អាការ​ប្រតិកម្ម​ចាញ់​ញើស និង​វិធី​ការពារ​ហានិភ័យ​នៃ​ជំងឺ​ស្បែក

អាការ​ប្រតិកម្ម​ចាញ់​ញើស​ គឺជា​អាការ​ជំងឺ​នៃ​រោគ​សើស្បែក​ ដែល​បាន​បង្ហាញ​រោគសញ្ញា​ចេញ​មក​ឱ្យ​ឃើញ​នៅក្នុង​សភាព​ដូចជា​ ឡើង​កន្ទួល​ ពងបែក​ រមាស់​ និង​មាន​ផ្ទាំង​កន្ទួល​ក្រហម​ដូច​នៅ​លើ​រាងកាយ​។ វា​កើតឡើង​បាន​ដោយសារ​បញ្ហា​នៃ​ការហាត់ប្រាណ​ ការ​ធ្វើការ​ក្រោម​កម្ដៅថ្ងៃ​ខ្លាំង​ ដែល​បង្ក​ឱ្យ​កើតមាន​បញ្ហា​នៅ​លើ​ស្បែក​នៅពេល​ដែល​រាងកាយ​របស់​អ្នក​បែកញើស​ខ្លាំង​។

បើ​តាម​គ្រូពេទ្យ​ជំនាញ​បានឱ្យ​ដឹង​ថា​ អាការ​ប្រតិកម្ម​ចាញ់​ញើស​ គឺជា​អាការរោគ​សើស្បែក​មួយ​ប្រភេទ​ ដែល​អាច​កើត​ចេញពី​បញ្ហា​តំណពូជ​ និង​ពាក់ព័ន្ធ​ជាមួយ​ប្រព័ន្ធ​ភាពស៊ាំ​នៃ​រាងកាយ​ ដែល​ហុច​ផល​ឱ្យ​រាងកាយ​មាន​សភាព​ខុសប្រក្រតី​ ដូចជា​ ក្ដៅខ្លួន​ខណៈ​ពេល​ដែល​ញើស​បញ្ចេញ​មក​ច្រើន​ ធ្វើ​ឱ្យ​ក្រពេញ​ញើស​ងាយ​បញ្ចេញ​ញើស​មក​ក្រៅ​ ធ្វើ​ឱ្យ​បរិវេណ​រន្ធញើស​បញ្ចេញ​ញើស​ច្រើន​ និង​កើត​អាការ​រមាស់​ ពងបែក​ និង​ឡើង​កន្ទួល​ ឬមាន​កន្ទួល​ជា​បន្ទះ​ពណ៌ក្រហម​ជាដើម​។ អ្នកជំងឺ​ដែល​កើត​អាការរោគ​ប្រភេទ​នេះ​ អាច​នឹង​មាន​រោគសញ្ញា​គួរ​ឱ្យ​កត់សម្គាល់​មួយចំនួន​ ដែល​កើតឡើង​នៅ​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​ ឬឆ្លង​ពី​សមាជិក​ក្នុង​គ្រួសារ​ដែល​មាន​រោគសញ្ញា​ពី​ជំងឺ​ដូចជា​ គ្រុនផ្ដាសាយ​ធំ​ គ្រុន​ប្រតិកម្ម​ទឹកភ្លៀង​ ឬលំអង​ទឹកភ្លៀង​ ជំងឺហឺត​ រហូត​ធ្វើ​ឱ្យ​អ្នកជំងឺ​កើតមាន​បញ្ហា​ផ្នែក​បន្ទោបង់​ មាន​ប្រតិកម្ម​ស្បែក​នៅពេល​ហាត់ប្រាណ​ និង​ធ្វើការ​ក្រោម​កម្ដៅថ្ងៃ​ខ្លាំង​។
គ្រូពេទ្យ​ជំនាញ​បាន​ប្រាប់​បន្ដ​ទៀត​ថា​ អាការ​ប្រតិកម្ម​ចាញ់​ញើស​ ក៏​មាន​រោគសញ្ញា​ដែល​អាច​កត់សម្គាល់​បាន​យ៉ាង​ងាយ​បំផុត​មួយទៀត​គឺ​ ស្បែក​ឡើង​កន្ទួល​រមាស់​ពេញ​រាងកាយ​។
ចំពោះ​កុមារ​អាយុ​ពី2ខែ​ ទៅ2ឆ្នាំ​ តែង​កើតមាន​កន្ទួល​រមាស់​លើ​ស្បែក​ផ្នែក​បរិវេណ​ថ្ពាល់​ ស្បែក​មុខ​ ដែល​ជា​បរិវេណ​ស្បែក​មាន​សភាព​ខ្ចី​ ហើយ​ធ្វើ​ឱ្យ​ស្បែក​កុមារ​ឡើងក្រហម​តែម្ដង​។ កុមារ​ ឬទារក​ខ្លះ​ មានស្នាម​ពង​គ្រាប់​ពណ៌ស​ជា​ខ្សែ​ៗ ដាម​នៅ​លើ​ស្បែក​ត្រង់​បរិវេណ​ក្បែរ​ប្រអប់មាត់​ ដែល​ភាគ​ច្រើន​ហៅថា​ “ចាញ់​ទឹកដោះ​ ឬស្រែង​ទឹកដោះ​”​។ចៀសវាង​ការ​ព្យាបាល​ដោយខ្លួនឯង​ ឬប្រើ​វិធីសាស្ត្រ​តាម​ទំនៀម​ទំ​លាប់​នៅផ្ទះ​ ព្រោះ​អាច​កាន់​តែ​ហុច​ផល​អាក្រក់​ដល់​ក្មេង​ថែមទៀត​។ គប្បី​នាំ​កុមារ​ទៅ​មន្ទីរពេទ្យ​ ដើម្បី​ធ្វើការ​ព្យាបាល​ឱ្យ​បាន​ត្រឹមត្រូវ​។
