ្យ​អ្នក​ចង់​ទទួលទាន​អាហារ​បន្ទាប់បន្សំ។ ម្យ៉ាងវិញទៀត កាលណា​ខួរ​នៅតែ​ធ្វើការ​ឥត​ឈប់សម្រាក នោះ​រាងកាយ​ក៏ត្រូវ​បាន​ស្រែក​ឃ្លាន អាហារ​ដើម្បី​បំពេញ​ថាមពល​ខួរក្បាល​ដូចគ្នា។ សរុបមក​ទង្វើ​បែបនេះ ហើយ​ដែល​បណ្ដាលឱ្យ​អ្នក​ធាត់​ដោយ​មិនដឹង​ខ្លួន៕

Advertisement