សំណេរ​បែប​ណា​ដែល​គួរ​ផ្ញើ​ទៅ​គូស្នេហ៍​ខណៈ​ពេល​កំពុង​ឈ្លោះ​គ្នា​?​

អ្នក​កំពុង​ខឹង​គូស្នេហ៍​ខ្លាំង​ណាស់​ ​និង​ចាប់ផ្ដើម​វាយ​អក្សរ​ជា​សំណេរ​ដើម្បី​ប្រាប់​ឱ្យ​គេ​ដឹង​ថា​អ្នក​កំពុង​មាន​អារម្មណ៍​បែប​ណា​ ​តែ​អ្នក​វាយ​រួច​លុប​ ​វាយ​រួច​លុប​ដដែល​ៗ​ ​ម្ដង​ហើយ​ម្ដងទៀត​ព្រោះ​មិន​អាច​ទម្លាយ​អារម្មណ៍​ខឹង​ដែល​កំពុង​ក្ដៅ​ងំ​នៅក្នុង​ចិត្តបាន​ ​តែ​ក៏​ខំព្យាយាម​។​ ​ទីបំផុត​អ្នក​ក៏​បន្ត​ឈ្លោះប្រកែក​គ្នា​តាមរយៈ​សំណេរ​ដែល​ផ្ញើ​ឱ្យ​គ្នា​ទៅវិញទៅមក​ ​ហើយ​ពេលនេះ​អ្នកមាន​អារម្មណ៍​យ៉ាប់យ៉ឺន​ជាង​មុន​ទៅទៀត​។​ ​ដឹង​ទេ​ថា​ ​អ្នក​មិន​គួរ​ផ្ញើ​សំណេរ​ដែល​សម្ដែង​ពី​ភាព​ឆេវឆាវ​ទៅ​ឱ្យ​គូស្នេហ៍​ខណៈ​ដែល​អ្នក​កំពុង​ខឹងមួម៉ៅ​ឡើយ​ ​ដូច្នេះតើ​អ្នក​គួរ​ធ្វើ​យ៉ាងណា​?​ ​តើ​អ្នក​គួរ​ផ្ញើ​សំណេរ​បែប​ណា​ក្នុង​ពេល​ដែល​អ្នក​កំពុង​ខឹង​ក្រេវក្រោធ​ ​ដើម្បី​គ្រាន់តែ​ចង់ឱ្យ​អ្នក​ម្ខាងទៀត​នោះ​ដឹង​ ​តែ​មិន​ចង់ឱ្យ​វារី​ក​រាលដាល​ក្លាយជា​រឿង​ធំ​។​ ​មិនមែន​ជា​រឿង​ងាយ​ទេ​ ​មែនទេ​?​ ​តែ​ក៏អាច​ធ្វើ​បាន​តើ​!​ ​អូខេ​.​.​.​ ​ខាងក្រោម​នេះ​ ​គឺជា​វិធី​ដែល​ល្អ​បំផុត​ក្នុង​ការ​ទប់ទល់​ជាមួយ​ស្ថាន​កា​ណ៍​បែបនេះ​។​

​ទុក​ពេល​ឱ្យ​ខ្លួនឯង​ចិត្តត្រជាក់​វិញ​សិន​ ​មុននឹង​ផ្ញើ​សំណេរ​ទៅ​
​នេះ​អាច​ជា​វិធី​មួយ​ដែល​ពិបាក​បំផុត​ ​តែ​ក៏​សំខាន់​បំផុត​ដែរ​ ​ព្រោះ​វិធី​តែមួយគត់​ដែល​អ្នក​អាច​ធ្វើ​បាន​គឺ​ ​ការ​មិនបាច់​ធ្វើអ្វី​ហ្នឹងឯង​។​ ​រឹតតែ​ខឹង​ខ្លាំង​ប៉ុនណា​ ​ក៏​រឹតតែ​រង់ចាំ​យូរ​ប៉ុន​នោះ​ដែរ​ ​ទោះជា​មាន​កម្លាំង​ជំរុញ​ឱ្យ​វាយ​តតាំង​ ​ដោះសា​ ​ឬ​ការពារ​ខ្លួន​ក្ដី​តែ​ពាក្យសម្ដី​របស់​អ្នកមាន​ភាព​សំខាន់​ខ្លាំង​បំផុត​ដូច្នេះ​ការ​រង់ចាំ​ដើម្បី​សាង​ពាក្យ​សម្តី​ដែល​ស័ក្តិ​-​សមគួរ​ប្រើ​ ​នឹង​ជួយ​ធ្វើ​ឱ្យ​គោលដៅ​ក្នុង​ការ​ស្ដាប់​ ​និង​យល់ដឹង​កាន់តែ​ល្អ​ឡើង​.​.​.​ ​ទោះជា​ពិបាក​មែន​ ​តែ​ក៏​ស័ក្តិសម​នឹង​តម្លៃ​នៃ​ការ​រង់ចាំ​ដែរ​។​

