ខំ​ដាំ​ដើម​ផ្កាអង្គារសិល្ប៍​ឱ្យ​ហើយ​ទៅ បន្តិចទៀត​នឹង​លែងមាន​ច្រើន​ហើយ

ផ្កាអង្គារសិល្ប៍ ជា​ផ្កា​ដ៏​មាន​ប្រជាប្រិយភាព​បំផុត​នៅក្នុង​ឱកាស​រដូវ​កាល​បុណ្យចូលឆ្នាំ​ចិន-វៀតណាម ព្រោះ​ផ្កា​នេះ​ត្រូវបាន​គេ​ជឿថា ជា​ផ្កា​ដែលមាន​ឥទ្ធិពល​ល្អ​សម្រាប់​នាំមក​នូវ​សេចក្តីសុខ ហើយ​បញ្ចៀស​រឿងរ៉ាវ​អាក្រក់​ដែល​អ្នកដទៃ​ប៉ង​មកលើ​យើង​ឱ្យ​ក្លាយជា​លាភ។

នៅ​ប៉ុន្មាន​ថ្ងៃនេះ អាជីវករ​រកស៊ី​លក់​មែក​ដើម​ផ្កា​មួយ​នេះ​នៅ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន-វៀតណាម បាន​សម្រុក​ប្រមូល​ទិញ​ដើម​ផ្កាអង្គារសិល្ប៍​ពី​ខេត្តឆ្ងាយៗ ជាពិសេស​ខេត្តពោធិ៍សាត់ ដែលជា​តំបន់​សម្បូរ​ព្រៃភ្នំ និង​ជា​កន្លែង​ល្អ​សម្រាប់​ការ​ដុះ​លូតលាស់​របស់​ដើម​ផ្កាអង្គារសិល្ប៍។

ស្រប​ពេលដែល​អាជីវករ​កំពុង​មមាញឹក​ក្នុងការ​ដឹកជញ្ជូន លោក តុលា ដែលជា​អា​ជីករ​ម្នាក់​ក្នុងចំណោម​អាជីវករ​ជាច្រើន​នាក់​ផ្សេងទៀត​នៅក្នុង​ទីក្រុង​ភ្នំពេញ បាន​ត្អូញត្អែរថា អាជីវកម្ម​លក់​មែក​ដើម​ផ្កាអង្គារសិល្ប៍​បច្ចុប្បន្ននេះ​មិន​ដូច​ពីមុន​នោះទេ ព្រោះ​មាន​ឧបសគ្គ​ជាច្រើន​ដែល​ធ្វើឱ្យ​ពិបាក​លក់។

លោក តុលា បាន​និយាយថា ដោយសារតែ​បច្ចុប្បន្ននេះ ដីភ្នំ និង​ដី​ដែល​ប្រជាពលរដ្ឋ​តែងតែ​ទៅ​កាប់​ផ្កាអង្គារសិល្ប៍​បានក្លាយ​ទៅជា​ចម្ការ និង​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​ឯកជន​អស់​ទៅហើយ ធ្វើឱ្យ​ពួកគាត់​មានការ​លំបាក​ក្នុងការ​ចូលទៅ​កាប់ ឬ​កន្លែង​ខ្លះ​ត្រូវគេ​ឈូសឆាយ​អស់​ទៀតផង។

អាជីវករ​ដដែល​បានលើកឡើង​ផងដែរ​ថា ដោយ​ចំនួន​ដើម​ផ្កាអង្គារសិល្ប៍​ចេះតែហោចទៅៗ ធ្វើឱ្យ​អ្នកស្វែងរក​មែក​ដើម​ផ្កា​មួយ​នេះ​ត្រូវ​ចំណាយ​សោហ៊ុយ​កាន់តែ​ច្រើនឡើង​ដើម្បី​ធ្វើដំណើរ​ទៅក្នុង​តំបន់ជ្រៅៗ និង​ឆ្ងាយទៅៗដើម្បី​កាប់យ​កមែ​កណា​ដែលមាន​ផ្កាល្អៗមក​លក់​ដែល​ធ្វើឱ្យ​តម្លៃ​ដើម​កើនឡើង និង​ការប្រកួតប្រជែង​កាន់តែខ្លាំង​ធ្វើឱ្យ​យើង​លក់​នៅលើ​ទីផ្សារ​មិនសូវ​បាន​ថ្លៃ។

របរ​លក់​មែក​ដើម​ផ្កាអង្គារសិល្ប៍​នេះ ថ្វីដ្បិតតែ​មើលទៅ​ឃើញ​រាង​កាក់កប​ខ្លាំង​មែន តែ​ទន្ទឹមនឹង​ការមើលឃើញ​របស់​មនុស្ស​ទូទៅ វា​ក៏មាន​ផលវិបាក​មិនតិច​ដែរ ព្រោះ​ក្រៅពី​ពិបាក​ស្វែងរក​ដើម​ផ្កា​នេះ​មក​លក់​ហើយ​នោះ គេ​អាច​លក់​វា​បានតែ​មួយ​រដូវ​កាល​នេះ​តែប៉ុណ្ណោះ​ក្នុង​មួយឆ្នាំ ប្រសិនបើ​លក់​មិន​អស់​ត្រូវ​ទុកដាក់​ថែទាំ​រហូតដល់​ឆ្នាំ​ថ្មី​ទើប​អាច​លក់​ទៀត​បាន៕

Advertisement