Sirloin​ Steak​ ស្តេ​កសាច់គោ​អូស្ត្រាលី​ដ៏​ឆ្ងាញ់​ពិសា​

Sirloin Steak ស្តេកសាច់គោអូស្ត្រាលីដ៏មានឱជារសឈ្ងុយឆ្ងាញ់ប្រចាំភោជនីយដ្ឋាន ស្លា (Slla Sky Bar) ដែលស្ថិតនៅជាន់ទី9 នៃសណ្ឋាគារ AQUARIUS Hotel & Urban Resort។ ស្តេកសាច់គោអូស្ត្រាលីនេះគឺជាមុខម្ហូបដ៏ពេញនិយម ជាពិសេសបើបានទទួលទានជាមួយនឹងស្រាក្រហមទៀតនោះគឺកាន់តែត្រូវមាត់តែម្តង។ ដូច្នេះ តោះរៀនចម្អិន ស្តេកសាច់គោអូស្ត្រាលី Sirloin Steak ជាមួយនឹងលោក ចាន់ វ៉ាន់ផល មេចុងភៅប្រចាំភោជនីយដ្ឋាន Slla Sky Bar ដូចខាងក្រោមនេះ។

គ្រឿងផ្សំ
– សាច់គោអូស្ត្រាលី (Sirloin Steak) 200g
– ប្រេងអូលីវ 15 ml
– ប៊័រ (សាប) 30g
– ខ្ទឹមបារាំងពណ៌ស 15g
– មើមការ៉ុត 30g
– សណ្តែកបារាំង 15g
– ននោងបារាំង (Zucchini) 20g
– ផ្កាខាត់ណា ប្រូខូលី 40g
– ផ្កាខាត់ណាពណ៌ស 40g
– ស្រាក្រហមសម្រាប់ចម្អិនអាហារ 20ml
– ខ្ទឹមក្រហម 10g
– ម្រេចខ្ចី 10g
– ម្រេចខ្មៅម៉ដ្ឋ 2ml
– គ្រីមសម្រាប់ចម្អិនអាហារ 10g
– ម្សៅ Demi Glace 10g
– ស្លឹកជីវ៉ាន់ស៊ុយ 2g

វិធីចម្អិន
ដំបូងត្រូវយកសាច់គោអូស្ត្រាលីមួយដុំ ដែលមានទម្ងន់200g មកប្រឡាក់ជាមួយនឹងអំបិល និងម្រេចម៉ដ្ឋ រួចយកទៅប្រឡាក់ជាមួយនឹងប្រេងអូលីវ ហើយយកទៅចៀននៅក្នុងខ្ទះស្ងួត (មិនមានបន្ថែមប្រេង ឬខ្លាញ់ទេ) ដោយបើកភ្លើងឱ្យក្តៅខ្លាំង រួចចៀនឱ្យឆ្អិនតាមកម្រិតដែលអ្នកចូលចិត្ត (ចំពោះកម្រិតឆ្អិន50% ត្រូវចម្អិនរយៈពេល1នាទីក្នុងមួយចំហៀង រួចសឹមប្រែសាច់ទៅម្ខាងទៀត)។ ចំណែកបន្លែវិញ ត្រូវយកបន្លែទាំងអស់ដែលមានដូចជា ផ្កាខាត់ណា​ ប្រូខូលី ការ៉ុត ខ្ទឹមក្រហម សណ្តែកបារាំងខ្ទឹមបារាំងពណ៌ស និងននោងបារាំង យកទៅស្រុះជាមុនសិន រួចសឹមយកមកចៀនជាមួយប៊័រ ដោយបន្ថែមម្រេចម៉ដ្ឋ និងអំបិលចូលបន្តិច ចៀនឱ្យរាងទន់បន្តិចជាការស្រេច រួចដួសដាក់នៅក្នុងចានជាមួយនឹងសាច់គោអូស្ត្រាលី ដែលបានចៀនរួចនោះជាការស្រេច ដោយទទួលទានជាមួយនឹងទឹកម្រេច ឬទឹកសុសផ្សិត ឬទឹកសុសស្រាក្រហមក៏បាន៕

Advertisement