ចំពោះ​កុមារ​អាយុ​ 4ឆ្នាំ​ ទៅ10ឆ្នាំ​ តែង​កើតមាន​ស្នាមរលាក​នៅ​តាម​បរិវេណ​គន្លាក់ដៃ​ជើង​និង​កែងដៃ​ ព្រមទាំង​ជង្គង់​ ដែល​ខ្លះ​មាន​សភាព​ជា​លក្ខណៈ​រោល​រមាស់​ ខ្លះ​ឡើង​បន្ទះ​កន្ទួល​ៗ និង​មាន​ពងបែក​។ អាការ​បែបនេះ​ បាន​ធ្វើ​ឱ្យ​ស្បែក​កុមារ​រមាស់​ខ្លះ​ ហើយ​កាលណា​កាន់តែ​កេះ​ ឬអេះ​វា​ នោះ​វា​កាន់តែ​ធ្វើ​ឱ្យ​ស្បែក​រោល​រលាក​កាន់តែ​ខ្លាំង​ឡើង​។ អ្នក​គួរតែ​នាំ​កូន​ទៅ​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ​សើស្បែក​ ដើម្បី​ព្យាបាល​ឱ្យ​បាន​ត្រឹមត្រូវ​ និង​បាន​ទាន់ពេល​វេលា​។ ចំពោះ​កុមារ​អាយុ12ឆ្នាំ​ឡើង​ទៅ​ ភាគច្រើន​គឺ​មាន​អាការ​ស្បែក​ស្ងួត​ រលាក​ ហើយ​រមាស់​ មាន​កន្ទួល​នៅ​លើ​រន្ធ​រោម​ ឡើង​គ្រាប់​ៗពណ៌ខ្មៅ​លើ​រន្ធ​រោម​ដែល​មិន​រមាស់​ តែ​ក្រហាយ​ស្បែក​ ហើយ​ស្បែក​ភាយ​កម្ដៅ​តិច​ៗ។ អាការ​ទាំងអស់​នេះ​អាច​ព្យាបាល​ជាសះស្បើយ​ និង​មិន​ឆ្លង​ទៅកាន់​មនុស្ស​ធំ​បាន​ឡើយ​ តែ​អាច​ចម្លង​ទៅកាន់​ទារក​ ឬក្មេង​ដូចគ្នា​បាន​។
បើ​ទោះជាយ៉ាងណា​ក៏ដោយ​ យើង​អាច​ការពារ​ស្បែក​ និង​កាត់បន្ថយ​ភាព​គ្រោះថ្នាក់​នៃ​ជំងឺ​នេះ​បាន​ ដោយ​អនុវត្ត​តាមវិធី​សា​ស្ដ្រមួយ​ចំនួន​ដូច​ខាងក្រោម​នេះ​៖
1. ចៀសវាង​ពី​អាកាសធាតុ​ ឬបរិយាកាស​ដែល​មាន​សីតុណ្ហភាព​ក្ដៅ​ អ្នក​អាច​កាត់បន្ថយ​កម្តៅ​ និង​ការ​បែកញើស​ដោយ​ងូតទឹក​ ឬនៅ​ក្នុង​បន្ទប់​ ហើយ​បើក​ម៉ាស៊ីន​ត្រជាក់​ឱ្យ​ត្រជាក់​ខ្លាំង​។
2. មិន​គួរ​គិត​ច្រើន​ ដែល​បណ្ដាល​ឱ្យ​សម្រាក​មិន​គ្រប់គ្រាន់​ ជាហេតុ​ធ្វើ​ឱ្យ​ស្បែក​ងាយ​ប្រតិកម្ម​ខុសប្រក្រតី​។
3. សម្អាត​កន្លែង​គេ​ និង​សម្ភារ​ប្រើប្រាស់​ប្រចាំថ្ងៃ​ ដូចជា​ ភួយ​ ខ្នើយ​ កន្ទេល​ ពូក​ ម៉ុង​ ដោយ​ការ​សម្លាប់​មេរោគ​។
4. ឧស្សាហ៍​ងូតទឹក​សម្អាត​រាងកាយ​ជាប្រចាំ​ ខណៈ​ពេល​ដែល​បែកញើស​ខ្លាំង​ ឬប្រើ​កន្សែង​ស្អាត​ជ្រលក់​ទឹក​ជូត​ខ្លួន​សម្អាត​ញើស​ចេញពី​រាងកាយ​ជាដើម​។
5. លាបថ្នាំ​ព្យាបាល​អាការ​រមាស់​ តាម​វេជ្ជបញ្ជា​ឱ្យ​បាន​ទៀងពេល​ ឬទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​សើស្បែក​។ ប្រសិនបើ​មាន​អាការ​រមាស់​ខ្លាំង​មិន​ត្រូវ​ប្រើប្រាស់​ថ្នាំ​ដោយខ្លួនឯង​នោះ​ទេ​ ជាពិសេស​ នៅពេល​សម្គាល់​ឃើញថា​ ស្បែក​មាន​ប្រតិកម្ម​ជាមួយ​ថ្នាំ​ ត្រូវ​ប្រញាប់​សួរ​គ្រូពេទ្យ​ ដើម្បី​ប្ដូរ​ថ្នាំ​ជាបន្ទាន់​៕

Advertisement