វិធី​កាត់បន្ថយការទទួល​ទាន​អាហារដើម្បី​រូបរាង​ស្រ​ឡូ​ន​ស្អាត

ជំងឺ​ធាត់​គឺជា​បញ្ហា​ចម្បង​មួយ​ដែល​ស្ត្រី​ភាគ​ច្រើន​មិន​ចង់​ជួបប្រទះ​ ព្រោះថា​បើសិនជា​កើតមាន​លើ​ខ្លួន​ នោះ​នឹង​ធ្វើ​ឱ្យ​បាត់បង់​ទំនុកចិត្ត​ក្នុង​ការ​បង្ហាញ​រូបរាង​ដ៏​ស្រស់​ស្អាត​ទៅកាន់​មនុស្ស​នៅ​ជុំវិញ​ខ្លួន​បានឃើញ​ជាក់ជា​មិនខាន​។ ជា​រឿយ​ៗ ឡា​រ៉ែ​ន ធ្លាប់​បាន​ជម្រាប​ជូន​ជាច្រើន​ដង​រួចមក​ហើយ​ថា​ ការ​តម​អាហារ​ដែល​មិន​ត្រឹមត្រូវ​ (មិន​ញ៉ាំ​) មិនបាន​ផ្តល់​លទ្ធផល​ល្អ​នោះ​ទេ​ ផ្ទុយ​មក​វិញ​ប្រសិនបើ​អ្នកចេះ​ពីរ​បៀ​បរ​បបនៃ​ការ​តម​ ក៏​ដូចជា​កាត់បន្ថយ​ការ​ទទួលទាន​វិញ​នោះ​ អ្នក​ពិតជា​បានឃើញ​ពី​លទ្ធផលជាក់​ច្បាស់​គួរ​ជាទី​ពេញចិត្ត​ជាមិនខាន​។ គ្រានេះ​ គឺជា​ពេលវេលា​ដ៏​ស័ក្ដិសម​បំផុត​សម្រាប់​អ្នក​ដែល​និយាយ​ពាក្យ​ថា​ “លាហើយ​ចំពោះ​សម្លៀកបំពាក់​ធំ​” ដែល​អ្នក​ធ្លាប់​ពាក់​កាលពី​ពេល​កន្លងទៅ​។

កាត់ចោល​ខ្លះ​​ : អ្នក​ពិតជា​មិន​អាច​កាត់បន្ថយ​បរិមាណ​នៃ​កាឡូរី​ក្នុង​រាងកាយ​បានទេ​ ប្រសិនបើ​អ្នក​មិន​ធ្វើការ​ផ្លាស់​ប្តូរ​អ្វី​សោះ​នោះ​។ ការកាត់បន្ថយ​បរិមាណ​នៃ​ការ​ទទួលទាន​អាហារ​មិនបាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​នោះ​ទេ​ ប៉ុន្តែ​វា​អាច​ជួយ​ឱ្យ​អ្នក​ស្រក​ទម្ងន់​បាន​ខ្លះ​តាមរយៈ​ការ​ថយ​ចុះ​នៃ​ចំនួន​កាឡូរី​។ អ្នក​អាច​មាន​អារម្មណ៍​ថា​ឆាប់​ហេវ​នៅពេល​ដែល​អ្នក​ញ៉ាំ​តិច​ជាង​មុន​ ដូច្នេះ​នៅពេល​អ្នក​ហេវ​អ្នក​ក៏អាច​ញ៉ាំ​ម្តង​ទៀត​បាន​នៅក្នុង​ចន្លោះ​អាហារ​ទាំង3ពេល​របស់​អ្នក​(ម៉ោង​ 9-10ព្រឹក​ និង​ម៉ោង​ 3-4 រសៀល​)។ ផ្លែឈើ​គឺជា​អាហារ​ល្អ​បំផុត​សម្រាប់​បំពេញ​ចំណង់​អាហារ​នៅពេល​អ្នកមាន​អារម្មណ៍​ថា​ហេវ​។

ចែក​អាហារ​ដែល​នៅសល់​ឱ្យ​តូចជាង​មុន​ : បើ​ដឹងខ្លួន​ថា​ អ្នកជា​មនុស្ស​ដែល​ចូលចិត្ត​បង្ហើយ​អាហារ​ដែល​នៅសល់​នោះ​ អ្នក​គួរតែ​ឆ្លាតវៃ​ក្នុង​ការ​ធ្វើ​យ៉ាងណា​ឱ្យ​អាហារ​របស់​អ្នកមើល​ទៅ​នៅ​សល់​តិច​ជាង​មុន​។ ខ្ចប់​ដាក់​ថង់​ឬដាក់​ចាន​ផ្សេង​គ្នា​ហើយ​យក​ទៅ​ទុក​កន្លែង​ផ្សេង​ដើម្បី​កុំឱ្យ​ឃើញ​ហើយ​ចេះតែ​នៅ​មិនសុខ​។ បង្ហើយ​តែ​អាហារ​ដែល​នៅក្នុង​ចាន​ដែល​អ្នក​បានឃើញ​ទៅ​បាន​ហើយ​។

ទម្លាប់​ទទួលទាន​បន្លែ​ : គ្រប់ពេល​អាហារ​ដែល​តែងតែមាន​អវត្តមាន​បន្លែ​ជាប់​ជានិច្ច​គឺជា​រឿង​ល្អ​បំផុត​។ នៅពេល​ដែល​អ្នកទទួល​ទាន​ បន្លែ​បាន​ច្រើន​នោះ​ ការ​ដាក់បញ្ចូល​អាហារ​ដែល​សម្បូរទៅដោយ​ជាតិ​ខ្លាញ់​មួយចំនួន​នឹង​ត្រូវ​បាន​កាត់បន្ថយ​។

ចេះ​ឃាត់ចិត្ត​ខ្លួនឯង​ : ការ​តាំងចិត្ត​ជា​រឿង​សំខាន់​ នៅពេល​ដែល​អ្នក​អាច​គ្រប់គ្រង​អារម្មណ៍​នៃ​ចំណង់​អាហារ​របស់​អ្នក​បាន​ នោះ​អ្នក​ពិតជា​អាច​ឈាន​ទៅ​រក​ភាព​ជោគជ័យ​បាន​ជាក់ជា​មិនខាន​។

កុំ​អាង​មាន​លុយ​ ​: មនុស្ស​មួយចំនួន​មិនដែល​ខ្វល់​ពី​អ្វី​នោះ​ទេ​ ឱ្យ​តែ​នឹក​ឃ្លាន​ អ្វី​ក៏​តម្រង់​ទៅ​រក​ទិញ​ភ្លាម​ព្រោះ​អាង​ថា​ លុយ​មាន​មិន​ខ្វះ​ប៉ុន្តែ​សូម​កុំ​ភ្លេច​ឱ្យ​សោះ​ណា​ថា​ ការដែល​ទទួលទាន​មិន​គិត​នេះ​ហើយ​ ដែល​ធ្វើ​ឱ្យ​ទម្ងន់​របស់​អ្នក​ឡើង​ស្រឺត​ៗដោយ​មិនដឹង​ខ្លួន​៕

Advertisement