ធ្លាប់​ដឹង​ទេ​ផ្លែ​ល្ពៅ​ពិតជា​ជួយការ​ពារ​ជំងឺមហារីក​ស្បែក​?

ជាទូទៅ​គេ​ស្គាល់​ថា​ ល្ពៅ​ គឺជា​រុក្ខជាតិ​បន្លែ​ដែល​យើង​អាចយ​កម​កទទួលទាន​ តាមរយៈ​ការ​ចម្អិន​ជា​ម្ហូបអាហារ​គ្រប់រូប​បែប​ចាប់តាំងពី​ត្រួយ​របស់​វា​ឡើង​។ ជាមួយគ្នា​នេះ​ដែរ​ សាច់​ពណ៌លឿង​របស់​ល្ពៅ​ សម្បូរទៅដោយ​សារជាតិ​ បេតា​ខា​រ៉ូ​ទីន​ ដែល​រាងកាយ​យើង​យក​ទៅ​បំ​លែង​ជា​វីតាមីន​ A ហើយ​សារធាតុ​មួយ​នេះ​ក៏បាន​ជួយ​បន្ថយ​ឱកាស​នៃ​ការ​កើតរោគ​មហារីក​បាន​យ៉ាង​ល្អ​ទៀតផង​។ ផ្លែ​ល្ពៅ​ ក៏​សម្បូរទៅដោយ​ប្រភេទ​វីតាមីន​ជាច្រើន​ទៀត​ដូចជា​ កាល់ស្យូម​ ផូស្វ័រ​ ជាតិ​ដែក​ វីតាមីន​ B1​ B2​ និង​វីតាមីន​ C រួម​ទាំង​កាក​សរសៃ​អាហារ​ដ៏​មានប្រយោជន៍​ចំពោះ​សុខភាព​ទៀតផង​។

ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​ស្បែក​របស់​អ្នក​បាន​ប៉ះពាល់​ជាមួយនឹង​ពន្លឺ​ព្រះអាទិត្យ​ ធូលី​ដី​ និង​សារជាតិ​ពុល​ជាប្រចាំ​ដែល​អាច​បណ្តាល​ឱ្យ​អ្នក​ប្រឈម​នឹង​ហានិភ័យ​នៃ​ជំងឺមហារីក​ស្បែក​បាន​។ប៉ុន្តែ​ គ្រាប់​ និង​សាច់​របស់​ផ្លែ​ល្ពៅ​ ត្រូវ​បាន​អ្នក​វិទ្យាសាស្ត្រ​រក​ឃើញថា​ អាច​ជួយការ​ពារ​ស្បែក​របស់​អ្នក​បាន​ ដោយ​ការ​ទទួលទាន​ផ្លែ​ល្ពៅ​ទាំង​ឆៅ​ក៏បាន​។ បើ​យោង​តាម​ការស្រាវជ្រាវ​របស់​អ្នក​វិទ្យាសាស្ត្រ​បាន​បញ្ជាក់​ថា​ គ្រាប់​ និង​សាច់​ល្ពៅ​មាន​ផ្ទុក​នូវ​សារធាតុ​ខ្លាញ់​ឆ្អែត​អូ​មេ​ហ្កា​ 3 ដែល​អាច​ជួយការ​ពារ​ និង​ជួសជុល​កោសិកា​ ស្បែក​បាន​យ៉ាង​ល្អ​ទៀតផង​។ មិន​តែប៉ុណ្ណោះ​ទេ​ វា​បាន​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​ និង​បង្ក្រាប​រាល់​បញ្ហា​ ដែល​ប៉ះពាល់​ដល់​ប្រព័ន្ធ​ភាពស៊ាំ​ផង​ដែរ​។

យ៉ាងណាមិញ​ ផ្លែ​ល្ពៅ​ ត្រូវ​បាន​គេ​ចាត់​ចូល​ក្នុង​ក្រុម​អាហារ​ប្រភេទ​ខ្លាញ់​ឆ្អែត​ល្អ​ ដែល​អាច​ជួយ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ខ្ពស់​ ទប់ទល់​នឹង​រ៉ាឌីកាល់​សេរី​ ដែល​បង្ក​ការបំផ្លាញ​ ឬធ្វើ​ឱ្យ​មាន​ការខូចខាត​ដល់​ម៉ូលេគុល​នៅក្នុង​កោសិកា​ ក៏​ដូច​ជា​រួមចំណែក​ក្នុង​ដំណើរការ​នៃ​ភាព​ចាស់​តាម​វ័យ​ ជាពិសេស​ជំងឺមហារីក​ស្បែក​។ សារធាតុ​ខ្លាញ់​នេះ​គឺ​វា​មានប្រយោជន៍​ខ្លាំង​ណាស់​ចំពោះ​ការ​អភិវឌ្ឍ​ ឬការ​រីក​លូតលាស់​នៃ​កោសិកា​ដ៏​រឹងមាំ​។

មួយវិញទៀត​ ផ្លែ​ល្ពៅ​ក៏​មាន​នូវ​បណ្ដុំ​នៃ​វីតាមីន​ C អាច​ជួយ​បង្កើន​ប្រព័ន្ធ​ភាពស៊ាំ​ប្រឆាំង​នឹង​មេរោគ​ផ្តាសាយ​ទូទៅ​ ក៏ដូចជា​ធ្វើ​ឱ្យ​ស្បែក​ភ្លឺរលោង​ផង​ដែរ​។ ស្ត្រី​ដែល​ទទួលទាន​អាហារ​សម្បូរទៅដោយ​វីតាមីន​ C ត្រូវ​បាន​គេ​អះអាង​ថា​ អាច​ជួយការ​ពារ​ស្នាម​ជ្រីវជ្រួញ​ និង​បញ្ហា​ស្បែក​ស្ងួត​បាន​យ៉ាង​ល្អ​ប្រសើរ​។ អ្នក​ដែល​បរិភោគ​អាហារ​មានកម្រិត​វីតាមីន​ C មាន​អនុភាព​ក្នុង​ការកាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​មហា​រីក​ស្បែក​ និង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ទៀតផង​។ ដោយសារតែ​ផ្លែ​ល្ពៅ​មាន​អត្ថ​ប្រ​យោជន៍​ដ៏​អស្ចារ្យ​យ៉ាងនេះ​ហើយ​ ទើប​ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​ណែនាំ​ឱ្យ​គ្រប់គ្នា​ព្យាយាម​ទទួលទាន​ផ្លែ​ល្ពៅ​ ជារបប​អាហារ​ឱ្យ​បាន​ញឹក​ញាប់​ ដើម្បី​ទទួល​បាន​អត្ថ​ប្រយោជន៍​យ៉ាង​បរិបូរ​ចំពោះ​សុខភាព​រាងកាយ​ និង​ការពារ​ជំងឺ​អាក្រក់​ផ្សេង​ៗ៕

Advertisement