សក់​មិន​ស្អាត មិនមែនជា​បញ្ហា​ទៀត​ទេ!

បញ្ហា​ដែល​នាំ​ឱ្យ​សក់​ខូច​អាច​កើត​បាន​គ្រប់ពេលវេលា​ ប្រសិនបើ​អ្នក​ធ្វេសប្រហែស​ ហើយ​ភាគច្រើន​នៃ​បញ្ហា​ដែល​យើង​ជួបប្រទះ​មាន​ដូចជា​ អង្គែ​ រមាស់​ស្បែក​ក្បាល​ សក់​បែក​ចុង​ សក់​ស្ងួត​គ្មាន​ជាតិ​ប្រេង​ សក់​មិន​រលោង​សក់​ងាយ​ដាច់​ជ្រុះ​ និង​សក់​មានការ​លូតលាស់​យឺត​ជាដើម​។ រាល់​បញ្ហា​អស់​ទាំងនេះ​បាន​ក្លាយជា​ផ្នែក​មួយ​ដែល​នាំ​ឱ្យ​អ្នក​បាត់បង់​ទំនុកចិត្ត​ ប៉ុន្តែ​ចាប់​ពី​ពេលនេះ​ទៅ​ សូមអ្នក​ដែល​មាន​បញ្ហា​ផ្នែក​សក់​ទាំងអស់​កុំ​លង់ខ្លួន​ អាក់​អន់ចិត្ត​ជាមួយនឹង​បញ្ហា​ទាំងនេះ​តទៅទៀត​អី​ សូម​ងើបមុខ​ឡើង​ ហើយ​តទល់​នឹង​បញ្ហា​ទាំងអស់​នោះ​ជាមួយនឹង​ដំណោះស្រាយ​មួយចំនួន​ដែល​ ឡា​រ៉ែ​នផ្តល់​ជូន​ដូច​ខាងក្រោម​៖

– រាល់ពេល​សម្អាត​សក់​ត្រូវ​ប្រាកដ​ថា​ វា​ពិតជា​ស្អាត​គ្រប់ពេល​ ហើយ​អ្នក​ពិតជា​បាន​លាង​សម្អាត​សក់​របស់​អ្នក​បាន​យ៉ាង​ស្អាត​ បន្ទាប់ពី​កក់សក់​ ឬអប់​សក់​រួច​។
– ការ​កក់សក់​គួរតែ​ធ្វើឡើង​នៅពេល​ព្រឹក​ ឬនៅ​ពេលថ្ងៃ​ មិន​គួរ​ធ្វើ​នៅពេល​យប់​មុន​ចូលគេង​នោះ​ទេ​ ព្រោះ​ពេលយប់​សក់​នឹង​សើម​កាន់តែ​យូរ​ដែល​ជា​ការ​បើកឱកាស​ឱ្យ​អង្គែ​ចូល​មក​ជ្រៀតជ្រែក​បាន​កាន់តែ​ងាយ​។
– អ្នក​គួរតែ​ឆ្លៀតពេល​ថែរក្សា​សក់​តាម​បែប​ធម្មជាតិ​ខ្លះ​ ដូចជា​ ការ​កក់សក់​បន្ថែម​ភាព​ភ្លឺរលោង​ដោយ​ខ្ទះ​ដូង​ ឬការ​កម្ចាត់​អង្គែ​ដោយ​ទឹកក្រូច​សើច​ក្នុង​មួយ​អាទិត្យ​ម្តង​ ឬពីរ​ដង​ជាដើម​។
– ពាក់មួក​ការពារ​សក់​របស់​អ្នក​គ្រប់ពេល​ដែល​អ្នក​ចេញទៅ​ខាងក្រៅ​ ដើម្បី​ការពារ​សក់​របស់​អ្នក​ពី​កម្តៅថ្ងៃ​ និង​ពី​ធូលី​ដី​ដែល​មាននៅ​ក្នុង​បរិ​យា​កាស​ ព្រោះ​វា​អាច​បំផ្លាញ​សោភ័ណភាព​សក់​របស់​អ្នក​បាន​។
– កាត់បន្ថយ​ការ​កិប​ គាប​ ឬអ៊ុតសក់​ខ្លះ​ បើ​អាច​ទៅរួច​។
– ស្វែងរក​ការ​ព្យា​បាល​ផ្សេង​ៗ នៅពេល​ដែល​អ្នក​សង្កេតឃើញ​ថា​ សក់​របស់​អ្នក​ហាក់​កំពុង​ធ្លាក់​ក្នុង​សភា​ពយាប់​យ៉ឺន​។
– សាកសួរ​អ្នកជំនាញ​អំពី​របៀប​នៃ​ការ​ថែរក្សា​សក់​ បើ​អ្នកជា​មនុស្សម្នាក់​ដែល​ចូលចិត្ត​លេង​ម៉ូដ​សក់​ ឬលេង​ពណ៌​សក់​៕

Advertisement