​ត្រូវ​ច្បាស់លាស់​នូវ​អ្វី​ដែល​អ្នក​ត្រូវការ​ចង់និយាយ​ ​និង​ពេល​ដែល​និយាយ​ចេញទៅ​
​ខណៈ​ដែល​អ្នក​កំពុងតែ​ទន្ទឹងរង់ចាំ​ពេលវេលា​ដើម្បី​ឱ្យ​ចិត្តត្រជាក់​ទៅវិញ​នោះ​ ​អ្នក​គួរ​គិត​ផង​ថា​តើ​អ្នក​ត្រូវការ​ប្រាប់​អ្វីទៅ​គូស្នេហ៍​ ​ព្យាយាម​តាំង​សតិ​ ​និង​គិតថា​ ​អ្វី​ដែល​សំខាន់​បំផុត​?​ ​នៅពេល​អ្នកដឹង​ចម្លើយ​ហើយ​ ​បន្ទាប់ពី​នោះ​ក៏​ ​“​រកនឹក​ពាក្យ​សម្ដី​ខ្លី​ៗ​ ​ចំ​-​ចំណុច​ ​និង​មានន័យ​”​។​

​កុំ​ឈ្លោះ​គ្នា​តាមរយៈ​សំណេរ​មិនថា​ជា​យ៉ាងណាក៏ដោយ​ ​អ្នក​គួរតែ​គ្រប់គ្រង​ខ្លួនឯង​ឱ្យ​បាន​
​កុំ​ទម្លាយ​អារម្មណ៍​ខឹងសម្បា​តាមរយៈ​សំណេរ​ជាដាច់ខាត​ ​ដោយសារតែ​ការ​ឈ្លោះ​គ្នា​តាមរយៈ​សំណេរ​មានតែ​នឹង​ធ្វើ​ឱ្យ​អ្វី​ៗ​គ្រប់យ៉ាង​ដួល​រលំ​ខ្ទេចខ្ទី​តែប៉ុណ្ណោះ​។​ ​បើ​អ្នក​ធ្លាប់​ឈ្លោះ​គ្នា​តាមរយៈ​សំណេរ​ ​នោះ​អ្នក​ច្បាស់ជា​ដឹង​មិនខាន​ថា​ ​វា​យ៉ាងម៉េច​?​ ​អា​រម្ម​ណ៍​ផ្សេង​ៗ​នឹង​ពុះកញ្ជ្រោល​បាញ់​ចេញទៅ​យ៉ាង​ឆាប់រហ័ស​ ​និង​អាច​ជាហេតុ​នាំ​ឱ្យ​ទាំងសងខាង​សរសេរ​នូវ​អ្វី​ដែល​នឹង​ធ្វើ​ឱ្យ​ខ្លួនឯង​សោកស្ដាយ​នៅពេល​ក្រោយ​បាន​។​

​នេះ​គឺជា​អ្វី​ដែល​គួរ​សរសេរ​ ​និង​ហេតុផល​ដែល​អាច​ប្រើការ​បាន​អូខេ​
​នៅទីបំផុត​អ្នក​ក៏​មាន​អារម្មណ៍ល្អ​ ​និង​មើលទៅ​(​ហាក់ដូចជា​)​ស្ងប់ចិត្ត​វិញ​ហើយ​។​ ​ម្ដងនេះ​អ្នក​ត្រូវ​ពិចារណា​ថា​ ​អ្វី​គឺជា​មូលហេតុ​ដែល​ធ្វើ​ឱ្យ​អ្នក​ខឹងមួម៉ៅ​ដល់​ថ្នាក់​ហ្នឹង​ ​ហើយ​សឹម​ផ្ញើ​សំណេរ​ទៅ​.​.​.​ ​តែ​ ​តើ​អ្នក​គួរ​សរសេរ​ថាម៉េច​?​

​អ្នកជំនាញ​ ​(​ដូច​អ្នកគ្រូ​ ​ឆវី​ ​ជាដើម​)​ ​ប្រាប់​ថា​ ​មានរឿង4យ៉ាងដែល​អ្នក​គួរ​ចាំ​ឱ្យ​ជាប់​ក្នុងចិត្ត​.​.​.​។​

​ដំបូង​គេ​គឺ​ ​អ្នក​ត្រូវ​គ្រប់គ្រង​បរិយាកាស​ជា​រួម​របស់​សំណេរ​ឱ្យ​បាន​ ​ដើម្បី​បង្ហាញថា​ ​អ្នក​យល់ព្រម​ក្នុង​ការចរចា​ ​(​បញ្ចប់​សង្គ្រាម​ ​ហ៊ី​ស​)​ ​ទោះជា​អ្នក​នៅ​ខឹង​ ​តែ​ក៏​មាន​អារម្មណ៍​នឹងនរ​ ​បើក​ចិត្តទូលាយ​ ​ព្រម​ក្នុង​ការ​និយាយ​គ្នា​ល្អ​ស្រួល​ៗ​ ​ជំនួស​ការ​និយាយ​ពាក្យ​អាក្រក់​ស្ដាប់​ ​និង​វាយប្រហារ​គ្នា​។​

