ទៅលេងប្រទេស Montenegro សំដឹលកាយនាឆ្នេរ Adriatic

កាលពី8​-10ឆ្នាំមុន​ អ្នកទេសចរ​និយម​នាំគ្នា​ទៅ​គេង​សំ​ដឹ​លកាយ​នៅ​ឯឆ្នេរសមុទ្រ​ អេ​ឌ្រៀ​ទិ​ក នៅក្នុង​ប្រទេស​ ក្រូអាត​ តែ​ពេលនេះ​ មើលទៅ​ហាក់ដូចជា​អ្នកទេសចរ​ចាប់ផ្តើម​ប្តូរ​គោលដៅ​ហើយ​ ព្រោះ​មួយ​រយៈ​ក្រោយនេះ​ពួកគេ​បាន​នាំគ្នា​ខិតចេញ​ពីទី​ក្រុង​ល្បីឈ្មោះ​ Drobrovnik​ ឆ្លង​ប្រទេស​ទៅ​រក​កន្លែង​សំ​ដឹល​កាយ​ហាលថ្ងៃ​នៅ​ឯប្រទេស​ ម៉ុន​តេនេ​ហ្រ្គោ​ កាន់តែ​ច្រើនឡើង​ម្តង​វិញ​ តែ​ក៏​នៅតែ​ជា​ឆ្នេរ​របស់​សមុទ្រ​ អេ​ឌ្រៀ​ទិ​ក ដដែល​។ តែ​អ្វី​ដែល​ផ្លាស់​ប្តូរ​នោះ​គឺ​ បរិយាកាស​នៃ​ធម្មជាតិ​ ព្រោះ​ម៉ុន​តេនេ​ហ្រ្គោ​ មាន​ទីក្រុង​ឆ្នេរសមុទ្រ​ដ៏​គួរ​ឱ្យ​ស្រឡាញ់​ និង​គួរ​ឱ្យ​ស្នាក់នៅ​ល្អ​ជាង​ប្រទេស​ក្រូអាត​ហ្នឹងឯង​។

ក្រៅពី​នេះ​នៅ​មាន​ទីក្រុង​ ប៊ុ​ដវ៉ា​(Budva​) ដែល​ជា​កន្លែង​ “Hot​ Spot​” សម្រាប់​អ្នក​និយម​ពន្លឺថ្ងៃ​ដ៏​ចែងចាំង​ ព្រោះ​ក្នុង​ទីក្រុង​នេះ​មាន​ឆ្នេរសមុទ្រ​ឱ្យ​ជ្រើសរើស​គេង​សំ​ដឹល​ថ្ងៃ​ដល់ទៅ​ 35​កន្លែង​ឯណោះ​ ដូច្នេះហើយ​ទើប​នៅក្នុង​ឆ្នាំ2019​ នេះ​ ម៉ុន​តេនេ​ហ្រ្គោ​ស្ថិតនៅ​ក្នុង​ចំណុច​ចាប់អារម្មណ៍​របស់​អ្នកទេសចរ​ដែល​គ្មាន​នរណា​ម្នាក់​ចង់​ខកខាន​ឡើយ​។

កន្លែង​ដ៏​ល្បីល្បាញ​របស់​ ម៉ុន​តេនេ​ហ្រ្គោ​ គឺ​អ្នកទេសចរ​ត្រូវ​ឡើង​កាំជណ្តើរ​ចំនួន​ 1,300កាំ​ដើម្បី​ទៅលេង​ប៉ម​យាម​ការពារ​ទីក្រុង​ Kotor​ និង​ទស្សនា​ទេសភាព​បែប​ ផា​ណូ​រ៉ា​ម៉ា​ ដ៏​ស្រស់​ត្រកាល​ជាប់ចិត្ត​ និង​ចំណុច​មួយទៀត​ដែល​ហាម​ខកខាន​ជាដាច់ខាត​ពេល​ទៅដល់​ ម៉ុន​តេនេ​ហ្រ្គោ​ នោះ​គឺ​ ទីប្រជុំជន​ ស្វេ​ទី​ ស្តេ​ហ្វា​ន (Sveti​ Stefan​) ដែល​កាលពីដើម​ជា​ភូមិ​អ្នកនេសាទ​ តែ​បច្ចុប្បន្ន​នេះ​បាន​ក្លាយទៅជា​សណ្ឋាគារ​ និង​រី​សត​លំដាប់​ផ្កាយ6​ ដែល​អ្នកទេសចរ​ណា​មួយ​ក៏​និយាយ​ដែរ​ថា​ ទេសភាព​នៅ​ទីកន្លែង​នោះ​វា​ប្រៀប​ដូចជា​និមិត្តសញ្ញា​របស់​ប្រទេស​ ម៉ុន​តេនេ​ហ្រ្គោ​ ទៅ​ហើយ​…៕

Advertisement