មាន​បញ្ហា​ក្លិន​មាត់​ អាច​បញ្ជាក់​ពី​សញ្ញា​នៃ​ជំងឺ​ទាំង6​ ដែល​អ្នក​មិនបាន​កត់សម្គាល់​

February 28, 2019​ ម៉ោង 4:43 pm

មនុស្ស​មួយចំនួន​ដែល​មាន​បញ្ហា​ក្លិន​មាត់​មិនល្អ​ ពួកគេ​តែងតែ​រក​វិធី​ដើម្បី​បំបាត់​វា​ដូចជា​ ការ​ដុស​សម្អាត​ធ្មេញ​ភ្លាម​ៗ ការប្រើ​ឧបករណ៍​បាញ់​បំបាត់​ក្លិន​ក្នុង​មាត់​ ការ​ខ្ពុរមាត់​ ឬការ​ទំពា​ស្ករកៅស៊ូ​ជាដើម​។ មាន​មនុស្ស​មិន​ច្រើន​នោះ​ទេ​ដែល​ជួបនឹង​បញ្ហា​នេះ​ ហើយ​ព្យាយាម​រក​មូលហេតុ​ដែល​បណ្ដាល​ឱ្យ​មាន​ក្លិន​មាត់​មិនល្អ​ និង​រក​ដំណោះស្រាយ​ ដើម្បី​បំបាត់​វា​ជា​រៀង​រហូត​។ តើ​អ្នក​ធ្លាប់​គិត​ទេ​ថា​ ក្លិន​មាត់​របស់​អ្នក​អាច​ប្រាប់​អំពី​សុខភាព​រាងកាយ​របស់​អ្នក​? ជំងឺ​ទូទៅ​មួយចំនួន​ ដែល​រោគសញ្ញា​អាច​ត្រូវ​បាន​បង្ហាញ​ដំបូង​តាមរយៈ​ក្លិន​មាត់​របស់​អ្នក​។ ទស្សនាវដ្តី​ ឡា​រ៉ែ​ន សូមជម្រាប​អំពី​ជំងឺ​ទាំង6​ ដែល​មាន​រោគសញ្ញា​ដំបូង​តាមរយៈ​ក្លិន​មាត់​ដូច​ខាងក្រោម​នេះ​។

1. ជំងឺ​អញ្ចាញធ្មេញ​
គឺជា​ជំងឺ​ដែល​បណ្ដាល​ឱ្យ​មានការ​រលាក​ហើម​ដល់​អញ្ចាញធ្មេញ​ ឆ្អឹង​ និង​សាច់​ជុំវិញ​ធ្មេញ​។ វា​បណ្តាល​មក​ពី​មេ​រោ​គតូច​ៗ ដែល​យើង​តែងតែ​ហៅថា​ បាក់តេរី​ ដែល​តោង​ជាប់​ធ្មេញ​ និង​អញ្ចាញធ្មេញ​។ បាក់តេរី​ទាំងនេះ​គឺជា​កំណកកំបោរ​ដែល​តោង​ជាប់នឹង​ធ្មេញ​របស់​អ្នក​។ វា​មិន​មាន​ពណ៌​ ស្អិត​ៗដែល​បង្កឡើង​ពីក​ត្តា​ចំណីអាហារ​។ បាក់តេរី​ដែល​តោង​ជាប់​ក្លាយជា​កំណកកំបោរ​បាន​មក​ពី​សារជាតិ​ស្ករ​ ដែ​លបំ​លែង​ពី​ចំណីអាហារ​ វាប​ង្កើត​ទៅជា​ជាតិពុល​ និង​សារធាតុ​គី​មី​ផ្សេង​ៗ។ ជាតិពុល​ទាំងនោះ​ ធ្វើ​ឱ្យ​រលាក​អញ្ចាញធ្មេញ​ដែល​បណ្តាល​ឱ្យ​ហើម​ សណ្ត​ក និង​ងាយ​ចេញឈាម​នៅពេល​ដុសធ្មេញ​។ យូរ​ៗទៅ​វា​នឹង​ធ្វើ​ឱ្យ​ធ្មេញ​របូត​ចេញពី​អញ្ចាញ​តែម្តង​។

2. ជំងឺ​រលាក​ផ្លូវដង្ហើម​
ក្លិន​មាត់​មាន​ភាព​មិន​ប្រក្រតី​អាច​បណ្តាល​មក​ពី​ការ​ឆ្លង​មេរោគ​រលាក​ផ្លូវដង្ហើម​ដូចជា​ ជំងឺ​ផ្តាសាយ​ និង​ជំងឺ​រលាក​ប្រហោង​ឆ្អឹង​មុខ​សងខាង​ច្រមុះ​ជាដើម​។ វា​បណ្តាល​មក​ពី​បាក់តេរី​ជាច្រើន​ ដែល​មាននៅ​ក្នុង​រន្ធច្រមុះ​ និង​ប្រហោង​ឆ្អឹង​មុខ​សងខាង​ច្រមុះ​ដែល​ធ្វើ​ឱ្យ​មាន​ក្លិន​មិនល្អ​។ ក្នុងករណី​ខ្លះ​ ក្លិន​មាត់​របស់​អ្នក​ក៏អាច​បង្ហាញ​អំពី​ជំងឺ​ដុះសាច់បំពង់ក​ផង​ដែរ​ ។

