បន្ថែមភាពជឿជាក់ដល់ខ្លួនឯង មុនចេញទៅចូលរួមកម្មវិធី

ប៊ិក​អុី​វេន​ត៍​ (Big​ Event​) ឬឱកាស​ពិសេស​ផ្សេង​ៗ នឹង​លែង​ជា​បញ្ហា​កង្វល់​ចិត្ត​តទៅទៀត​ហើយ​ បើ​អ្នកមាន​ប៊ី​យូ​ធី​ធិប​ស៍​ (Beauty​ Tips​) ល្អ​ៗ សម្រាប់​ទប់ទល់​នឹង​ហេតុការណ៍​ ឬឱកាស​ពិ​សេស​ៗ ខណៈ​ពេល​ដែល​អ្នកដើរ​ចូល​ទៅ​ក្នុង​បល​រូម​ (Ballroom​) ដែល​ពោរពេញ​ដោយ​នា​រីៗ​ ស្អា​តៗ​ជាច្រើន​នោះ​។ យើង​មាន​គន្លឹះ​ល្អ​ៗ 2ចំណុច​ដែល​អ្នក​គួរ​ដឹងមុន​នឹង​ដល់​ថ្ងៃ​ចូលរួម​កម្មវិធី​ ចំណុច​ទីមួយ​ កុំទៅ​ស្រមៃ​ចង់​ធ្វើ​ឱ្យ​ដូច​តារា​បង្ហាញ​ម៉ូដ​នៅក្នុង​ទស្សនាវដ្តី​ ព្រោះ​វា​មើលទៅ​ស្អាត​ឥត​ខ្ចោះ​លើស​ពី​ការពិត​ រហូត​អាច​ធ្វើ​ឱ្យ​អ្នកឯទៀត​មិន​ហ៊ាន​ចូល​ជិត​ និង​ចំណុច​ទី​ 2 គឺ​សាកល្បង​ធ្វើតាម​វិ​ធី​ល្អ​ៗដូច​ខាងក្រោម​នេះ​ ៖
1. ខាត់ស្បែក​ដើម្បី​ភាព​ភ្លឺរលោង​ចែងចាំង
ប្រាកដ​ណាស់​ថា​ រឿង​ដំបូង​ដែល​អ្នកឯទៀត​គេ​ងាក​មកស​ម្លឹង​មើល​អ្នកនោះ​គឺ​ ស្បែក​ដែល​ស្អាត​ស្រស់ថ្លា​ភ្លឺរលោង​ ចូរ​ខាត់ស្បែក​ជា​រាង​រង្វង់​ៗយ៉ាង​ថ្នមដៃ​ទូទាំង​រាងកាយ​មួយ​សប្តាហ៍​ 1-2ដង​ សាកល្បង​ជ្រើសរើស​ប្រើ​ឡេ​ខាត់ស្បែក​ក្លិន​ដែល​អ្នកចូលចិត្ត​ ឬបើ​ចង់បាន​ភាព​ធូរស្រាល​សូម​សាកល្បង​ជ្រើសរើស​យក​ក្លិន​ឡា​វេន​ឌើរ៍​ ក្លិន​ខា​ម៉ូ​ម៉ាយ​ល៍​ ឬក្លិន​មីន​ត៍​ ក៏​ជួយ​ឱ្យ​អ្នកមាន​អារម្មណ៍​ស្រស់ថ្លា​ព្រម​ជាមួយ​នឹង​ការ​ទទួល​បាន​នូវ​ស្បែក​ស្អាត​ស្រស់ថ្លា​ជា​រង្វាន់​ទៀតផង​។
2. កក់សក់​ 1ថ្ងៃមុន​ដល់​ថ្ងៃ​ចូលរួម​កម្មវិធី​
តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​ដឹង​ទេ​ថា​ ពេល​កក់សក់​ហើយ​ថ្មី​ៗ សក់​ច្រើនតែ​ឡើង​សំពោង​ និង​មិនសូវ​ភ្លឺរលោង​រំសាយ​ឡើយ​ ដោយសារតែ​យើង​ទើបតែ​លាង​ជាតិ​ប្រេង​ស្រោប​សរសៃសក់​ចេញ​អស់ហ្នឹង​ឯង​ ដូច្នេះ​ការ​កក់សក់​មួយថ្ងៃ​មុន​ អាច​ជួយ​ឱ្យ​អ្នក​តុបតែង​ម៉ូដ​សក់​បាន​ងាយស្រួល​ និង​ភ្លឺរលោង​ស្អាត​ដូច​ធម្មជាតិ​ តែបើ​សិន​ជា​ភ្លេច​ ឬខកខាន​នោះ​ អាច​ប្រើ​ជំនួយការ​ដូចជា​ប្រេងលាបសក់​ ឬស្រៃ្បយ៍​តែង​ម៉ូដ​សក់​ក៏បាន​។
