ស្រស់​ស្អាត​រាល់ថ្ងៃ​ បើ​ធ្វើតាម​អត្ថបទ​នេះ​

ពេញមួយថ្ងៃ​រាងកាយ​ដូចជា​មិន​អាច​គេច​ផុត​ពី​ការបំផ្លាញ​នៃ​អាកាសធាតុ​ និង​ពេលវេលា​នោះ​ទេ​ បើដូច្នេះមែន​នោះ​តើ​ធ្វើ​ម៉េច​នឹងអាច​បង្អួត​អ្នកជិតខាង​ឱ្យ​ឃើញថា​ អ្នក​នៅតែ​ស្អាត​តាំងពី​ព្រលឹម​ទល់​ប្រ​លប់​បាន​ទៅ​? ស្អាត​រាល់ថ្ងៃ​ អ្នកណា​មិន​ប្រាថ្នា​ចង់បាន​ តែ​វា​ទាស់​ត្រង់ថា​មិនដឹង​ធ្វើ​យ៉ាងម៉េច​ទើប​អាច​នាំក្តី​ស្រមៃ​នេះ​ទៅកាន់​ពិភព​ពិត​បានតែ​ប៉ុណ្ណោះ​។ មិន​ស្រួល​ ហើយក៏​មិន​ពិបាក​ដែរ​ ប៉ុន្តែ​វា​តម្រូវ​ឱ្យ​អ្នក​យកចិត្ត​ទុកដាក់​ក្នុង​ការអនុវត្ត​ មិនមែន​ធ្វើ​តែមួយ​ ឬពីរ​ថ្ងៃ​នៅ​មិនទាន់​ឃើញ​ពី​ប្រសិទ្ធភាព​ ក៏​បោះបង់ចោល​នោះ​ទេ​។ រក្សា​ឱ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​ទង្វើ​មួយចំនួន​ដូច​ខាងក្រោម​ នោះ​ភាព​ស្រស់​ស្អាត​នឹង​ស្ថិតនៅ​ជាមួយ​អ្នក​រាល់ថ្ងៃ​ជាមិនខាន​។

ព្រឹកព្រលឹម​ : បន្ទាប់ពី​ក្រោកពីដំណេក​នា​ពេលព្រឹក​ សូមកុំ​ទាន់​លុបលាង​ជាតិ​ខ្លាញ់​ដែល​នៅ​ជាប់​លើ​ផ្ទៃមុខ​ ជាពិសេស​នៅ​ជុំវិញ​ច្រមុះ​ និង​ចង្កា​ចេញ​ភ្លាម​ៗអី​ សូម​ប្រើ​ដៃ​របស់​អ្នក​ញី​វា​ឱ្យ​ពេញ​ផ្ទៃមុខ​ រួច​ទុក​មួយសន្ទុះ​សិន​សឹម​ចាប់ផ្តើម​ធ្វើអ្វី​ដែល​អ្នក​ចង់​ធ្វើជា​បន្ត​ចុះ​។ ការ​រក្សាទុក​នូវ​ជាតិ​ខ្លាញ់​នៅ​លើ​ផ្ទៃមុខ​បែបនេះ​គឺជា​ការ​ជួយ​រក្សា​ស្បែក​ឱ្យ​មាន​សំណើម​(សម្រាប់​អ្នក​ដែល​មាន​ស្បែក​ស្ងួត​) និង​ក្មេង​ជាង​វ័យ​ព្រោះ​វា​ជា​ខ្លាញ់​ធម្មជាតិ​ដែល​រាងកាយ​បាន​បញ្ចេញ​មក​ក្រៅ​។

មុន​អាហារ​ពេលព្រឹក​ : មុន​ទទួលទាន​អាហារ​ពេលព្រឹក​ ត្រូវ​ទទួលទានទឹក​ក្ដៅ​ឧណ្ហ2កែវ​ (លាយ​ជាមួយ​ទឹកឃ្មុំ​ 1ស្លាបព្រា​កាហ្វេ​ និង​ទឹកក្រូច​ឆ្មារ​បន្ដិច​កាន់តែ​ល្អ​)។ ការ​ធ្វើបែប​នេះ​អាច​ជួយ​សម្អាត​ក្រពះ​ ហើយ​អាច​ជួយ​ដល់​ការ​រក្សា​រាង​បាន​ទៀតផង​ (ពេលខ្លះ​វា​អាច​នឹង​មានការ​ពិបាក​បន្តិច​សម្រាប់​អ្នក​ក្នុង​ការ​ទទួលទាន​ពី​ដំបូង​ ហេតុនេះ​អ្នក​គួរ​បង្រៀន​ខ្លួនឯង​ឱ្យ​ចាប់ផ្តើម​ធ្វើ​វា​ម្តង​បន្តិច​ៗក៏បាន​)។

មិន​ត្រូវ​បោះបង់​បន្លែ​បៃតង​ : រាល់ពេល​ទទួល​ទាន​អាហារ​អ្នក​គួរ​ទទួលទាន​អាហារ​ដែល​មានប្រយោជន៍​ចំពោះ​សុខភាព​ និង​សម្រស់​ ដូចជា​ ផ្លែឈើ​ ត្រី​ ស៊ុត​ និង​គ្រប់​ធញ្ញជាតិ​ជាដើម​។

សម្អាត​ស្បែក​ : បន្ទាប់ពី​ត្រឡប់​មក​ពី​ធ្វើការងារ​ ឬការ​ចេញទៅ​ខាងក្រៅ​ផ្ទះ​អ្នក​ត្រូវ​លាង​ជម្រះ​ ឬប្រើ​កន្សែង​សើម​ ដើម្បី​សម្អាត​សារជាតិ​កខ្វក់​ផ្សេង​ៗដែល​នៅ​ជាប់​លើ​ផ្ទៃមុខ​ចេញ​ឱ្យ​បាន​ស្អាត​។

បន្ថែម​ពីលើ​សកម្មភាព​អស់ទាំង​នោះ​អ្នក​ត្រូវ​គិតទៅ​ដល់​ទង្វើ​មួយចំនួន​ទៀត​ដូចជា​ ការ​ទទួលទានទឹក​ឱ្យ​បាន​គ្រប់គ្រាន់​ ហើយ​ត្រូវ​កាត់បន្ថយ​ការ​បរិភោគ​អាហារ​ដែល​ផ្ទុក​ ឬប្រើ​សារជាតិ​ ឬមាន​ខ្លាញ់​ច្រើន​ ដូចជា​ អាហារ​ចៀន​ និង​បំពង​ជាដើម​។ ហាត់ប្រាណ​តាមដែល​អាច​ធ្វើ​ទៅ​បាន​ (បើ​ទោះជា​ពេលខ្លះ​អ្នក​រវល់​នឹង​ការងារ​ច្រើន​ រហូត​មិន​មាន​ពេលវេលា​គ្រប់គ្រាន់​ដើម្បី​ទៅ​ហាត់ប្រាណ​នៅ​តាម​ក្លឹប​ ឬទី​កន្លែង​ផ្សេង​ៗក៏ដោយ​ អ្នក​គួរតែ​ឆ្លៀតពេល​ដើរ​ក្នុង​កំឡុង​ពេលធ្វើការ​) ព្រមទាំង​ធ្វើការ​ផ្លាស់​ប្តូរ​ឥរិយាបទ​នៃ​ការ​អង្គុយ​ ឈរ​ គេង​ និង​ដកដង្ហើម​ត្រូវ​ធ្វើ​ឱ្យ​បាន​ត្រឹមត្រូវ​៕

Advertisement