សេចក្ដី​ស្រឡាញ់​ និង​អត្ថន័យ​ដ៏​ស៊ីជម្រៅ​របស់​ការ​រៀបការ​

អត្ថបទ​ខាងក្រោម​នេះ​បាន​រៀបរាប់​អំពី​អត្ថន័យ​យ៉ាង​ស៊ីជម្រៅ​របស់​ការ​រៀប​អាពាហ៍​ពិពាហ៍​ ក្រោយ​ពី​បុរស​ម្នាក់​បាន​ចូល​ទៅ​សុំ​ការ​ប្រឹក្សា​អំពី​លោកឪពុក​របស់​គេ​ពាក់ព័ន្ធ​នឹង​ក្ដី​ភ័យខ្លាច​ និង​ក្ដី​វិតក្ក​កង្វល់​ចំពោះ​ការសម្រេច​ចិត្ត​ក្នុង​ការ​រៀបការ​ ហើយ​ឪពុក​របស់​គេ​ក៏បាន​ផ្ដល់​ចម្លើយ​ដ៏​ច្បាស់លាស់​ដល់​គេ​ ហើយ​តទៅ​នេះ​គឺជា​រឿងរ៉ាវ​ដែល​កើតឡើង​…។

“ខ្ញុំ​ជួបនឹង​ភរិយា​លើកដំបូង​ពេល​អាយុ​ 15ឆ្នាំ​ កាលនោះ​យើង​កំពុង​រៀន​នៅ​ថ្នាក់​មធ្យមសិក្សា​។ យើង​ធ្វើជា​មិត្តភក្តិ​ជិតស្និទ្ធ​នឹងគ្នា​អស់​ជាង​ 10ឆ្នាំ​ មុននឹង​សម្រេចចិត្ត​ថា​ យើង​លែង​ត្រូវការ​ធ្វើ​ត្រឹមតែ​ជា​មិត្តភក្តិ​នឹងគ្នា​តទៅទៀត​ហើយ​…។ យ៉ាងណាក៏ដោយ​ ការ​លង់​ស្នេហ៍​មិត្ត​ជិតស្និទ្ធ​បែបនេះ​មិនបាន​ធ្វើ​ឱ្យ​ខ្ញុំ​បាត់​អស់​អាការ​ភ័យខ្លាច​ និង​កង្វល់​ពាក់ព័ន្ធ​នឹង​ការ​រៀបការ​ឡើយ​។ រឹតតែ​ខ្ញុំ​ និង​ចិន្ដា​ចូល​ជិតដល់​អំឡុង​ពេល​ដែល​ត្រូវ​សម្រេចចិត្ត​រឿង​រៀប​អាពាហ៍​ពិពាហ៍​ខ្លាំង​ប៉ុនណា​ ខ្ញុំ​រឹតតែ​ភ័យខ្លាច​រហូត​លែង​ហ៊ាន​ចង់​ធ្វើអ្វី​ទាំងអស់​ប៉ុន​នោះ​ដែរ​…សួរ​ថា​ តើ​ខ្ញុំ​ត្រៀមខ្លួន​រួចហើយ​ឬនៅ​? សម្រេចចិត្ត​ត្រូវ​ឬទេ​? តើ​ចិន្ដា​ជា​មនុស្ស​ស្រី​ដែល​ខ្ញុំ​ត្រូវការ​មែន​ឬ? នាង​នឹង​ធ្វើ​ឱ្យ​ខ្ញុំ​មាន​សេចក្ដីសុខ​ទេ​? សំណួរ​ទាំងអស់​នេះ​តាម​លង​អន្ទោល​ដួងចិត្ត​ខ្ញុំ​ជាប់​ជានិច្ច​។ រហូតដល់​រាត្រី​មួយ​ ខ្ញុំ​ក៏​រៀបរាប់​រឿង​ដែល​ខ្ញុំ​វិតក្ក​កង្វល់​នេះ​ឱ្យ​ប៉ា​របស់ខ្ញុំ​ស្ដាប់​ ហើយ​ប៉ាក៏​តប​មកវិញ​ថា​ នេះ​គឺជា​ហេតុការណ៍​មួយទៀត​ក្នុង​ការសម្រេច​ចិត្ត​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត​របស់ខ្ញុំ​”។