3. ធ្វើ​ម៉ាស​បិទ​ក្រោម​ភ្នែក​ដោយ​ផ្លែ​ត្រសក់​ត្រ​ជា​ក់ៗ​
ដោយសារតែ​ភាព​ប្រញាប់​ប្រញាប់​ ជួនកាល​អ្នក​អាច​គេង​សម្រាក​មិនបាន​គ្រប់គ្រាន់​ ធ្វើ​ឱ្យ​រង្វង់ភ្នែក​ឡើង​ខ្មៅ​ ស្រអាប់​ និង​ជាំ​ ដូច្នេះ​ចូរ​សាក​-ល្បង​ប្រើ​បន្ទះ​ចំណិត​ត្រសក់​ត្រ​ជា​ក់ៗ​ ឬយក​ត្រសក់​មក​ច្របាច់​យក​ទឹក​ ហើយ​យក​សំឡី​មក​ជ្រលក់​រួច​ត្រាំ​ក្នុងទឹក​កក​ឱ្យ​ត្រជាក់​ មុននឹង​យក​មក​បិទ​ធ្វើជា​ម៉ាស​ពីលើ​កែវភ្នែក​ ជួយ​បន្ធូរបន្ថយ​ភាព​ជាំ​ខ្មៅ​ជុំវិញ​កែវភ្នែក​ ហើយ​ថែមទាំង​ជា​ការសម្រាក​បន្ធូរ​អារម្មណ៍​នឿយហត់​ ដែល​មាន​ពេញមួយថ្ងៃ​មក​ហើយ​នោះ​ទៀតផង​។
4. លាបម្សៅ​ Primer​ មុន​តែង​មុខ​
ដូចដែល​យើង​បាន​ប្រាប់​ហើយ​ ការ​តុបតែង​មុខ​សម្រាប់​ទៅ​ចូល​រួម​ពិធី​អ្វីមួយ​ ត្រឹមតែ​ស្បែក​មុ​ខស្រស់​ៗ មិន​គ្រប់គ្រាន់​ទេ​ ព្រោះ​ណាមួយ​កម្តៅ​ ណាមួយ​បរិស្ថាន​ខ្យល់អាកាស​ផង​ បើសិនជា​ចង់ឱ្យ​ផ្ទៃមុខ​ដ៏​ល្អឥតខ្ចោះ​របស់​អ្នក​នៅ​ដិតជាប់​រហូតដល់​ចប់​កម្មវិធី​នោះ​សូម​សាកល្បង​បន្ថែម​ភាព​រាប​ម៉ដ្ឋ​រលោង​ដល់​ផ្ទៃមុខ​ដោយ​ម្សៅ​ Primer​។
5. ជ្រើសរើស​រវាង​ភ្នែក​ និង​មាត់​
បញ្ហា​មួយ​របស់​នារី​ដែល​ចូលចិត្ត​តុបតែង​បែប​ពេញទំហឹង​ពេល​ទៅ​ចូលរួម​កម្មវិធី​នោះ​គឺ​ ច្រើនតែ​តុបតែង​ពេញទាំង​ផ្ទៃមុខ​ ភ្នែក​ និង​បបូរមាត់​ ដែល​មើលទៅ​ហើយ​ពេលខ្លះ​ក៏​មិនដឹង​ថាត្រូវ​មើល​ពី​ត្រង់​ណា​មុន​នោះ​ឡើយ​… សូម​សាកល្បង​នឹក​ស្រ​ម៉ៃ​ដល់​នារី​ម្នាក់​ ដែល​លាប​ភ្នែក​ពណ៌ខៀវ​ ហើយ​ពេល​មើលចុះ​មក​ក្រោម​ ក៏​ត្រូវ​ភ្ញាក់ព្រើត​ដែល​បបូរមាត់​ពណ៌ក្រហម​ចែស​!… ឥឡូវ​ លោកអ្នក​ប្រហែលជា​ស្រ​ម៉ៃ​ឃើញ​រូបភាព​ដែល​យើង​ចង់​ប្រាប់​ហើយ​មើលទៅ​ ដូច្នេះ​ សូម​ឱ្យ​កញ្ញា​ៗទាំងឡាយ​ចាំ​ឱ្យ​ច្បាស់​ក្នុងចិត្ត​ថា​ ពេល​អ្នក​ត្រូវការ​ឱ្យ​ខ្លួន​អ្នកមើល​ទៅ​ស្អាត​លេចធ្លោ​នោះ​ ចូរ​ជ្រើសរើស​តែមួយ​ចំណុច​នៅ​លើ​ផ្ទៃមុខ​បាន​ហើយ​ នោះ​អ្នក​នឹង​មើលទៅ​ឃើញ​ស្អាត​បែប​មាន​លំដាប់​ជាក់ជា​មិនខាន​៕

Advertisement