យកចិត្ត​ទុកដាក់​តែ​បន្តិច​ដើម្បី​បបូរមាត់​ទន់​ និង​ពណ៌​ផ្កាឈូក​

បបូរមាត់​ពណ៌​ផ្កាឈូក​ ប្រកបដោយ​សុខភាព​ល្អ​គឺជា​ក្តី​សុបិន​របស់​ស្ត្រី​គ្រប់រូប​។ ពណ៌​នៃ​បបូរមាត់​អាច​បញ្ជាក់​ឱ្យ​ដឹងពី​សុខភាព​ និង​បែបបទ​នៃ​ការរស់នៅ​របស់​អ្នក​។ សម្រាប់​អ្នក​ដែល​មានទម្លាប់​ជក់បារី​ ទទួលទាន​ជាតិ​អាល់កុល​ និង​ការសាកល្បង​ប្រើប្រាស់​គ្រឿងសម្អាង​ស្ទើរគ្រប់​ប្រភេទ​នោះ​ នៅ​លើ​បបូរមាត់​របស់​អ្នក​អាច​ធ្វើ​ឱ្យ​វា​មើលទៅ​ខ្មៅ​ និង​មិន​មាន​ផាសុកភាព​។ ខណៈ​ពេល​ដែល​ផ្ទៃមុខ​របស់​អ្នក​កំពុងតែ​មាន​ភាព​ស្អាត​ផូរផង់​ហើយ​នោះ​ ហេតុ​អី​អ្នក​ត្រូវ​ទ្រាំ​នឹង​ការដែល​បបូរមាត់​ខ្មៅ​ទៅវិញ​? ​អ្នក​ពិតជា​អាច​ទៅដល់​គោលដៅ​នៃ​បបូរមាត់​ទន់​ និង​មាន​ពណ៌​ផ្កាឈូក​បាន​ ដោយ​គ្រាន់តែ​ចំណាយពេល​បន្តិច​ ដើម្បី​មើលថែ​បបូរមាត់​តាមវិធី​ដូច​ខាងក្រោម​៖
– លាប​ទឹកឃ្មុំ​លើ​បបូរមាត់​ មុន​ពេល​ចូលគេង​ ហើយ​ម៉ាស្សា​លើ​បបូរមាត់​ រួច​យក​ច្រាស់​ទន់​ៗ មក​ដុស​ទឹកឃ្មុំ​នោះ​ចេញ​នា​ពេលព្រឹក​។ ការ​ធ្វើបែប​នេះ​គឺ​ដើម្បី​សម្អាត​ស្រទាប់​ស្បែក​ដែល​ស្ងួត​ និង​ចាស់​ៗចោល​។
– យក​ស្រទាប់ផ្កា​កុលាប​មួយ​ទូកដៃ​ បន្ថែម​ជាមួយនឹង​ក្រែម​បន្តិច​ រួច​កិន​ ឬបុក​វា​ចូលគ្នា​ រួច​យក​មក​លាប​លើ​បបូរមាត់​ នោះ​អ្នក​នឹង​ឃើញថា​ បបូរមាត់​របស់​អ្នក​នឹង​មាន​ភាព​ទន់​ ហើយ​ពណ៌​ក៏​មើលទៅ​ស្អាត​ជាង​មុន​ជាមិនខាន​។
– ប្រេង​អូ​លីវ​កន្លះ​ស្លាបព្រា​ លាយ​ជាមួយនឹង​ស្ករស​ និង​ទឹកឃ្មុំ​បន្តិច​ ទុក​សម្រាប់​លាប​លើ​បបូរមាត់​ ប្រសិនបើ​អ្នក​ប្រាថ្នា​ចង់បាន​បបូរមាត់​ដែល​មាន​សភាព​ទន់​ និង​មាន​ពណ៌​ផ្កាឈូក​ ដែល​ជា​សម្រស់​តាម​បែប​ធម្មជាតិ​ពិត​។
– ទឹកដោះគោ​យក​ទៅ​រម្ងាស់​ឱ្យ​ក្លាយ​ជា​គ្រី​ម រួច​យក​គ្រី​មនោះ​ទៅ​លាប​លើ​បបូរមាត់​ ដើម្បី​ជា​ការ​ផ្តល់​សំណើម​ និង​ធ្វើ​ឱ្យ​បបូរមាត់​ទន់​ល្អ​។
– ការ​លាប​ជែល​ Vaseline​ ឬ ​Petroleum​ ជាប្រចាំ​ នឹង​ជួយ​រក្សា​ភាព​ស្រស់​ស្អាត​ ទន់​ដល់​បបូរមាត់​គ្រប់ពេល​។
– Glycerin​ និង​ទឹកក្រូច​ឆ្មារ​ អាច​ជួយ​កម្ចាត់​សភាព​ខ្មៅ​ស្រគាំ​ចេញពី​បបូរមាត់​បាន​។

សូម​សាកល្បង​តាមវិធី​សាស្ត្រ​ខាងលើ​ ប្រសិនបើ​អ្នក​គិតថា​បបូរមាត់​របស់​អ្នក​នៅ​មិនទាន់​មាន​ភាព​ទន់​ និង​មាន​ពណ៌​ស្រស់​ស្អាត​សម​តាមបំណង​របស់​អ្នក​ ដើម្បី​ឱ្យ​បបូរមាត់​របស់​អ្នកមាន​ភាព​ស្រស់​ស្អាត​គួរ​ជាទី​ពេញចិត្ត​ និង​ទាក់ទាញ​តាម​បែប​ធម្មជាតិ​៕

Advertisement