“កូន​មិនមែន​រៀបការ​ដើម្បី​ឱ្យ​ខ្លួនឯង​មាន​សេចក្ដីសុខ​ទេ​ តែ​កូន​រៀបការ​ដើម្បី​ឱ្យ​អ្នកដទៃ​មាន​សេចក្ដីសុខ​ កូន​រៀបការ​ដើម្បី​ក្រុម​គ្រួសារ​ ដើម្បី​សាច់ញាតិ​បងប្អូន​ ដើម្បី​កូនចៅ​នៅ​ថ្ងៃ​ខាង​មុខ​។ កូន​ចង់ឱ្យ​អ្នកណា​ចិញ្ចឹម​មើលថែ​ពួកគេ​? ចង់ឱ្យ​ពួកគេ​បាន​ទទួល​ឥទ្ធិពល​ពី​អ្នកណា​? នេះ​មិនមែន​ជា​ការ​រៀបការ​ដើម្បី​ខ្លួនឯង​ទេ​ តែ​ដើម្បី​សេចក្ដីសុខ​របស់​មនុស្ស​ដែល​កូន​រៀបការ​ជាមួយ​…”

ពេល​ហ្នឹងហើយ​ដែល​ខ្ញុំ​ដឹង​ថា​ ចិន្ដា​គឺជា​មនុស្ស​ស្រី​ដែល​ខ្ញុំ​ត្រូវការ​ក្នុង​ជីវិត​របស់ខ្ញុំ​ ខ្ញុំ​ចង់​ឱ្យ​នាង​មាន​សេចក្ដីសុខ​ ចង់ឱ្យ​នាង​ញញឹម​ និង​សើច​ជា​រៀងរាល់ថ្ងៃ​។ ខ្ញុំ​ចង់​ក្លាយជា​ចំណែក​មួយ​ក្នុង​ក្រុម​គ្រួសារ​របស់​នាង​ ហើយ​ក្រុម​គ្រួសារ​របស់ខ្ញុំ​ក៏​ចង់ឱ្យ​នាង​ក្លាយជា​ចំណែក​មួយ​របស់​យើង​ដូចគ្នា​ដែរ​។ ពេល​ថយ​ត្រឡប់ទៅ​ក្នុង​ថ្ងៃ​ដែល​ខ្ញុំ​ឃើញ​នាង​លេង​ជា​មួ​យក្មួយៗ​របស់ខ្ញុំ​ ខ្ញុំ​បានដឹង​ភ្លាម​តែម្ដង​ថា​ គឺ​រូប​នាង​ហ្នឹងហើយ​ជា​មនុស្ស​ដែល​ខ្ញុំ​ចង់​សាង​គ្រួសារ​ជាមួយ​…។

ពាក្យណែនាំ​របស់​ប៉ា​ ធ្វើ​ឱ្យ​ខ្ញុំ​ភ្ញាក់ព្រើត​ និង​ភ្លឺភ្នែក​ឡើង​ភ្លាម​តែម្ដង​។ សូម​ប្រាប់​ទៅចុះ​ថា​ វា​ផ្ទុយគ្នា​នឹង​ពាក្យស្លោក​របស់​ វ៉​លម៉ាល​ នា​ពេល​បច្ចុប្បន្ន​ដែល​និយាយ​ថា​ “បើ​អ្វីក៏ដោយ​ដែល​ធ្វើ​ឱ្យ​អ្នកមាន​អារម្មណ៍​គ្មាន​សេចក្ដីសុខ​ ចូរ​រក​ថ្មី​ទៅ​ប្រសើរ​ជាង​”។ ត្រឹមត្រូវ​ហើយ​… ការ​រៀបការ​ និង​ស្នេហា​ស្មោះ​មិន​ពាក់ព័ន្ធ​នឹង​រូប​អ្នក​ឡើយ​ តែ​វា​ពាក់ព័ន្ធ​នឹង​មនុស្ស​ដែល​អ្នក​ស្រឡាញ់​ ពាក់ព័ន្ធ​នឹង​អ្វី​ដែល​ពួកគេ​ត្រូវការ​ ពាក់ព័ន្ធ​នឹង​អ្វី​ដែល​ពួកគេ​ប្រាថ្នា​។ ក្ដី​នឹក​សង្ឃឹម​ ការ​ស្រមៃ​ចង់បាន​ និង​ភាព​អាត្មានិយម​នឹង​សួរ​មក​យើង​ថា​ “ហើយ​ខ្ញុំ​នឹង​បាន​អី​?” ខណៈ​ដែល​សេចក្ដី​ស្រឡាញ់​នឹង​សួរ​ថា​ “តើ​ខ្ញុំ​អាច​ឱ្យ​អ្វីទៅ​ពួកគេ​បាន​ខ្លះ​?”។

