ធ្វើយ៉ាងណាដើម្បីឱ្យជើងស្អាត និងសិចស៊ី?

ការដណ្តើមគ្នាបង្អួតភាពសិចស៊ី បង្ហាញសាច់ជើងសខ្ចី មានទាំងជើងស្រឡូនតូចៗ និង​ជើងទ្រលុកទ្រលន់​តាមរយៈការស្លៀកសម្លៀកបំពាក់ខ្លីៗ គឺជាសកម្មភាពដែល​កំពុងពេញនិយមបំផុតសម្រាប់នារីៗ ជាពិសេសគឺយុវតីសម័យថ្មីនេះតែម្ដង។ ប្រាកដណាស់ថា អ្នកណាៗក៏នឹងលួចកោតសរសើរអ្នកដែរ ប្រសិនបើគេបានឃើញជើងដ៏ស្រស់ស្អាត មើលទៅមានសភាពទន់រលោងរបស់អ្នក។ ​ប៉ុន្តែប្រសិនបើអ្នកនៅមិនទាន់មានទំនុកចិត្តថា ជើងរបស់អ្នកមាន​សភាព​ស្រស់ស្អាតគ្រប់គ្រាន់​ក្នុងការប្រណាំងប្រជែងជាមួយអ្នកដទៃទេនោះ សូមចាប់ផ្តើមថែរក្សាជើងរបស់អ្នកឱ្យបានស្អាត​ចាប់ពីពេលនេះតទៅ។

ដុសខាត់កែងជើង៖ បង្កើតទម្លាប់ក្នុងការដុសខាត់កែងជើង និងបាតជើងឱ្យបានស្អាតដោយច្រាស ឬថ្មខាត់ មុននឹងដុសអ្នកគួរត្រាំជើងរបស់អ្នកទៅក្នុងទឹក (ប្រសិនបើត្រាំជាមួយទឹកក្តៅឧណ្ហៗកាន់តែល្អ) ប្រមាណជា10-15នាទីជាមុនសិន ​ដើម្បីឱ្យស្បែកជើងរបស់អ្នកទន់ងាយស្រួលក្នុងការដុសសម្អាតសារធាតុ​កខ្វក់ និងស្បែកចាស់ៗចោល។ ប្រសិនបើជើងរបស់ស្ងួត និងមានសភាពប្រះបែកនោះ អ្នកត្រូវតែផ្តល់សំណើមឱ្យជើងរបស់អ្នក។ មានផលិតផលច្រើនណាស់​ដែលអាចឱ្យអ្នកជ្រើសរើសប្រើប្រាស់ ដូច្នេះវាពិតជាមិនពិបាកទេបើគ្រាន់តែចង់ស្វែងរកផលិតផលមួយដែលត្រូវនឹងអ្នកនោះ។

ធ្វើចលនា និងម៉ាស្សាជើង៖ ម្រាមជើង និងប្រអប់ជើងក៏អាចបង្កើនភាពស្រស់ស្អាតឱ្យអ្នកបានដែរ ហេតុនេះការទាញម្រាមជើង ច្របាច់ ធ្វើចលនាចុះឡើង និងការ​ម៉ាស្សាប្រអប់ជើងដោយប្រេងអូលីវ ឬប្រេងដូងជាដើមគឺជាវិធីល្អបំផុតក្នុងការបន្ថែមភាពតឹងណែនដល់ប្រអប់ និងម្រាមជើងរបស់អ្នក។

សម្អាតជើងឱ្យស្អាត៖ ការលាងសម្អាត និងជូតជើងរបស់អ្នកឱ្យបានស្អាត និងស្ងួតល្អ គ្រប់កន្លែង ពិសេសគឺនៅចន្លោះម្រាមជើងជាដើមនោះ​គឺជាចំណុច​មួយ​ដែល​អ្នក​មិនគួរភ្លេចជាដាច់ខាត។

កុំមើលរំលងស្បែកជើងដែលអ្នកពាក់៖ ស្បែកជើងស្អាតល្អពិតប្រាកដមិនត្រឹមតែជាម៉ូដដែលអាចលើកសម្រស់ជើងតែប៉ុណ្ណោះទេ តែវាត្រូវតែផ្តល់ភាពងាយ​ស្រួលក្នុងការស្លៀកពាក់ផងដែរ។ សូមចាំថា ស្បែកជើងដែលមិនធ្វើឱ្យឈឺជើង និងងាយស្រួលដើរគឺជាជម្រើសទីមួយដែលអ្នកត្រូវគិតដល់៕

 

Advertisement