​ទី2​ ​ទោះជា​គំនិត​ ​និង​អារម្មណ៍​របស់​អ្នក​នៅ​វិលវល់​ច្របូកច្របល់​ក៏ដោយ​ ​តែ​នេះ​មិនមែន​ជា​ពេលវេលា​ដែល​អ្នក​ត្រូវ​ទម្លាយ​គ្រប់យ៉ាង​ចេញ​មក​នោះ​ទេ​។​ ​អ្នក​គួរ​ផ្ដោត​ទៅលើ​សំណេរ​ឱ្យ​ខ្លី​ៗ​ ​ព្រោះថា​ ​បើ​រឹតតែ​ខ្លី​ ​ក៏​នឹង​មើលទៅ​មាន​ភាព​រុករាន​បំពាន​គ្នា​តិច​ទៅតាម​នោះ​ដែរ​ ​ដោយ​ស្វ័យប្រវត្តិ​។​

​ទី3​ ​ព្យាយាម​តុបតែង​ឱ្យ​សំណេរ​របស់​អ្នកមាន​ហេតុផល​ ​និង​បង្កប់ន័យ​។​ ​បើ​អ្នក​ត្រូវការ​ត្រឹមតែ​ទម្លាយ​អារម្មណ៍​នោះ​ ​ក៏​មិនបាន​មានន័យថា​ ​បញ្ហា​ទាំងឡាយ​នឹង​ធូរស្រាល​ឡើងវិញ​បាន​លឿន​ដែរ​.​.​.​មិន​ប្រាកដ​ដែរ​ ​ជួនកាល​វា​អាច​នឹង​យ៉ាប់យ៉ឺន​ជាង​មុន​ទៅទៀត​ផង​ក៏​មិនដឹង​ ​ព្រោះ​អ្នកណា​ចង់​ឆ្លើយ​មកវិញ​ ​បើ​ដឹង​ថា​តែមួយ​ស្របក់​ទៀត​នឹង​ឈ្លោះ​គ្នា​ទៀត​នោះ​។​ ​ចម្លើយ​គឺ​ ​គ្មាន​ទេ​!​។​

​និង​ចុងក្រោយ​ ​ហាម​និយាយ​រៀបរាប់​ពី​កំហុស​គ្នា​តាមរយៈ​សំណេរ​ជាដាច់ខាត​!​។​ ​

​អូខេ​ ​ហើយ​តើ​យើង​គួរ​សរសេរ​ថា​យ៉ាងណា​?​ ​សូម​តាមដាន​បន្ត​.​.​.

​“​អូន​(​ឬបង​)​មាន​អារម្មណ៍​ឈឺចាប់​ ​និង​មួម៉ៅ​ចំពោះ​រឿង​ដែល​កើតឡើង​ ​អូន​(​ឬបង​)​ចង់​ស្ដាប់​យោបល់​ពី​បង​(​ឬ​អូន​)​ម្ដង​ ​ដើម្បី​ឱ្យ​យើង​បាន​កែ​បញ្ហា​នេះ​ទាំងអស់គ្នា​។​

​សំណេរ​នេះ​អាច​ប្រើការ​បាន​ ​ដោយសារតែ​អ្នក​ប្រាប់​ឱ្យ​គូស្នេហ៍​ដឹង​ថា​ ​អ្នកមាន​អារម្មណ៍​យ៉ាងណា​ដោយ​មិនបាន​ដាក់​សម្ពាធ​លើ​គេ​ឡើយ​។​ ​អ្នក​មិន​គួ​រកុ​ហក់​ ​និង​បិទបាំង​អារម្មណ៍​នោះ​ទេ​ ​ព្រោះ​នៅ​មាន​វិធី​ជាច្រើន​ទៀត​ក្នុង​ការ​និយាយ​គ្នា​ដោយ​មិន​សាង​បញ្ហា​បន្ថែម​។​ ​អ្នក​នឹងអាច​កែ​បញ្ហា​បាន​ ​និង​ធ្វើ​ឱ្យ​រូប​អ្នក​ ​ជាមួយ​គូស្នេហ៍​មាន​សេចក្ដីសុខ​ ​និង​ពេញចិត្ត​ពេញ​ថ្លើម​។​ ​ទាំងអស់​ក៏​មានតែ​ប៉ុណ្ណឹង​ឯង​ ​មែន​អត់​!​៕​ ​

Advertisement