តែ​ ជំនួស​ឱ្យ​ចិន្ដា​នឹង​ធ្វើ​ដូច​ខ្ញុំ​ នាង​បែរជា​ធ្វើ​រឿង​ម្យ៉ាង​ដែល​គួរ​ឱ្យ​ស្ងើច​ខ្លាំង​ជាង​ហ្នឹង​។ នាង​បង្ហាញ​ពី​សេចក្ដី​ស្រឡាញ់​ចេញ​មក​យ៉ាង​ពេញ​ហូរហៀរ​ និង​ស្ថិតនៅ​ក្បែរ​កាយ​ខ្ញុំ​ជានិច្ច​ មិនថា​ខ្ញុំ​នឹង​ជួប​សេចក្ដីទុក្ខ​ ឬត្រូវ​ឆ្លងកាត់​ក្ដី​ឈឺចាប់​ខ្លាំង​ប៉ុនណា​ នាង​នឹង​នៅ​ចាប់ក្ដោប​ដៃ​ខ្ញុំ​ជាប់​ ព្រម​ជាមួយ​ការ​លួងលោម​យ៉ាង​ទន់ភ្លន់​ ធ្វើ​ឱ្យ​ខ្ញុំ​រំភើប​ និង​រំជួលចិត្ត​រហូតដល់​ស្រក់​ទឹក​ភ្នែក​…។ ខ្ញុំ​សន្យា​ជាមួយ​នាង​ថា​ ខ្ញុំ​នឹង​ព្យាយាម​ឱ្យ​ខ្លាំង​ជាង​នេះ​…។

សម្រាប់​អ្នក​ដែល​កំពុង​អាន​អត្ថបទ​នេះ​ មិន​ថា​រៀបការ​ហើយ​ កំពុង​ជិត​រៀបការ​ ឬនៅ​លីវ​ក៏ដោយ​ ខ្ញុំ​ចង់ឱ្យ​អ្នក​ទាំងអស់គ្នា​បានដឹង​ថា​ ការ​រៀបការ​នេះ​ មិនមែន​ដើម្បី​ខ្លួនឯង​នោះ​ទេ​ តែ​ដើម្បី​មនុស្ស​ដែល​អ្នក​ស្រឡាញ់​ទៅវិញ​ទេ​។ រឹតតែ​អ្នក​ឱ្យ​សេចក្ដី​ស្រឡាញ់​ទៅ​បុគ្គល​ដទៃ​ច្រើន​ប៉ុនណា​ អ្នក​នឹង​បាន​ទទួល​សេចក្ដី​ស្រឡាញ់​ច្រើន​ប៉ុន​នោះ​មកវិញ​ ទាំង​ពី​មនុស្ស​សំខាន់​ ពី​ក្រុម​គ្រួសារ​ ពី​មិត្តភក្តិ​ និង​ពី​មនុស្ស​រាប់ពាន់​នាក់​ទៀត​ដែល​អ្នក​នៅ​មិនទាន់​បាន​ជួប​… កុំ​ភ្លេច​ថា​ សេចក្ដីស្នេហា​ និង​ការ​រៀប​អាពាហ៍​ពិពាហ៍​ មិនមែន​ជា​រឿង​ដែល​ធ្វើ​ដើម្បី​រូប​អ្នក​ខ្លួនឯង​ឡើយ​ តែ​ធ្វើ​ដើម្បី​អ្នកឯទៀត​ទាំងអស់​…៕

Advertisement