3. ជំងឺ​ធាត់​
ខ្យល់​ដង្ហើម​មិនល្អ​ ត្រូវ​បាន​អ្នកស្រាវជ្រាវ​អះអាង​ថា​ មាន​ភាគរយ​ពី​ជាតិ​ខ្លាញ់​ខ្ពស់​ ដែល​មាន​សារធាតុ​មេតាន​ និង​អុីដ្រូ​សែន​ច្រើនជាង​ បើ​ប្រៀបធៀប​ទៅ​នឹង​អ្នក​ដែល​មាន​សុខភាព​ល្អ​។ ឧស្ម័ន​ទាំងពីរ​នេះ​បណ្តាល​ឱ្យ​មាន​ក្លិនស្អុយ​ស្រដៀងនឹង​ក្លិន​បង្គន់​ដែរ​។ ហើយ​ឧស្ម័ន​ទាំងពីរ​នេះ​វា​ងាយ​នឹង​ធ្វើ​ឱ្យ​រាងកាយ​របស់​អ្នក​វិវឌ្ឍ​ទៅ​រក​ភាពធាត់​ដោយ​មិនដឹង​ខ្លួន​។

4. ជំងឺ​ប្រេះ​មាត់​
ជំងឺ​ប្រេះ​មាត់​ គឺជា​បញ្ហា​មួយ​ដែល​បណ្តាល​មក​ពី​បញ្ហា​នៅក្នុង​ក្រពេញ​ទឹកមាត់​ ឬការដកដង្ហើម​តាម​មាត់​។ ប្រសិនបើ​អ្នកមាន​ជំងឺ​ប្រេះ​មាត់​ ហើយ​ស្ងួត​មាត់​ ក្លិន​មាត់​របស់​អ្នក​នឹង​មាន​ក្លិន​មិនល្អ​ខ្លាំង​ រួម​ជាមួយនឹង​រោគសញ្ញា​ដទៃទៀត​។

5. ខ្សោយ​ថ្លើម​
ជំងឺថ្លើម​អាច​កត់សម្គាល់​បាន​យ៉ាង​ងាយស្រួល​ ដោយ​រោគសញ្ញា​ខ្យល់​ដង្ហើម​របស់​អ្នកមាន​ក្លិន​មិនល្អ​ខ្លាំង​។ នៅពេល​ដែល​ថ្លើម​ដំណើរការ​មិនល្អ​ ជាតិពុល​នៅក្នុង​រាងកាយ​បញ្ចេញ​មក​តាម​សួត​ ដែល​បណ្តាល​ឱ្យ​ក្លិន​មាន​មិនល្អ​។ បើ​អ្នក​សង្ស័យ​ខ្លាំង​ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ ដើម្បី​ធ្វើ​តេ​ស្ត៍​ឈាម​រក​មេរោគ​ថ្លើម​។

6. ជំងឺ​ទឹកនោមផ្អែម​
ជំងឺ​ទឹកនោមផ្អែម​ និង​ជំងឺ​អញ្ចាញធ្មេញ​អាច​កើតឡើង​ជាមួយគ្នា​ ហើយក៏​អាច​ធ្វើ​ឱ្យ​ជំងឺ​ស្ដែង​ចេញ​មក​តាមរយៈ​ក្លិន​មាត់​មិនល្អ​ផង​ដែរ​។ យ៉ាងណាមិញ​ សញ្ញា​ព្រមាន​របស់​ជំងឺ​អញ្ចាញធ្មេញ​ មាន​ដូចជា​៖
– អញ្ចាញធ្មេញ​ដែល​ហូរឈាម​ ក្រោយពី​ប្រើ​អំបោះ​រូស​ធ្មេញ​ ឬដុស​សម្អាត​ធ្មេញ​រួច​។
– អញ្ចាញធ្មេញ​ដែល​តឹង​ឈឺ​ ហើម​ ឬក្រហម​
– សឹក​អញ្ចាញធ្មេញ​ ដែល​ធ្វើ​ឱ្យ​ធ្មេញ​មើលទៅ​វែង​ជាង​មុន​
– ក្លិន​មាត់​មិនល្អ
​– មាន​ខ្ទុះ​ចេញ​មក​នៅពេល​សង្កត់​អញ្ចាញធ្មេញ​ប៉ះ​គ្នា​
– បាត់បង់​ធ្មេញ​ ឬធ្មេញរង្គើ​។ល៕