ហេតុ​អី​បានជា​យើង​ចាក់ក្រឡេក​ខ្លួនឯង​មិន​រសើប?

ធ្លាប់​នឹក​ឆ្ងល់​ដែរ​ ឬទេ​ថា​ ហេតុ​អី​បាន​ពេល​យើង​ប៉ះ​ខ្លួនឯង​ មាន​អារម្មណ៍​មិន​ដូច​អ្នក​ផ្សេង​គេ​ប៉ះ​យើង​? នេះ​ជា​មូលហេតុ​មួយ​ដែល​ធ្វើ​ឱ្យ​យើង​មាន​អារម្មណ៍​សប្បាយ​ស្រួលខ្លួន​នៅពេល​មាន​អ្នក​មក​ធ្វើ​ម៉ាស្សា​ច្របាច់​ឱ្យ​យើង​ និង​ជា​មូលហេតុ​ដែល​ធ្វើ​ឱ្យ​យើង​មិន​អាច​រសើប​ដោយខ្លួនឯង​បាន​។

Rebecca​ Bohme​ អ្នក​ប្រព័ន្ធ​ប្រសាទ​វិទ្យា​នៃ​មហាវិទ្យាល័យ​ Linkoping​ ក្នុង​ប្រទេស​ស៊ុយ​អែដ​ បាន​បញ្ជាក់​ថា​ “នៅពេល​យើង​ប៉ះពាល់​ខ្លួនឯង​ អវយវៈ​ជាច្រើន​ផ្នែក​របស់​រាងកាយ​យើង​នឹង​បន្ថយ​កិច្ចការ​ងារ​ផ្សេង​ៗដែល​កំពុង​ធ្វើ​”។
ខណៈ​ពេល​ជាមួយគ្នា​ ការ​ប៉ះពាល់​ពី​អ្នកដទៃ​ជា​ការ​ធ្វើ​ឱ្យ​ខួរក្បាល​របស់​យើង​ជំរុញ​ប្រព័ន្ធ​ប្រសាទ​ប៉ះពាល់​របស់​យើង​ខ្លាំង​ជាង​។
ការ​ប៉ះពាល់​ពី​អ្នកដទៃ​ ប្រៀប​ដូចជា​ការ​ទំនាក់ទំនង​គ្នា​រវាង​យើង​ជាមួយ​អ្នក​ម្ខាងទៀត​ មិនថា​ការ​ទាមទារ​ចំណាប់​អារម្មណ៍​ ផ្ដល់​ការ​គាំទ្រ​ ឬជា​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់​នោះ​ទេ​ ការ​ប៉ះពាល់​នី​មួយ​ៗសុទ្ធតែ​មាន​ភាព​ពិសេស​ ដែល​ប្រព័ន្ធ​ប្រសាទ​ប៉ះពាល់​របស់​យើង​អាច​ញែក​បាន​យ៉ាង​លម្អិត​ ដូច្នេះហើយ​ទើប​ខួរក្បាល​របស់​យើង​អាច​កាត់បន្ថយ​ការ​ផ្ដល់​ភាព​សំខាន់​ជាមួយ​ការ​ប៉ះពាល់​ពី​យើង​ខ្លួនឯង​បាន​នោះ​។
“ទោះបីជា​មានការ​ប៉ះពាល់​ពី​អ្នកដទៃ​នៅ​ក្នុង​ចំណុច​តែមួយ​ ក្នុង​លក្ខណៈ​ដូចគ្នា​ តែ​ខួរក្បាល​អាច​ញែក​ដាច់​បាន​យ៉ាង​លម្អិត​ថា​ ការ​ប៉ះពាល់​នី​មួយ​ៗខុសប្លែក​ពីគ្នា​ ឬការ​ប៉ះពាល់​ណា​សំខាន់​ជាង​ ដោយ​ខួរក្បាល​នឹង​ផ្ដល់​ភាព​សំខាន់​ជាមួយ​ការ​ប៉ះពាល់​ពី​អ្នកដទៃ​ខ្លាំង​ជាង​ការ​ប៉ះពាល់​ពី​ខ្លួនឯង​”។
ខួរក្បាល​ និង​ការ​ចាក់ក្រឡេក​ខ្លួនឯង​
ខណៈ​ពេល​ជាមួយគ្នា​ នៅពេល​ខួរក្បាល​ជា​អ្នកបញ្ជា​ថា​ ការ​ប៉ះពាល់​ណា​ដែល​សំខាន់​តិច​ សំខាន់​ខ្លាំង​នោះ​ តើ​ពេល​ខួរក្បាល​មិន​ប្រក្រតី​ ដូច​ជា​អ្នក​កើតជំងឺ​វិកលចរិត​(ឆ្កួត​) តើ​គេ​អាច​ចាក់ក្រឡេក​ខ្លួនឯង​ឱ្យ​រសើប​បានសម្រេច​ឬទេ​? តាមរយៈ​របាយការណ៍​សិក្សា​ស្រាវជ្រាវ​ជាច្រើន​បាន​រក​ឃើញថា​ អ្នកជំងឺ​ដែល​មាន​បញ្ហា​ខាង​ការ​ធ្វើការងារ​របស់​ខួរក្បាល​(ឆ្កួត​ ឬឡប់ស្មារតី​) អាច​ចាក់ក្រឡេក​ខ្លួនឯង​ឱ្យ​រសើប​បាន​ ព្រោះ​ខួរក្បាល​មិន​អាច​ញែក​ភាព​សំខាន់​របស់​ការ​ប៉ះ​ពាល់​ម្ដង​ៗនោះ​បាន​ឡើយ​ រួម​ទាំង​រូបភាព​ស្រមើ​ស្រ​មៃ​ផ្សេង​ៗដែល​អ្នកជំងឺ​វិកលចរិត​បានឃើញ​ បានដឹង​ រហូត​ដល់​មិន​អាច​ញែក​ដាច់​រវាង​រឿង​ដែល​នឹក​ឡើង​ដោយឯកឯង​ និង​រឿង​ដែល​កើតឡើង​ពិត​បាន​ទៀតផង​។
ទោះជា​យើង​មិន​អាច​ចាក់ក្រឡេក​ខ្លួនឯង​ឱ្យ​រសើប​បាន​ក៏ដោយ​ តែ​យើង​អាច​បាន​ទទួលការ​ប៉ះពាល់​ពី​អ្នកដទៃ​បាន​ និង​មាន​អារម្មណ៍​ពិសេស​ខ្លាំង​ជាង​ការ​ប៉ះពាល់​ខ្លួនឯង​ទៅទៀត​ មិនថា​តែ​ការ​ចាប់ដៃ​ ឱប​ អង្អែល​ក្បាល​ឡើយ​… ដូច្នេះ​ កុំ​ភ្លេច​ផ្ដល់​ការ​ប៉ះពាល់​ដ៏​សែន​ពិសេស​ទាំងនេះ​ទៅ​មនុស្ស​ដែល​អ្នក​ស្រឡាញ់​ផង​ណា៎​៕

Advertisement