វិធីកម្ចាត់អង្កែ មេបញ្ហាចំពោះស្បែកក្បាល

នៅពេល​ដែល​សង្កេតឃើញ​ថា​ ស្បែក​ក្បាល​កំពុងតែ​ទម្លាក់​ចុះ​នូវ​កម្ទេច​សៗ​ ឬដែល​ភា​សា​ងាយ​ៗហៅថា​ អង្កែ​ នោះ​ ឡា​រ៉ែ​ន ជឿជាក់​ថា​រឿង​ដំបូង​បំផុត​ដែល​លោកអ្នក​តែងតែ​គិតឃើញ​នោះ​គឺ​ការស្វែងរក​សាប៊ូកក់​សក់​ណា​ដែល​មានប្រសិទ្ធភាព​ក្នុង​ការ​កម្ចាត់​អង្កែ​។ វា​ជា​រឿង​ល្អ​ណាស់​បើ​អ្នក​អាច​រក​ឃើញ​សាប៊ូកក់​សក់​ណា​ដែល​អាច​កម្ចាត់​អង្កែ​លើ​ស្បែក​ក្បាល​របស់​អ្នក​បាន​ ប៉ុន្តែ​បើ​សំណាង​មិនល្អ​រក​មិនបាន​វិញ​នោះ​ ឡា​រ៉ែ​ន ចង់​ស្នើ​ឱ្យ​អ្នក​ងាក​មក​សាកល្បង​វិធី​ព្យាបាល​បែប​បុរាណ​វិញ​ម្តង​។

វិធី​កម្ចាត់​អង្គែ​ ដោយ​ប្រេង​អូ​លីវ​
ក្រៅពី​ប្រើ​ដើម្បី​ជា​ប្រយោជន៍​ចំពោះ​រាងកាយ​ហើយ​នោះ​ ប្រេង​អូ​លីវ​ក៏អាច​យក​មក​ម៉ាស្សា​លើ​ស្បែក​ក្បាល​ដើម្បី​កម្ចាត់​អង្កែ​ផង​ដែរ​។ ការ​ម៉ាស្សា​ក្បាល​ជាមួយនឹង​ប្រេង​អូ​លីវ​ អាច​ជួយ​បន្ថូ​រអា​រម្ម​ណ៍​ភាព​តានតឹង​ បន្ថែម​ការសម្រាក​ដល់​ខួរក្បាល​ ហើយក៏​ជា​វិធី​ធម្មជាតិ​ដ៏​មានប្រសិទ្ធភាព​ក្នុង​ការ​បំបាត់​អង្កែ​ និង​បញ្ហា​របកស្បែក​ក្បាល​ផង​ដែរ​។ ភាព​សម្បូរ​បែប​នៃ​វីតាមីនE​ សារធាតុ​ចិញ្ចឹម​ និង​ antioxidants​ ដែល​មាននៅ​ក្នុង​ប្រេង​អូ​លីវ​ នឹង​ចូល​ទៅ​ជួយ​កម្ចាត់​អាការ​រលាក​ស្បែក​ក្បាល​ រមាស់​ និង​បន្ថែម​សំណើម​ដល់​ស្បែក​ក្បាល​ ព្រមទាំង​បន្ថយ​សភាព​ស្បែក​ស្ងួត​ផង​ដែរ​។ យក​ប្រេង​អូ​លី​វក្តៅៗ​បន្តិចមក​ដាក់លើ​ស្បែក​ក្បាល​ ហើយ​ម៉ាស្សា​ថ្នម​ៗលើ​ស្បែក​ក្បាល​ប្រហែល20នាទី​។ ទុកចោល​រយៈពេល​មួយ​ម៉ោង​ រួច​សឹម​កក់​សម្អាត​សក់​ចេញ​ជាការស្រេច​។

វិធី​កម្ចាត់​អង្គែ​ ដោយ​ទឹកក្រូច​ឆ្មារ​
ប្រសិនបើ​ប្រេង​អូ​លីវ​ធ្វើ​ឱ្យ​អ្នកមាន​ការ​បារម្ភ​ថា​នឹង​ពិបាក​ស្វែងរក​នោះ​ សូម​សាកល្បង​វិធី​ងាយ​បំផុត​មួយទៀត​គឺ​ ទឹកក្រូច​ឆ្មារ​។ ទឹកក្រូច​ឆ្មារ​ដែល​ទើបតែ​ច្របាច់​ចេញពី​ផ្លែ​ថ្មី​ៗមានប្រសិទ្ធភាព​ណាស់​ក្នុង​ការ​កម្ចាត់​អង្កែ​។ យក​ទឹកក្រូច​ឆ្មារ​មក​ចាក់​លើ​ស្បែក​ក្បាល​ ហើយ​ប្រើ​ម្រាមដៃ​អេះ​ម៉ាស្សា​តិច​ៗ រួច​ទុកចោល​មួយសន្ទុះ​ សឹម​លាង​សម្អាត​ចេញ​។

វិធី​កម្ចាត់​អង្គែ​ ដោយ​ស្លឹក​ស្តៅ​
នៅ​មាន​វិធី​មួយទៀត​ដែល​អ្នក​គួរតែ​ដឹង​នោះ​គឺ​ការ​ព្យាបាល​ស្បែក​ក្បាល​ពី​ការ​កើត​អង្កែ​ដោយ​ស្លឹក​ស្តៅ​។ ដោយ​គ្រាន់តែ​យក​ស្លឹក​ស្តៅ​ប្រមាណ2ក្បង់​ដៃ​ទៅ​ដាក់​ក្នុងទឹក​ក្តៅ4​-5ពែង​ រួច​ត្រាំ​ទុកចោល​ពេញ​មួយ​យប់​។ លុះ​ព្រឹក​ឡើង​ យក​ទឹកដែល​ត្រាំ​ស្លឹក​ស្តៅ​នោះ​មក​កក់សក់​ រួច​ទុកចោល1ម៉ោង​ មុន​ពេល​សម្អាត​ចេញ​ដោយ​ទឹក​ស្អាត​។

ឡា​រ៉ែ​ន បាន​ត្រឹមតែ​ធ្វើជា​អ្នកណែនាំ​ ចំណែក​ការអនុវត្ត​គឺជា​ទង្វើ​របស់​អ្នក​! ដូច្នេះ​សូម​សាកល្បង​វិ​ធី​ងាយ​ៗ ចំណាយ​ប្រាក់​តិច​ មិន​ប៉ះពាល់​ដល់​សុខភាព​ស្បែក​ ហើយ​បើ​វា​មានប្រសិទ្ធភាព​ចំពោះ​ស្បែក​ក្បាល​របស់​អ្នកនោះ​ ទុក​ថា​ជា​រឿង​ដែល​ប្រសើរ​បំផុត​ហើយ​៕

Advertisement