តើក្រែមលាបមាត់អាចជួយអ្វីខ្លះដល់បបូរមាត់របស់អ្នក?

អត្ថ​ប្រយោជន៍​របស់​ក្រែមលាបមាត់
បបូរមាត់​ក្រហម​ស្អាត​ទាក់ទាញ​ មាន​រាង​សម​ ព្រម​ជាមួយនឹង​ទម្រង់​មុខ​បង្ហាញ​ពី​ភាព​សិច​ស៊ី​ គួរ​ជាទី​ចាប់អារម្មណ៍​ពីសំណាក់​អ្នកផង​ទាំងពួង​គឺជា​បំណងប្រាថ្នា​របស់​នារី​គ្រប់រូប​។ ចង់ឱ្យ​មន្ត​-ស្នេហ៍​របស់​អ្នក​កាន់តែ​កើនឡើង​ អ្នក​ត្រូវតែ​ចេះ​ធ្វើការ​បន្ថែមបន្ថយ​លើ​ចំណុច​ដែល​លើស​ ឬខ្វះ​ ដើម្បី​ទទួល​បាន​ភាព​ស័ក្តិសម​យ៉ាង​ពិតប្រាកដ​។ ដូចដែល​អ្នកដឹង​ហើយ​ថា​ ក្រែមលាបមាត់​អាច​ជួយ​ឱ្យ​បបូរមាត់​របស់​អ្នកមាន​ពណ៌​ស្រស់​ស្អាត​ទៅតាម​ចំណូលចិត្ត​ ជួយ​កាត់បន្ថយ​ និង​បិទបាំង​ស្នាម​ប្រះ​បែក​នៅ​លើ​បបូរមាត់​ ហើយ​ក្រៅ​ពីនេះ​ ការ​លាប​ក្រែម​នៅ​លើ​បបូរមាត់​ក៏អាច​ជួយ​កែ​ទ្រង់ទ្រាយ​របស់​បបូរមាត់​អ្នក​ឱ្យ​មើលទៅ​កាន់តែ​ស្រស់​ស្អាត​ផង​ដែរ​។
បបូរមាត់​ស្តើង​
មិត្ត​អ្នកអាន​ដឹង​ទេ​ថា​ ប្រសិនបើ​អ្នកជា​នារី​ម្នាក់​ដែល​មាន​បបូរ​មាត់​ស្តើង​ ហើយ​ចង់​កែ​ឱ្យ​វា​មើលទៅ​ស្អាត​សម​ល្មម​នោះ​ ក្រែម​អាច​ជួយ​អ្នក​បាន​ ដោយ​ការប្រើ​ខ្មៅដៃ​គូស​បបូរមាត់​ គូស​ឱ្យ​លើស​បបូរមាត់​ពិត​បន្តិច​ ហើយ​អ្នក​ត្រូវ​លាប​ក្រែម​ពណ៌​ខ្ចី​ ដូចជា​ ពណ៌​ផ្កាឈូក​ខ្ចី​ ហើយ​ត្រូវ​យក​ក្រែម​ពណ៌​ផ្លែ​ប៉ែ​ស (រាង​ក្រហម​) មក​លាប​ពីលើ​ម្តង​ទៀត​ ព្រោះ​វា​នឹង​ជួយ​ឱ្យ​បបូរមាត់​របស់​អ្នកមើល​ទៅ​មិន​សូវ​ស្តើង​ ហើយ​មាន​ភាព​ស្រស់​ស្អាត​ថែមទៀត​ផង​។ សូម​ចៀសវាង​លាប​ក្រែម​ពណ៌​ចាស់​ៗ ព្រោះ​វា​នឹង​ធ្វើ​ឱ្យ​បបូរមាត់​របស់​អ្នកមើល​ទៅកាន់​តែ​ស្តើង​ជាង​មុន​។
បបូរមាត់​ក្រាស់
សម្រាប់​អ្នក​ដែល​មាន​បបូរមាត់​ក្រាស់​វិញ​ក៏អាច​កាត់បន្ថយ​ភាព​ក្រាស់​នេះ​បាន​ ដោយ​ការ​គូស​រឹម​មាត់​ឱ្យ​ជិត​ខ្សែ​ខាងក្នុង​របស់​បបូរមាត់​ពិត​ ដើម្បី​ឱ្យ​មើលទៅ​មិនសូវ​ក្រាស់​ ហើយ​អ្នក​ត្រូវ​លាប​ក្រែម​បបូរមាត់​ផ្នែក​កណ្តាល​ ដោយ​ពណ៌​មិន​ឆើត​ និង​មិន​ចាស់​ពេក​។ អ្នក​គួរ​ចៀសវាង​ការប្រើ​ប្រាស់​ក្រែម​ប្រភេទ​ណា​ដែល​រលោង​ ឬផ្លេក​ៗខ្លាំងពេក​ ព្រោះ​វា​នឹង​ធ្វើ​ឱ្យ​មាត់​របស់​អ្នក​ក្រាស់​ជាមុន​។
បបូរមាត់​ធ្លាក់​
ចំពោះ​បបូរមាត់​ដែល​មាន​សភាព​ធ្លាក់​យារ​ចុះក្រោម​ ត្រូវ​គូស​បបូរមាត់​ខាងក្រោម​ឱ្យ​វែង​ឡើង​ លើស​ពី​រង្វះមាត់​បន្តិច​ រួច​អ្នក​ត្រូវ​គូស​បបូរមាត់​ខាងលើ​ឱ្យ​ចុង​ខ្សែ​ជិត​គ្នា​។ បន្ទាប់ពី​នោះ​ អ្នក​ត្រូវ​លាប​ក្រែម​មួយ​ជាន់​ទៀត​។ បើ​អ្នកជា​នារី​ដែល​មាន​បបូរមាត់​ផ្នែក​ខាងលើ​ជា​ខ្សែ​ត្រង់​ ដូច្នេះ​អ្នក​ត្រូវ​គូស​បបូរមាត់​របស់​អ្នក​ឱ្យ​ចេញ​ជា​រាងកោង​ឡើង​ទៅលើ​ ដោយ​ប្រើ​ខ្មៅដៃ​គូស​ជា​រាង​អក្សរ​ V លើ​បបូរមាត់​ បរិវេណ​ក្រោម​ច្រមុះ​ជាមុន​សិន​ រួច​ទើប​គូស​បបូរមាត់​ និង​លាប​ក្រែម​បបូរមាត់​តាមធម្មតា​។
បបូរមាត់​ស្លេក​
ក្នុងករណី​ដែល​បបូរមាត់​របស់​អ្នកមាន​រាង​ស្អាត​ល្មម​ហើយ​ តែ​វា​បែរជា​មាន​ពណ៌​ស្រគាំ​វិញ​នោះ​ អ្នក​គួរ​កែខៃ​ដោយ​ការ​លាបម្សៅ​ហុយ​ឱ្យ​សព្វ​លើ​បបូរមាត់​ មុននឹង​លាប​ក្រែម​បបូរមាត់​ ព្រោះ​វា​នឹង​ជួយ​ឱ្យ​ក្រែម​លាប​បបូរមាត់​ជាប់​បាន​យូរ​ ព្រមទាំង​មាន​ពណ៌​រំលេច​ស្រស់​ស្អាត​ជានិច្ច​៕

Advertisement