គួរ​ធ្វើ​ដូចម្តេច​ទើប​មិន​ចាញ់​គ្រឿងសម្អាង?

ស្ត្រី​ភាគច្រើន​អាច​នឹង​មានសំណាង​ល្អ​ ដែល​អាច​គេច​ផុត​ពី​ការ​ប្រតិកម្ម​ចាញ់​ផលិតផល​គ្រឿងសម្អាង​ដែល​ខ្លួន​បាន​ប្រើប្រាស់​ ប៉ុន្តែ​មិនមែន​ស្ត្រី​គ្រប់រូប​សុទ្ធតែ​មានឱកាស​អាច​គេច​ផុត​ពី​អាការ​ប្រតិកម្ម​ចាញ់​បែបនេះ​នោះ​ទេ​។ ធ្វើ​ដូចម្តេច​ដើម្បី​ឱ្យ​គេច​ផុត​ពី​ការ​ប្រតិកម្ម​ជាមួយ​នឹង​ផលិតផល​គ្រឿងសម្អាង​អស់ទាំង​នេះ​? អត្ថបទ​ខាងក្រោម​គឺជា​ជំនួយការ​ដ៏​ល្អ​របស់​អ្នក​ដែល​កំពុង​ប្រឈម​ជាមួយនឹង​បញ្ហា​ប្រតិកម្ម​ចាញ់​គ្រឿងសម្អាង​។

– រក​ផលិតផល​ណា​ដែល​មាន​ធាតុផ្សំ​តិច​បំផុត​ ព្រោះ​បើកាលណា​សារធាតុ​ផ្សំ​កាន់តែ​តិច​ឱកាស​នៃ​ការ​កើតមាន​ប្រតិកម្ម​ចាញ់​ក៏​មាន​កាន់​តែ​តិច​ដូចគ្នា​។

– សាកល្បង​ផលិតផល​នោះ​សិន​មុននឹង​យក​វា​មក​ប្រើលើ​ស្បែក​របស់​អ្នក​ ជា​ពិ​សេ​ស្បែក​មុខ​របស់​អ្នក​ ដោយ​ការ​យក​គ្រឿងសម្អាង​នោះ​បន្តិចមក​សាក​លើ​-កដៃ​ រួច​រង់ចាំ48ទៅ72ម៉ោង​។ ប្រសិនបើ​កើតមាន​អាការ​រោល​ ហើម​ ឡើងក្រហម​ ឬរមាស់​ កើតឡើង​នោះ​ គួរ​កុំ​ប្រើ​ផលិតផល​នោះ​អី​។

– គួរ​បាញ់​ទឹកអប់​នៅ​លើ​សម្លៀកបំពាក់​ មិនមែន​នៅ​លើ​ស្បែក​របស់​អ្នកនោះ​ទេ​។ ការ​ធ្វើបែប​នេះ​ជា​ការ​ជួយ​កាត់បន្ថយ​ឱកាស​នៃ​ការ​កើត​មាន​ប្រតិកម្ម​ចាញ់​នៅ​លើ​ស្បែក​របស់​អ្នក​។

– បើ​ទោះជា​មានការ​អះអាង​នៅ​លើ​ផលិតផល​ថា​ បាន​ធ្វើការ​សាកល្បង​រួចហើយ​ ហើយ​វា​នឹង​មិន​ធ្វើ​ឱ្យ​រមាស់​ រលាក​ ឬហើម​នៅ​លើ​ស្បែក​ក្តី​ ក៏​កុំអាល​ជឿជាក់​ទាំងស្រុង​ដែរ​ ព្រោះ​ការសាកល្បង​នេះ​ត្រូវ​បាន​ធ្វើឡើង​នៅ​លើ​ស្បែក​របស់​អ្នក​ផ្សេង​ មិនមែន​ជា​ស្បែក​របស់​អ្នកនោះ​ទេ​ ព្រោះ​ស្បែក​មនុស្ស​គឺ​មិន​ដូចគ្នា​នោះ​ទេ​។ ដូច្នេះ​អ្នក​ត្រូវ​ស្គាល់​ពី​ប្រវត្តិ​របស់​ផលិតផល​ ឬបាន​សាកល្បង​នៅ​លើ​ស្បែក​របស់​អ្នកជា​មុន​សិន​។

សូម​ចងចាំ​ថា​ ប្រសិនបើ​ឃើញថា​ ស្បែក​របស់​អ្នកមាន​ប្រតិកម្ម​ជាមួយ​ផលិតផល​នោះ​ សូម​បញ្ឈប់​ការប្រើ​ប្រាស់​ភ្លាម​ៗ ដើម្បី​កុំឱ្យ​ស្ថានភាព​នៃ​ប្រតិកម្ម​ចាញ់​នេះ​កាន់តែ​យ៉ាប់​ឡើង​ថែមទៀត​៕

Advertisement